(តាកែវ)៖ អភិបាលខេត្តតាកែវ អ៊ូច ភា ប្រាប់ឲ្យអាជ្ញាធរមូលដ្ឋានត្រូវក្ដាប់ឲ្យបានពីប្រជាពលរដ្ឋដែលជួបការលំបាកនៅក្នុងមូលដ្ឋានរបស់ខ្លួន

(តាកែវ)៖ អភិបាលខេត្តតាកែវ បានប្រាប់ទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវឧស្សាហ៍ចុះសួរសុខទុក្ខប្រជាពលរដ្ឋឲ្យដល់ខ្នងផ្ទះ ជាពិសេសត្រូវក្ដាប់ឲ្យបានជាដាច់ខាត ចំពោះប្រជាពលរដ្ឋណាដែលជួបការលំបាក ដើម្បីធ្វើយ៉ាងណាជួយពួកគេអោយបានទាន់ពេលវេលា។

ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមកទទួលអំណោយរបស់រដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ នៅស្រុកព្រៃកប្បាស ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានត្រូវតែក្ដាប់ឲ្យបានពីសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួននិងត្រូវបំរើសេវាសាធារណៈឲ្យបានល្អប្រសើរចំពោះប្រជាពលរដ្ឋ។ នៅពេលដែលប្រជាពលរដ្ឋជួបប្រទះនូវគ្រោះអាសន្នដូចជាភ្លើងឆេះផ្ទះ ខ្យល់កន្រ្តាក់ ខ្វះខាតជីវភាព អាជ្ញាធរមូលដ្ឋានត្រូវចុះជួយពួកគាត់អោយបានលឿនបំផុត ហើយបន្ទាប់មកត្រូវរាយការណ៏មកថ្នាក់លើនិងបើពាក់ព័ន្ធទៅនិងអំណោយគឺត្រូវរាយការណ៏មក អាជ្ញាធរមូលដ្ឋាន ឬសាខាកាកបាទក្រហមកម្ពុជាខេត្ត ឲ្យបានឆាប់ជាទីបំផុត ដើម្បីឲ្យនាំយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្តថា សាខាកាកបាទក្រហមកម្ពុជា គឺបង្កើតឡើងដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលជួបទុក្ខលំបាកនៅផ្នែកជីវភាព ក្រខ្សត់ ចាស់ជរា ស្រ្តីមេម៉ាយទីទាល់ក្រ និងពលរដ្ឋដែលងាយរងគ្រោះ និងគ្រោះមហន្តរាយធម្មជាតិនានា ជាពិសេសគឺមិនឲ្យនរណាម្នាក់ស្លាប់ដោយសារតែអត់អាហារនោះឡើយ ដូច្នោះអាជ្ញាធរមូលដ្ឋានត្រូវក្ដាប់ឲ្យបានចំពោះប្រជាពលរដ្ឋទីទ័រក្រនៅក្នុងមូលដ្ឋានរបស់ខ្លួន ។

ឯកឧត្តម អ៊ូច ភា បន្ថែមថា ការជួយដល់ប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាត និងស្ថិតក្នុងស្ថានភាពទីទ័លក្រពិតប្រាកដ វាជាការជួយចំគោលដៅរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិតិ្តព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ហើយវាជាការជួយដោះស្រាយការលំបាក និងដោះទុក្ខលើជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ ប៉ុន្តែបញ្ហាទាំងអស់នេះ វាទាមទារឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការរាយការណ៏ឲ្យច្បាស់អំពីចំនួនគ្រួសារក្រីក្រពិតប្រាកដនៅក្នុងមូលដ្ឋានរបស់ខ្លួន បើយើងដឹងច្បាស់ពីគ្រួសារដែលជួបការខ្វះខាតពិតប្រាកដហើយ យើងនិងជួយពួកគាត់បានចំគោលដៅជាក់ជាពុំខាន ។

សូមបញ្ជាក់ដែរថា គ្រួសារទីទ័លក្រដែលមកទទួលអំណោ យរួមមាន៖ ប្រជាពលរដ្ឋ ៣៥គ្រួសារ មកពីឃុំបាស្រែ ស្រុកអង្គរបូរី ក្នុងនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានសង់ផ្ទះមួយខ្នងជញ្ជាំង នឹងប្រក់សង្ក័សី ៣,៥ គុណ ៥ សម្ភារៈមួយចំនួនធំ ជូនអ៊ុំស្រី ពេជ ហ៊ឺ រស់នៅភូមិឃុំខាងលើ ទីទ័លក្ររស់នៅម្នាក់ឯង និងបានឧបត្ថម្ភថវិការមួយចំនួនបន្ថែមទៀតដល់អ្នកមីង សុខ ប៉ាច រស់នៅភូមិឃុំខាងលើ ទីទ័លក្រខ្វះខាតខ្លាំង។ បន្ទាប់ពីបញ្ចប់កម្មវិធីនៅស្រុកអង្គរបូរី នាថ្ងៃខែឆ្នាំដដែល ឯកឧត្តមអភិបាលខេត្ត ក៏បន្តនាំយក អំណោយរបស់ រដ្ឋបាលខេត្ត មកផ្ដល់ជូនគ្រួសារទីទ័លក្រចំនួនជាង ២០គ្រួសារ រស់នៅឃុំស្នោ និងឃុំព្រៃល្វា ស្ថិតនៅស្រុកព្រៃកប្បាសផងដែរ ៕ (SN-ស្នា)