សម្តេចតេជោ ហ៊ុន សែន៖ «នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺសូមធានាច្បាស់ថា កម្ពុជានឹងបន្តរស់នៅក្នុងម្លប់សន្តិភាពដ៏យូរអង្វែង ដែលជាបំណងប្រាថ្នារបស់ប្រទេសជាតិយើងទាំងមូល»

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ តាមរយៈ Facebook សម្តេចបានធានាអះអាងប្រាប់បងប្អូនជនរួមជាតិទាំងអស់ថា ក្រោមការដឹកនាំរបស់សម្តេច កម្ពុជានឹងបន្តរស់នៅក្រោមម្លប់សន្តិភាពយូរអង្វែងតទៅមុខទៀត ដើម្បីឲ្យប្រទេសជាតិដែលធ្លាប់តែកម្សត់មួយនេះ អាចបន្តអភិវឌ្ឍន៍រីកចម្រើនកាន់តែខ្លាំងក្លាឡើងថែមទៀត។

ជាមួយការបង្ហោះរូបថត១សន្លឹករំលឹកពីអតីតកាល របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនជូនរួមជាតិ រួមគ្នាទប់ស្កាត់កុំឲ្យកើតមានឡើងជាថ្មីទៀត នូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ ដែលកម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែតឆ្អន់ហើយនោះ។

លើសពីនេះទៅទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ និងមានជំនឿជឿជាក់ លើការខិតខំប្រឹងប្រែងរបស់បងប្អូនជនរួមជាតិ និងការចូលរួមដ៏សកម្មពីវិស័យឯកជន ដែលបានកែប្រែជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែល្អប្រសើរ ព្រមទាំងបានជួយពង្រឹងដល់ខឿនសេដ្ឋកិច្ចជាតិរឹងមាំថែមទៀត។

តាមរយៈ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «អរុណសួស្តី បងប្អូនជនរួមជាតិ។ មើលរូបថតខ្ញុំ និងភរិយា គឺមិនគួរឲ្យជឿថា កម្ពុជាយើងបានរីកចម្រើនលឿនមកដល់ដំណាក់កាលនេះ! យើងលំបាកវេទនាខ្លាំងណាស់​ ទម្រាំបានឆ្លងរួចផុតពីសង្រ្គាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

យើងឃើញស្រាប់នឹងភ្នែកហើយ សំណង់អាគារទាបខ្ពស់តូចធំ ផ្លូវថ្នល់ខ្វាត់ខ្វែង ស្ពានអាកាស និងរោងចក្រ សាលារៀន មន្ទីរពេទ្យ បូរី សណ្ឋាគារ និងផ្សារទំនើប…កំពុងកើតឡើងយ៉ាងច្រើនបន្តបន្ទាប់ នៅក្នុងប្រទេស។ កម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែត ដោយសារសង្រ្គាម និងរបបប្រល័យពូជសាសន៍ ដូច្នេះយើងត្រូវតែទប់ស្កាត់មិនឲ្យកើតមានឡើងសារជាថ្មីទៀតឡើយ។

ខ្ញុំសប្បាយចិត្ត និងមានជំនឿជឿជាក់ លើការខិតខំប្រឹងប្រែងរបស់បងប្អូន និងការចូលរួមដ៏សកម្មពីវិស័យឯកជន ដែលបានកែប្រែជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែល្អប្រសើរ ព្រមទាំងបានជួយពង្រឹងដល់ខឿនសេដ្ឋកិច្ចជាតិ រឹងមាំទៀតផង។

នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺសូមធានាច្បាស់ថា កម្ពុជានឹងបន្តរស់នៅក្នុងម្លប់សន្តិភាពដ៏យូរអង្វែង ដែលជាបំណងប្រាថ្នារបស់ប្រទេសជាតិយើងទាំងមូល។ ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និង សំណាងល្អ!»៕