រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ អញ្ជើញសម្ពោធរូបសំណាក់លោកព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន វីរសិល្បករចាប៉ីដងវែង នៃប្រទេសកម្ពុជា

(តាកែវ) ៖ រូបបដិមា វីរសិល្បករចាប៉ីដងវែង ព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន ដែលចំណាយថវិការផ្ទាល់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្សី អស់ ៣៥០០ដុល្លារ ត្រូវបានធ្វើពិធីសម្ពោធនាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅវត្តសម៉វត្តី ភូមិសម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។

សូមជំរាបថា ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បាញល្បីរបស់កម្ពុជា លោកតា ប្រាជ្ញ ឈួន បានទទួល មរណភាពនៅម៉ោងប្រមាណ ១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងជន្មាយុ៨២ឆ្នាំ ដោយជរាពាធ។

លោក​តាចាប់​កំណើត​នៅ​ខែ​តុលា ​ឆ្នាំ​១៩៣៦ ​ជា​កូន​ពៅ​ក្នុង​គ្រួសារ​កសិករ​ ដែល​មាន​កូន​ប្រាំ​មួយ​នាក់​នៅ​ភូមិ​ត្រពាំង​កក់ ​ឃុំខ្វាវ​ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ។ លោក​តាបានចាប់​ផ្តើម​រៀន​ចាប៉ី​នៅ​អាយុ​៩​ឆ្នាំ ​ពី​ឪពុកមាខាង​ឪពុក​ម្នាក់​ឈ្មោះ ​ប៉ែត ឌុប​ ឬហៅថា​ តាចង្កូមប្រាំបី។

លោក​តា ប្រាជ្ញ ឈួន គឺជា​កូន​សិស្ស​របស់​លោក​សង្ឃ​ព្រះ​នាម​ អេត សែន ក្នុង​វត្ត​ប្រមរ។​ ព្រះ​សង្ឃ​បាន​បង្ហាត់​បង្រៀន​បាលី​ ចម្រៀង ​កំណាព្យ​ និង​រឿង​និទាន​អក្សរ​សិល្ប៍​ផ្សេងៗ​ដល់​រូប​លោក​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​សម្បូរវោហារ​ និង​ចេះ​ដឹង​ផ្នែក​អក្សរ​សាស្ដ្រ​បាន​ច្រើន។​

ក្រោយពី​រៀន​ចេះ​វិជ្ជា​ដេញ​ចាប៉ី​ដងវែង​ហើយ ​ទស្សនិក​ជន​ដំបូង​របស់​លោក​ គឺ​អ្នករួម​ស្រុក​ទាំង​ឡាយ។​ លោកតា ​ប្រាជ្ញ ឈួន​ ​ជា​អ្នក​ចម្រៀង​ចាប៉ី​ដែល​មាន​សំឡេង​ធំ​មូល​ក្រអួន ​ប្រកប​ដោយ​ទឹក​ដម​ និង​ភាព​ប៉ិន​ប្រសព្វណាស់។​

ក្រោយ​មក​នៅ​ឆ្នាំ​១៩៦២ ​លោក​បាន​ចូល​រួម​ «ការ​ប្រឡង​ប្រជែង​ដើម្បី​ជ្រើសរើស​អ្នក​ចេះ​ដឹង​ផ្នែក​ចាប៉ី​ដង​វែង» ​របស់​វិទ្យុ​ជាតិ​ ហើយ​ក៏​បាន​ឈ្នះ​ការ​ប្រកួត​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ ក្នុង​ចំណោម​អ្នក​ចូលរួម​ទាំង​២០​នាក់។​

ចាប់​តាំងពី​ពេល​នោះ​មក ​លោក​តាក៏​ចាប់​ផ្តើម​ច្រៀង​ដាក់​វិទ្យុ​ជាតិ​នៅ​ឯ​ភ្នំពេញ។​ ខ្លឹម​សារ​នៃ​ចម្រៀង ​គឺ​ត្រូវ​បាន​កំណត់​ដោយ​ចាងហ្វាង​វិទ្យុ​ ដែល​ក្នុង​នោះ​ច្រើនតែ​ទាក់ទង​នឹង​ប្រវត្តិ​សាស្រ្ត ​នយោបាយ ​និង​អ្នក​ល្បីៗ​ជា​ច្រើន​នៅ​ក្នុង​សហ​ប្រជាជាតិ។

ក្រោយ​ពី​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ទៅ ​នៅ​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​១៩៧៩​ លោកតា ​ប្រាជ្ញ ឈួន បាន​ចាប់​ផ្តើម​អាជីព​ជា​អ្នក​ច្រៀង​ចាប៉ី​ឡើង​វិញ។​ លោកតា បាន​ត្រឡប់​មក​ភ្នំពេញ ​និង​បាន​ច្រៀង​នៅ​កម្ម​វិធី​វិទ្យុជាតិ​កម្ពុជា។​ ក្រៅ​ពី​នោះ​ លោក​ក៏​បាន​ទទួល​ការ​អញ្ជើញ ​ឲ្យ​ទៅ​ច្រៀង​ក្នុង​កម្មវិធី​ផ្សេងៗ​ទៀតផង​ដែរ។​

គួរជំរាបដែរថា ​ព្រឹទ្ធាចារ្យភិរម្យវោហារប្រាជ្ញឈួន ​មាន​កូន​ចំនួន​៥​នាក់​ ក្នុង​នោះ​មាន៣​នាក់​ ដែល​រស់​នៅ​ជាមួយ​គាត់។​ មួយ​ជីវិត​របស់​លោក​កាន់​ដង​ចាប៉ី​ជា​ប្រចាំ។ ​ដោយ​សារ​ភាព​ល្បី​ល្បាញ​របស់​គាត់ លោកតា​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​ច្រៀង​នៅ​តាម​ខេត្ត និង​រាជធានី​មួយ​ចំនួន​ដូច​ជា ​ខេត្ត​រតនគីរី ​មណ្ឌលគីរី ​ឧត្តរមានជ័យ ​និង​រាជធានី​ភ្នំពេញ​ជាដើម។​

លើសពី​នេះ​ទៅ​ទៀត ​លោក​តា​ក៏​ធ្លាប់​ទៅ​បញ្ចេញ​សំនៀង​ នៅ​ឯ​បរទេស​ផង​ដែរ​ ដូចជា​នៅ​សហ​រដ្ឋ​អាមេរិក​២​ដង ​ប្រទេស​បារាំង​បាន​៣​ដង​ និង​ទៅ​ប្រទេស​សឹង្ហ​បុរីបាន​ម្តង។​ ចម្រៀងរបស់លោកតាតា ​មាន​ជា​កំប្លែង​ខ្លះ​ ហើយ​ភាគ​ច្រើន​គឺ​ផ្តល់​ជា​ការ​អប់រំ។​ លោក​តាចូលចិត្ត​ច្រៀង​រៀបរាប់​ច្បាប់​ស្រី ​ហើយ​លោក​តា​ចេះ​ច្រៀង​ច្បាប់​ក្រម​ង៉ុយ​ដល់​ទៅ​៤​ច្បាប់។ ​មិនតែ​ប៉ុណ្ណោះ ​លោកតានៅ​ចេះ​តែង​បទ​ចម្រៀង​ភ្លាមៗ ​ស្រប​ពេល​នឹង​កំពុង​ច្រៀង​ទៀត​ផង ​ហើយ​ឃ្លា​ឃ្លោង​ក៏​ជួន​គ្នា​បាន​ល្អ​ទៀត៕