បុរសដែលបើករថយន្តបាញ់២គ្រាប់ នៅក្បែរភូមិគ្រឹះអគ្គស្នងការនគរបាលជាតិ មានមុខងារជាមេធាវី, មូលហេតុបាញ់ព្រោះខឹងមិត្តភក្តិបង្អាប់ ពេលកំពុងផឹកស៊ី

(ភ្នំពេញ)៖ បុរសម្នាក់បានបាញ់ចំនួន២គ្រាប់ នៅក្បែរភូមិគ្រឹះអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ស្ថិតនៅមុខពហុកីឡដ្ឋានអូឡាំពិក ក្នុងសង្កាត់វាលវល់ ខណ្ឌ៧មករា នាយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណហើយ ដោយបុរសរូបនោះមានឈ្មោះ អិត ពិសិដ្ឋរង្សី អាយុ៣៥ឆ្នាំ មុខរបរ មេធាវី និងមានលំនៅឋាន នៅផ្ទះលេខ៥៨៣ ផ្លូវលេខ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យ ដែលបាញ់មេឃ២គ្រាប់នេះ បានបញ្ជាក់ថា មុនកើតហេតុរូបគេបានចេញពីហូបការ រួចជិះរថយន្តរបស់ខ្លួន ម៉ាក Lexus 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8254 តែម្នាក់ឯង មកផឹកបន្តជាមួយមិត្តភក្តិ នៅចំណុចកើតហេតុ ផ្លូវលេខ២១១ កែងផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ក្រោយមកក៏មានការបង្អាប់គ្នាជាមួយមិត្តិភក្តិទៅវិញទៅមក ដោយទ្រាំនឹងពាក្យបង្អាប់របស់មិត្តភក្តិមិនបាន ជនសង្ស័យបានដកកាំភ្លើងរបស់ខ្លួន ម៉ាក GLOCK បាញ់ទៅលើចំនួន២គ្រាប់ តែមិនបណ្តាលឲ្យត្រូវនរណានោះទេ។

ក្រោយធ្វើសកម្មភាពបាញ់ចំនួន២គ្រាប់រួច ជនសង្ស័យជាមេធាវី កាន់អាវុធរូបនេះ ត្រូវបានកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌ៧មករា នាំខ្លួនទៅសួរនាំតាមនីតិវិធី៕ប្រភព Freshnews

បុរសម្នាក់ដែលបាញ់ចំនួន២គ្រាប់ នៅក្បែរភូមិគ្រឹះអគ្គស្នងការនគរបាលជាតិ