សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន

ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា គ.ស ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌និងទេសចរណ៍ចិន។

ក្នុងជំនួបនោះ លោក ឡ ស៊ូកាងបានសំដែងនូវការអបអរសាទរចំពោះសម្តេចតេជោដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកន្លងមក។លោកបានមានប្រសាសន៍ថាក្នុងជំនួបរវាងសម្ដេចជាមួយនឹងឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង គឺបានចង្អុលនូវផ្លូវដ៏ត្រឹមត្រូវសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរដោយឡែកក្នុងជំនួបជាមួយនឹង ឯកឧត្តម លី ខឺឈាំងនិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួននោះគឺអនុវត្តទៅតាមការចង្អុលបង្ហាញដ៏ត្រឹមត្រូវរបស់ប្រធានាធបតី ស៊ី ជិនពីង។លោកបានបន្តថាដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះជាណាចក្រកម្ពុជាពេលនេះគឺតាមការអនុញ្ញាតពីឯកឧត្តម ស៊ី ជិនពីងក៏ដូចជា ឯកឧត្តម លី​ ខឺឈាំងដើម្បីប្រកាសនៅឆ្នាំវប្បធម៌និងទេសចរណ៍រវាង ចិន និងកម្ពុជាក្នុងន័យនេះដែរលោកក៏បានគោរពជំរាបរាយការណ៍ជូនសម្ដេចថាលោកនឹងធ្វើការជាមួយនឹងឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏ដូចជាលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ ដើម្បីរៀបចំនូវសកម្មភាពផ្សេងៗសម្រាប់ឆ្នាំវប្បធម៌និងទេសចរណ៍យើងឆ្នាំ២០១៩ នេះដែលរួមមានទាំងការរៀបចំឲ្យមានរបាំនិងសកម្មភាពផ្សេងៗទៀត ។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណនិងសម្ដែងនូវការគាំទ្រចំពោះការរៀបចំរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងលោក ជំ ទាវ​ ក្រសួងវប្បធម៌កម្ពុជា។សម្ដេចតេជោក៏បានចង្អុលបង្ហាញថាគប្បីធ្វើយ៉ាងណាឲ្យឆ្នាំទេសចរណ៍និងវប្បធម៌យើង២០១៩នេះអោយមានភាពរស់រវើកហើយលើសពីនោះទៅទៀតសូមពិនិត្យមើលទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរដែលមានតាំងពីអតីតកាលក៏ដូចជាទំនាក់ទំនងដែលមានចរិកជាប្រវត្តិសាស្ត្រនេះ៕