ក្រុមហ៊ុន​ចិន​ ចាប់ផ្តើម​ទាក់ទង​កម្ពុជា​អំពី​តម្លៃ​ និង​ការ​នាំ​អង្ករ​ចេញ

ភ្នំពេញ ៖ បន្ទាប់ពី​ចិន​ បាន​ប្រកាស​ទិញ​អង្ករ​កម្ពុជា​ចំនួន​ ៤០​ម៉ឺន​តោន ក្នុង​ឆ្នាំ​២០១៩​នេះ អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ ​មាន​ក្រុមហ៊ុន​ចិន​ជាច្រើន​ហើយ ​សុំ​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា ​អំពី​ការ​ទិញ​អង្ករ​ពី ​ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​របស់​ខ្លួន​។

លោក មូល សា​រិទ្ធី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩​ថា មាន​ក្រុមហ៊ុន​ចិន​មក​ជា​បណ្តើរ​ៗ​ហើយ​ ក្រោយ​សម្តេច​នាយក​​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ថា នាយករដ្ឋមន្ត្រី​ចិន​ផ្តល់​កូតា​កើន​ឡើង​ជាង​មុន ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ចិន​នានា ​មក​ទាក់ទង ​ដើម្បី​សួរនាំ​អំពី​តម្លៃ និង​ប្រភេទ​អង្ករ​ផ្សេងៗ​ជាដើម​។

ទន្ទឹម​នឹង​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​ក៏​នឹង​រៀបចំ​ធ្វើ​ការងារ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​ពង្រឹង​ផលិតកម្ម​តាំងពី​មូលដ្ឋាន​ជាមួយ​សហគមន៍​កសិករ ជាមួយ​រោង​ម៉ាស៊ីន ​និង​អ្នក​នាំចេញ​ជាដើម ដើម្បី​សម្រុក​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​ ឲ្យ​បាន​ច្រើន ព្រោះថា​ប្រភេទ​អង្ករ​ដែល​ភាគី​ចិន​ចង់បាន ​គឺជា​ប្រភេទ​អង្ករ​សែន​ក្រអូប និង​អង្ករ​ក្រអូប​ប្រណិត​។

ក្នុង​ឱកាស​នេះ លោក សារិទ្ធី បាន​អបអរសាទរ និង​គាំទ្រ​លើ​ការប្រកាស​ផ្តល់​កូតា​ទិញ​អង្ករ​ពី​កម្ពុជា​បន្ថែម​របស់​ភាគី​ចិន ខណៈ​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ ចិន​ជា​អតិថិជន​ទី​២ បន្ទាប់ពី​សហភាព​អឺរ៉ុប​ដែល​ទិញ​អង្ករ​កម្ពុជា​ច្រើន​ជាងគេ​ ដែល​មាន​ចំនួន​ជាង​ ១៧​ម៉ឺន​តោន​។ ដូច្នេះ​លោក​សង្ឃឹម​ទៀត​ថា ការ​នាំ​អង្ករ​ទៅ​ទីផ្សារ​ចិន​ នឹង​បន្ត​កើន​ឡើង​ទៀត​ នៅ​ឆ្នាំ​២០១៩​នេះ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ដោយឡែក របស់​ភាគី​សហភាព​អឺរ៉ុប​ប្រកាស​គិត​ពន្ធ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា​ចាប់ពី​ពេល​នេះ​តទៅ លោក​អគ្គលេខាធិការ​បា​ន​លើកឡើង​ថា នេះ​ជា​បន្ទុក​អ្នក​បរិភោគ​របស់​សហ​គមន៍​អឺរ៉ុប​ក្នុង​ប្រទេស​ចំនួន​២៨ ប៉ុន្តែ​ទោះជា​យ៉ាងណា​អង្ករ​កម្ពុជា​ នៅតែ​ពិនិត្យមើល​អំពី​ទីផ្សារ​ផ្សេង​ទៀត ដូចជា​ប្រទេស​ចិន​ជាដើម​។

លោក ឡុង កែម​វិចិត្រ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ នៅតែ​អះអាង​ថា ទោះបីជា​មានការ​យកពន្ធ​អង្ករ​ពី​កម្ពុជា​ក្តី គឺ​កម្ពុជា​ឈរ​នៅតែ​លើ​គោលការណ៍​ឯករាជ្យ គឺ​ការ​ពង្រឹង​​​ឯករាជ្យ​ភាព​ជាតិ អធិបតីភាព​ជាតិ​ ក្នុងនាម​ពាណិជ្ជកម្ម​។ កម្ពុជា​នឹង​លែង​សុំ​ឬ​តវ៉ា​អ្វី​ទៀត​ទេ ប៉ុន្តែ​តំបន់​ពាណិជ្ជកម្ម​ស៊េរី​ក៏​ខុស​ពីមុន​ដែរ មានន័យថា​ អាស៊ាន​បូក​នឹង​ប្រទេស​ចំនួន​០៦​ផ្សេងទៀត រួមមាន​ប្រទេស​ជប៉ុន ចិន កូរ៉េ អូស្ត្រាលី ញ៉ូ​សា​ឡែ​ន និង​ឥណ្ឌា ដើម្បី​ពង្រីក​ទីផ្សារ​នាំចេញ​៕