ប្រទះ​ឃើញ​កូនផ្សោត​ទន្លេមេគង្គ​ដែល​ទើបកើតថ្មី​ជា​លើកដំបូង នៅ​ឆ្នាំ​នេះ

ក្រចេះ ៖ ក្រុម​អ្នក​ចម្លង​ទូក​ទេសចរណ៍​មើល​សត្វ​ផ្សោត​ កាលពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៩ បាន​ប្រទះ​ឃើញ​កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​ក្នុង​អន្លង់​ផ្សោត​កាំ​ពី ក្នុង​ភូមិ​កាំពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ។ ការណ៍​នេះ ត្រូវបាន​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ (WWF-Cambodia) ហៅថា ជាការ​ប្រទះឃើញ​ជាលើកដំបូង​នៅដើមឆ្នាំ​២០១៩។ នេះបើតាម​ការចុះផ្សាយ​របស់​អង្គការ WWF-Cambodia នៅព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៩។

ក្រោយ​ប្រទះ​ឃើញ​កូនផ្សោត​នេះ ក្រុម​អ្នក​ចម្លង​ទូក​ទេសចរណ៍ ​បាន​រាយ​ការណ៍​ជូន​លោក ស្រី​ ស៊ីថា​ ជា​មន្ត្រី​ប៉ូ​លីស​ទេស​ចរណ៍​ ប្រចាំ​ការ​នៅ​រម​ណីយដ្ឋាន​អន្លង់​ផ្សោត​កាំ​ពី​ បន្ទាប់​មក​លោក​ ស្រី ស៊ី​ថា ក៏​បាន​​ផ្តល់​ព័ត៌​មាន​ជូន​ក្រុម​ការ​ងារ​របស់​អង្គ​ការ​ WWF-កម្ពុជា ប្រចាំ​ខេត្ត​ក្រចេះ​។

លុះនៅ​​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មករា​ ឆ្នាំ​២០១៩​ ក្រុម​ការងារ​អង្គការ WWF-កម្ពុជា​ បាន​ចុះ​ទៅ​ពិនិត្យ និង​ស្វែងរក​កូនផ្សោត​ទើប​កើតថ្មី​នោះ ហើយ​ក៏​បាន​ប្រទះ​ឃើញ​កូន​ផ្សោត​ទើប​កើត​ថ្មី​នោះ​តែម្តង។ បន្ទាប់​មក ​ក្រុម​ការងារ​ក៏​បាន​ផ្តិត​យក​រូប​ថត​របស់​កូន​ផ្សោត​នោះ​ និង​មេ​របស់​វា​ ព្រម​ទាំង​ធ្វើ​ការ​អង្កេត​ដោយ​ផ្ទាល់​។

តាម​រយៈ​ការអង្កេត​ជាក់ស្តែង​បាន​បង្ហាញ​ថា កូនផ្សោតថ្មី​ ស្ថិតនៅក្នុង​ក្រុមហ្វូង​ផ្សោត​ធំ​ចំនួន​ប្រមាណជា​ ៦​ក្បាល ហើយ​វាគឺ​ជាកូនផ្សោតទីមួយ​ហើយដែល​បាន​កត់ត្រា​ថា​បាន​កើតនៅ​ក្នុងឆ្នាំ ២០១៩ នៅក្នុង​ខែ​មករា​នេះ។

អង្គ​ការ​ WWF-កម្ពុជា បានលើកឡើង​ថា កូន​ផ្សោត​ទើប​កើត​ថ្មី​នេះ បាន​ឆ្លុះ​​បញ្ជាំង​ពី​ភាព​វិជ្ជមាន​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​ក្នុង​ការ​ងារ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ រវាង​អង្គ​ការ​ WWF-កម្ពុជា​ និង​ដៃ​គូ​អភិរក្ស​ដូច​ជា រដ្ឋបាល​ជល​ផល​ នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​បរិស្ថាន​ ក្រសួង​​ទេស​ចរ​ ប្រជា​សហគមន៍​នេសាទ ភ្នាក់​ងារ​ទេស​ចរ​ធម្ម​ជាតិ និង​អាជ្ញាធរ​ថ្នាក់​ខេត្ត ស្រុក​ឃុំ​ និង​វិស័យ​ឯក​ជន​នានា៕