ពិធី​ចាប់​ត្រី ឬ ឡើង​មាឃ នៅ «​បឹង​ត្រពាំង​ក្រំ​» នៅ​ខេត្ត​ត្បូងឃ្មុំ នឹង​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​១០​កុម្ភៈ​!

(​ភ្នំពេញ​)៖ «​បឹង​ត្រពាំង​ក្រំ​» ជា​កន្លែង​នៃ «​ពិធី​ចាប់​ត្រី​» តាមបែប​ប្រពៃណី និង​កម្សាន្ត របស់​ប្រជាពលរដ្ឋ នៅ​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ជា​រៀងរាល់ឆ្នាំ ក្នុង​ខែកុម្ភៈ បងប្អូន​ប្រជាពលរដ្ឋ ក៏បាន​ប្រមូល​ផល​កសិកម្ម​រួចរាល់​អស់ហើយ បន្ទាប់មក ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជាំ​ក្រវៀន តែងតែ​ប្រារព្ធ​ពិធី​មួយ នៅ​រមណីយដ្ឋាន បឹង​ត្រពាំង​ក្រំ ស្ថិតនៅ​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ហៅថា «​ពិធី​ចាប់​ត្រី​»​។ នៅ​ឆ្នាំនេះ ពិធី​ចាប់​ត្រី នឹងធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​ជួបជុំ ចុះ​ចាត់​ត្រី​ក្នុង​បឹង​តែម្តង​។​
​លោក​មេឃុំ​ជាំ​ក្រវៀន បានចេញ​សេចក្តីជូនដំណឹង អំពាវនាវ​ដល់​មន្ត្រីរាជកា​រ ប្រជាពលរដ្ឋ​ក្នុង​ឃុំ និង​អ្នកភូមិ​ជិតខាង ត្រូវ​រៀបចំខ្លួន ដើម្បី​ចូលរួម​ក្នុង​ពិធី​ចាប់​ត្រី​សាមគ្គី នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខនេះ ឲ្យ​បាន​កុះករ​។​
​លោក អ៊ុច យឿន មេឃុំ​ជាំ​ក្រវៀន បាន​បញ្ជាក់ថា ពិធី​ចាប់​ត្រី​នេះ គឺជា​ទំនៀមទម្លាប់​តាំងពី​បុរាណ​មក ឯ​អ្នកភូមិ​ក៏​តែង​ធ្វើ​តៗ​គ្នា​ជា​រៀងរាល់ឆ្នាំ​រៀងមក ហើយ​ពិធី​នេះ​ក៏​ភ្ជាប់​ទៅនឹង​ការ​សែនព្រេន ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី​ផងដែរ​។​
​លោក​បន្តថា ការ​ប្រារព្ធ​ពិធី​ចាប់​ត្រី​នេះ​ធ្វើឡើង ក្នុង​គោលបំណង​ដើម្បី​កំសាន្ដ​ផង និង​ចង់​ឲ្យ​មានការ​សាមគ្គី​គ្នា​រវាង​អ្នកភូមិ​និង​អ្នកភូមិផង ដើម្បី​បង្កើត​ភាព​ស្និទ​ស្នាល ព្រមទាំង​មានការ​យោគយល់​គ្នា​ជាដើម​។​
​លោក​ក៏បាន​បញ្ជាក់ដែរថា ទោះ​សម័យ​វិទ្យាសាស្ត្រ​ទំនើប ហើយ​ពិធី​ចាប់​ត្រី​នេះ​ត្រូវ​បើកចំហរ​ជូន​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​អាច​ចុះ​នេសាទ​ត្រី​បាន​ក៏ពិតមែន ប៉ុន្តែ​អាជ្ញាធរ​បាន​ហាមឃាត់​ដាច់ខាត មិនឱ្យ​មានការ​ប្រើ​ឧបករណ៍​ចាប់​ត្រី​ខុសច្បាប់ ដូចជា​ឆក់ និង​ខ្សែភ្លើង ឬក៏​អូស​អួន​នោះឡើយ ហើយ​ឧបករណ៍​ដែល​អនុញ្ញាត​ឱ្យប្រើ​បាន មានដូចជា អង្រុត ឈ្នាង ឆ្នុក ត្រក និង​ក្អុះ តែប៉ុណ្ណោះ​។​
​សេចក្តីជូនដំណឹង​រប​ស់មេ​ឃុំ​ជាំ​ក្រវៀន បង្ហាញថា កម្ម​ពិធី​ចាប់​ត្រី​នេះ នឹងធ្វើ​ឡើង ៣​ថ្ងៃ ដោយ​ចាប់ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ភ្ញៀវ និង​អ្នកភូមិ ត្រូវ​មកជួប​ជុំគ្នា នៅវេលា​ម៉ោង​៧:៣០​នាទី​ព្រឹក ដើម្បី​ដើរលេង​កំសាន្ត ព្រមទាំង​ទស្សនា​ទេសភាព ដែល​ស្ថិតនៅ​ជុំវិញ «​បឹង​ត្រពាំង​ក្រំ​» ដែលជា​កេរ្តិ៍ដំណែល​ពី​បុរាណ ដូចជា ថ្ម​តា​ជ្រូក ដី​ពណ៌​ឈាម ក្បាល​តា​ជក តា​ព្រា​ហ្ម កន្លែង​ឡ​ស្រា និង​ស្រះ​ទឹក​នាង​ឡឺម ជាដើម​។​
​លុះ​រាត្រី​ថ្ងៃទី​៨-៩​ខែកុម្ភៈ នឹងមាន​ពិធី​រាំលេង​ទល់​ភ្លឺ ហើយ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ វេលា​ម៉ោង​១១:៣០​នាទី​ព្រឹក ត្រូវ​ជួបជុំគ្នា​ដើម្បី​ចុះ​ចាប់​ត្រី នៅក្នុង​បឹង​ត្រពាំង​ក្រំ​តែម្ដង​។ បឹង​ត្រពាំង​ក្រំ មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​
​សូម​រំឭកថា កាលពី​ឆ្នាំមុន ពិធី​ចាប់​ត្រី បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​០៤ ខែមីនា ឆ្នាំ​២០១៨ នៅ​បឹង​ត្រពាំង​ក្រំ តាម​ទំនៀមទម្លាប់​ត​ពី​ដូនតា​។ ពិធី​នេះ បានធ្វើ​ឡើង​ដោយ​មោទន សាមគ្គី និង​រីករាយ ដោយ​បងប្អូន​ប្រជាជន​ខ្លះ​បាន​ដេកចាំ តាំងពី​ថ្ងៃទី​មួយ ឬ​ថ្ងៃទី​២ ដើម្បី​រង់ចាំ​ការជួបជុំ​ពិធី​ចាប់​ត្រី​ដ៏​ធំ​ប្រចាំឆ្នាំ​។​
​សូម​បញ្ជាក់ដែរថា ពិធី​ចាប់​ត្រី ឬ «​ឡើង​មាឃ​» នេះ មិនមែន​មានតែ​នៅ​ខេត្ត​ត្បូងឃ្មុំ​ទេ បណ្តា​ខេត្ត​ដទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើន​ទៀត ក៏មាន​ទំនៀម​បែបនេះ​ដែរ ដែល​រួមមាន តំបន់​អា​រ៉ែ​ង ខេត្តកំពង់ធំ ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តសៀមរាប​ជាដើម ព្រោះ​វា​ជា​ទំនៀមទម្លាប់ នៃ​ជំនឿ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ត​ពី​ដូនតា​មក​៕ (​រូបភាព​ដោយ​៖ Miller Snap ឆ្នាំ​២០១៨)

https://youtu.be/bijwFL1HNiM