កម្មករជិត១០០នាក់ដួលសន្លប់ជាបន្តបន្ទាប់នៅស្រុកអង្គស្នួល…..!

(កណ្ដាល): បន្ទាប់ពីមានកម្មការនីម្នាក់មុតដៃហូរឈាមយ៉ាងខ្លាំងបានធ្វើអោយកម្មករចំនួ៧៩នាក់មានការភិតភ័យនិងដួលសន្លប់ជាបន្តបន្ទាប់និងត្រូវបានដឹកជញ្ជូន យកទៅសង្គ្រោះភ្លាមៗ ។

លោកវរៈសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា :ហេតុការណ៍ ដួលសន្លប់នេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៣០ មករា ២០១៩នេះ នៅក្នុងរោងចក្រកសត់ដេរសម្លៀកបំពាក់ យីហោ ឃ្យូ.អឹម.អាយ.ប៊ី (Q.M.I .B) ដែលស្ថិតនៅក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកវរ:សេនីយ៍ឯក បានបន្តទៀតថា: រោងចក្រនេះមានកម្មករ កម្មការនីសរុប៤២០០នាក់ ក្នុងនោះស្រី៤០៣០នាក់ និងកម្មការនីដែលសន្លប់ទាំងអស់ចំនួន៧៩នាក់ ក្នុងចំណោម៤២០០នាក់ខាងលើ ប៉ុន្តែ មកដល់ពេលនេះ បានធូស្រាលនិងចេញទៅលំនៅដ្ឋានខ្លះវិញហើយ ចំណែកឯរោងចក្រក៏បានដំណើរការឡើងវិញហើយដែរ។

លោកអធិការបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានការដួលសន្លប់នេះមកពី នៅវេលាម៉ោងប្រមាណ៧ព្រឹកនេះកម្មការនីម្នាក់ឈ្មោះ ទឿន ស្វិត អត្តលេ ខ២៥១៨៣ បានចូលមកជូតម៉ាសុីនវ៉ៃឡេវអាវរបស់ខ្លួន ពេលនោះគាត់មានការធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្នក៏បានមុតចង្អុលដៃខាងឆ្វេង ចេញឈាម ហើយពេលនោះមានកម្មករនៅជិតខាងបានឃើញមានការភិតភ័យស្លុតចិត្ត ក៏ដួលសន្លប់តៗគ្នាទៅ។ រួចក៏បានដឹកជញ្ជូន យកទៅព្យាបាល នៅមន្ទីរពេទ្យ សំរាកព្យាបាល ទេព្វ មង្គល ដែលនៅទល់មុខហ្នឹងរោងចក្រ ។

កម្មការនីម្នាក់បាននិយាយថា នាងមិនបានដឹងថា មានគេមុតដៃហូរឈាមនោះទេ ប៉ុន្តែ បន្ទាប់ពីឃើញមិត្តភក្ត្រ័ដួលសន្លប់ជាបន្តបន្ទាប់នោះ ក៏ទន់ដៃជើង សន្លប់ដែរទៅលោកស្រី ហាក់ សូលីឡា វេជ្ជបណ្ឌិតនៅមន្ទីរសំរាកព្យាបាលទេពមង្គល បានបញ្ជាក់ថា កម្មការីដែលសន្លប់ត្រូវបានដឹកយកមកសង្គ្រោះទីនេះ សរុប៧៩នាក់ ក្នុងនោះប្រាំ ប្រាំមួយនាក់មានអាការៈធ្ងន់ធ្ងរ ហើយបន្ទាប់ពីធ្វើការសង្គ្រោះដោយបញ្ចូលអុកស៊ីសែន និងព្យួរស៊ីរ៉ូម គឺបានធូរស្រាលនិងត្រឡប់ទៅលំនៅដ្ឋានវិញប្រាំ ប្រាំមួយនាក់ហើយ។

ដោយឡែកអ្នកនៅសល់គឺនៅតាមដានបន្តទៀត លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា មូលហេតុនៃការដួលសន្លប់នេះ មិនមែនបណ្តាលមកពីពុលចំណីអារហារ និងបរិយាកាសនោះទេ គឺមកពីការតក់ស្លុតនៅពេលឃើញកម្មការនីម្នាក់មុតដៃហូរឈាម និងឃើញគ្នាឯងសន្លប់ក៏សន្លប់តៗគ្នាទៅ ដោយឡែកអ្នកដែលមានអាការៈធ្ងន់ធ្ងរគឺបណ្តាលមកពីពួកគាត់ខ្វះជាតិកាល់ស្សូម និងអាហាររូបបត្ថម។ ហើយលោកស្រីក៏សំណូមពរទៅដល់ថៅកែរោងចក្រ សហគ្រាសទាំងអស់ ត្រូវរៀបចំអោយមានខ្យល់អាកាសចេញចូលបានល្អ និងផ្លូវចេញចូលអោយទូលាយ ដើម្បីបង្ការ និងបញ្ជៀស នូវហានិភ័យផ្សេង.ៗ ទៀត៕