លោក ជា សុផារ៉ា ប្រាប់អភិបាលខេត្តជាប់មាត់សមុទ្រឲ្យរួមគ្នាទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីសាធារណៈនិងដីចំណីឆ្នេរ

ភ្នំពេញ៖លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់និងជាប្រធានគណៈ​កម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា​បានប្រាប់អភិបាលខេត្តជាប់មាត់សមុទ្រឲ្យរួមគ្នាទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីសាធារណៈនិងដីចំណីឆ្នេរដីចំណីសមុទ្រ ស្ទឹងព្រែកនិងផ្លូវទឹកដែលតភ្ជាប់ទៅនិងសមុទ្រនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ។
យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាចុះកាលពីថ្ងៃទី២៥​ ខែមករា ឆ្នាំ២០១៩ ផ្ញើរជូនអភិបាលខេត្តព្រះសីហនុ កំពត កែប និងកោះកុង ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទើបទទួលបាននៅថ្ងៃទី៣០មករានេះបានឲ្យដឹងថា “ខ្ញុំសូមជម្រាបជូនឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុងជ្រាបថាដើម្បីលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង​ ការពារ និងអភិរក្ស បឹង ស្ទឹង ព្រែក អូរ និងផ្លូវទឹក ដែលតភ្ជាប់ទៅនិងសមុទ្រកម្ពុជាប្រកបដោយចីរភាពគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ស្នើឯកឧត្តម លោកជំទាវទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីសាធារណៈដីចំណីឆ្នេរដីចំណីដៃសមុទ្រ ស្ទឹង ព្រែក និងផ្លូវទឹកដែលតភ្ជាប់ទៅនិងសមុទ្រស្របតាមសារាចរណែនាំលេខ ០១​ សរណន ស្ដីពីការអភិវឌ្ឍតំបន់ឆ្នេរ នៃកម្ពុជានិងប្លង់សុរិយោដីដែលបានកំណត់ជាធរមាន ។
អាស្រ័យហេតុនេះសូម អភិបាលនៃគណៈអភិបាលខេត្តជ្រាប និងចាត់ចែងអនុវត្ត៕