ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៏ថា ការ​ចុះ​បញ្ជី​រថយន្ត​ចង្កូត​ស្ដាំ​ ​ត្រូវ​បញ្ឈប់​ទាំងស្រុង ដោយ​គ្មាន​លក្ខខណ្ឌ

ភ្នំពេញ៖ ឯកឧត្តមស៊ុន ចាន់ថុល ​ទេសរដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​​សង្កត់​ធ្ងន់​ថា ជាមួយ​យន្តការ​រដ្ឋបាល និង​បច្ចេកវិទ្យាថ្មី ការ​ចុះ​បញ្ជី​រថយន្ត​ចង្កូត​ស្ដាំ ​ត្រូវ​តែ​បញ្ឈប់​ទាំងស្រុង​​ ចាប់ពី​ពេល​នេះ​តទៅ​ ដោយ​គ្មាន​លក្ខខណ្ឌ។ ​លោក​ទេសរដ្ឋមន្ត្រី បាន​លើក​ឡើង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ ប្រចាំ​ខែ​ស្ដីពី វឌ្ឍនភាពការងាររបស់ក្រសួងក្នុងខែមករា ឆ្នាំ២០១៩ កាលពី​ថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ២០១៩ នៅ​ទីស្ដីការ​ក្រសួង។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍ថា ការ​បញ្ឈប់​ការ​ចុះបញ្ជី​រថយន្ត​ចង្កូត​ស្ដាំ​នេះ គឺ​ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ឲ្យ​នៅ​កម្រិត​អប្បបរមា ស្រប​តាម​ប្រសាសន៍ របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​”។

កិច្ច​ប្រជុំ​នេះ ផ្ដោត​ជា​សំខាន់​លើ​របៀបវារៈ​សំខាន់​ៗ​រួមមាន​៖ ការ​ជំរុញ​យន្តការ​សាងសង់ ជួសជុល ថែទាំ​ផ្លូវ​ថ្នល់ ឲ្យ​មាន​គុណភាព​ស្តង់ដារ​អន្តរជាតិ ការ​បិទ​លែង​ទទួល​ចុះ​បញ្ជី​រថយន្ត​ចង្កូត​ស្ដាំ គម្រោង​ក្នុង​ការ​សាងសង់​អាគារ​រដ្ឋបាល​ថ្មី​របស់​ក្រសួង និង​បញ្ហា​ផ្សេង​ៗ​៕

ដោយ៖ ជាតិ