គាំទ្រផង! អ្នក​ចម្រៀង​​ពិការ​កម្ពុជា​១រូបកំពុង​បង្ហាញ​សមត្ថ​ភាព​ឲ្យ​ពិភព​លោក​បាន​ស្គាល់

​​អ្នក​ចម្រៀង​​ពិការ ប្រាក់ ​សុផាន់​ណា ​កំពុង​បង្ហាញពិភព​លោក​បាន​ស្គាល់​កម្ពុជា តាម​រយៈ​សមត្ថភាព​ច្រៀង​ និង​កម្លាំង​ចិត្ត​តស៊ូ​នៃ​ជីវិត​​របស់​ខ្លួន ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Our Better World នៃប្រទេស​សីង្ហបុរី​ ។

ប្រាក់ ផាន់​ណា​ បេក្ខជន​​កម្ពុជា​ដែល​ជា​ប់​ជម្រើសទាំង១០ ត្រូវ​បោះឆ្នោត​ ដើម្បី​ទទួល​បាន​ជ័យ​ជម្នះពីកម្មវិធី​នេះ​នៅ​ថ្ងៃ​ទី២៧ ធ្នូ​ ឆ្នាំ​២០១៧ ខាងមុខ។ កម្មវិធី​នេះ​​​មាន​ការ​ចូល​រួម​ប្រ​កួត​ប្រជែង​ពី​បេក្ខជន​មក​ពី​ជាង​៥០ប្រទេស​ក្នុង​ពិភពលោក​ ​ ដែ​លបង្ហា​ញពីជីវិ​តត​ស៊ូរបស់់ពួកគេ។

ជាអ្នក​និពន្ធ អ្នក​ចម្រៀង​ម្នាក់​​​ដែល​បាត់​បង់​គ្រប់​​យ៉ាងទាំង​កាយសម្បទា ​និង​ក្រុម​គ្រួសារ​គ្មាន​ទី​ពំនាក់​ លោក ប្រាក់ សុផាន់​ណា​ បាន​យក​ខ្សែ​ជីវិត​ពិត​របស់​ខ្លួន​ថត​ជា​វីដេអូ​​ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ខាង​លើ។

ចូលរួម​បោះ​ឆ្នោតឲ្យវីដេអូរបស់លោក ប្រាក់ សុផាន់ណា តាមនេះ Link នេះ Our Better World

វីដេអូរបស់​លោក ប្រាក់ សុផាន់​ណា អ្នកខេត្ត​ស្វាយ​រៀង​រៀប​រាប់ពី​ ជីវិត​ពិត​របស់​លោកដែល​អាប់​អួ​រ​យ៉ាង​ខ្លាំង ក្រោយពី​ម្តាយ​ឪពុកត្រូវ​គេ​ធ្វើ​ឃាត​ក្នុង​ឆ្នាំ១៩៩៥ ដោយ​លោក​មិន​ដឹងពី​មូល​ហេតុ។ ក្រោយ​បាត់​អាណា​ព្យាបាល​ រលក​ជីវិត​នៃកូន​កូន​ប្រុស​ទាំង​៤ដែល​ធ្លាប់​ទទួល​បាន​ការ​មើលថែ ​និង​ទំនុក​បម្រុង​ពីឪពុក​ជា​គ្រូបង្រៀន​ និង​មាន​​ម្តាយ​ជា​ស្រ្តី​មេផ្ទះ​ ត្រូវ​បាត់​បង់​​បង្គោល​ រស់​នៅ​យ៉ាង​វេទនា​បំផុត​។ ជីវិត​ត្រូវ​រសាត់​អណ្ដែត​ដូច​ចក​អណ្ដែត​តាម​ទឹក​ ត្រូវ​ទៅ​រស់​នៅ​ជាមួយ​អ្នក​បន្តិច​អ្នក​នោះ​បន្តិច​ ។

​គ្រូបង្រៀន​ហ្គីតា​រូប​នេះ​បាន​រៀបរាប់​ពី​ផល​លំបាក​នៃ​ជីវិត​ខ្លួន​ប្រាប់​ Sabay ថា​ ដំបូង​ឡើយ​លោក​ជា​មនុស្ស​ម្នាក់​ដែល​មាន​កាយសម្បទា​ល្អ​ដូច​មនុស្ស​ទូទៅ តែ​ក្រោយ​ម្តាយ​ឪពុក​ស្លាប់​លោក ​និង​បង​ប្អូន​ត្រូវ​តស៊ូ​រស់​ដោយ​ខ្លួន​ឯង ដោយ​ហូប​តែ​​ក្ដាម​ខ្យង និងធ្វើ​ការ​ហួស​កម្លាំង​តាំង​ពី​ខ្លួនអាយុ​ទើប​បាន​៥ឆ្នាំ​ ជាមួយ​យាយតា។

លោក​​រៀន​ចប់​ត្រឹម​បឋម​សិក្សា​ប៉ុណ្ណោះ ដោយ​សារ​មាន​ការ​ទំនុកបម្រុង​ពីគ្រួសារ​ជន​ជាតិ​ថៃ​​លោក​បានមក​រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញជាមួយពួកគេ។ ក្តី​សង្ឃឹម​ដែល​លោក​ទទួល​បាន​ មាន​រស្មី​មិន​យូរ​ប៉ុន្មាន​ផង​ ស្រាប់​តែ​រលត់​​ទៅ​វិញ​ ពេល​ប្តី​ប្រពន្ធ​គ្រួសារ​ថៃ​នោះ​វិល​ទៅ​រស់​ប្រទេស​គេវិញ។​ ទុក្ខ​ជាន់​លើ​ទុក្ខ​ មិនយូរប៉ុន្មាន​នៅ​ឆ្នាំ​១៩៩៩ សុផាន់​ណា ​​ក៏​មាន​បញ្ហា​ជំងឺ​ខួរ​ឆ្អឹង​ខ្នង​ រហូត​ដល់​ពិការ​ មិន​អាច​ធ្វើ​ដំណើរទៅ​ណា​មក​ណា​បាន ដោយ​ត្រូវយក​ពោះ​ធ្វើ​ជា​ខ្នង​ ត្រូវ​ដេក​ពោប​រទេះ​រហូត​មក​ដល់​បច្ចុប្បន្ន។

ក្មេង​កំសត់​ម្នាក់នេះបានទៅរស់​នៅ​ក្នុង​​មណ្ឌល​កុមារ​កំព្រា​ក្នុង​ខេត្ត​សៀមរាប​នៅឆ្នាំ​​ ២០០១ ព្រោះ​អស់​ទំពឹង​នៅ​ភ្នំពេញ​។​ ក្នុង​រយៈ​ពេល​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា សុផាន់​​ណា​ ព្យាម​យាម​រៀន​ភាសា​អង់​គ្លេស​ ឧបករណ៍ហ្គីតា និង​កុំព្យូទ័រ​ ជាដើម​។

លោក ប្រាក់ សុ​ផាន់​ណា​ បាន​លើ​ក​ឡើង​ថា​ លោក​ក៏​ធ្លាប់​មាន​គំនិត​មិន​ចង់​រស់​​​​​ ព្រោះ​គិត​ថា​ជីវិត​ឥតន័យ​។ ប៉ុន្តែ​គំនិត​ចង់​សម្លាប់​ខ្លួន​ក៏​រលត់​ទៅ​វិញ​នៅ​ពេល​លោក​បាន​ឃើញ​ជីវិត​អ្នក​ដ៏​ទៃ​ទៀត ដែល​គេ​ពិ​បាក​ជាង​ខ្លួន​លោក​​ ហើយ​គេ​បន្ត​រស់​ដោយ​រីករាយ​។ លោក ប្រាក់ សុផាន់​ណា បន្តថា«ខ្ញុំ​នៅ​ចង់​រស់ ​ខ្ញុំ​នឹក​ឃើញ​ដល់​ម្តាយ​ឪពុក​ខ្ញុំ​ដែល​គាត់​ប្រឹង​ថែ​រក្សា​ខ្ញុំ មុន​ពេល​ពួក​គាត់​ស្លាប់​ អីចឹង​បានន័យ​ថា​គាត់​ចង់​ឲ្យ​ខ្ញុំ​រស់​បន្ត​ទៀត ពួកគាត់​ស្រលាញ់​ជីវិត​របស់​ខ្ញុំ ​ដូច្នេះ​ខ្ញុំ​ក៏​មិនស្អប់​ជីវិត​ខ្លួន​ឯង​ដែរ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​បាក់​ទឹក​ចិត្ត​បាន​ឃើញ​ថា​មនុស្ស​ដែល​វេទនា​ដូច​ខ្ញុំ​ក៏​អាច​តស៊ូរស់​ទៅមុខ​ទៀត​បាន ដើម្បី​មើល​ពិភពលោក​នេះ​ មាន​ជីវិត​រស់​គឺ​មាន​តម្លៃ​ណាស់ ខ្ញុំ​ស្រលាញ់​ជីវិត​ខ្ញុំ​ណាស់​។»។

ទោះជាខ្លួន​ជា​ជន​ពិការ ​តែ​បេះ​ដូង ចិត្ត​គំនិត ចំណេះដឹង​មិន​ពិការទៅ​តាម​រូប​រាង​ខាង​ក្រៅ​របស់​លោក​ទេ បុរស​វ័យ ២៧ឆ្នាំ រូប​នេះ​ បាន​ប្រឹង​រស់​ដោយថ្លៃថ្នូរ ក្នុង​អា​ជីព​ជា​អ្នក​ចម្រៀង អ្នក​និពន្ធ និង​គ្រូបង្រៀន​ភ្លេង។ បច្ចុប្បន្ន​ សុផាន់​ណា​ កំពុងរស់​នៅ​ក្នុង​បន្ទប់​ជួល​មួយ​ក្នុង​ខេត្ត​សៀម​រាប ជាមួយ​មិត្តភក្តិ ចំណូល​ដែល​មក​ពី​អាជីព​របស់ខ្លួន​ក្នុង​មួយ​ខែ លោក​ទទួល​បាន​ត្រឹម១៥០ដុល្លា​ ប៉ុណ្ណោះ ព្រោះ​ការ​បង្រៀន​ហ្គីតា​របស់​លោក​មួយ​ចំនួន​ធំមិន​យក​ប្រាក់​ទេ​។ ចំណែក​បង​ប្អូន​ទាំង​៣ គេ​បាន​កសាង​ជីវិត​គ្រួសារ​រៀងខ្លួន​អស់​ហើយ​។

បុរស​កំសត់​រូប​នេះ​បាន​ដាក់​ក្តី​រំពឹងថា ​លោក​នឹង​បើក​សាលា​បង្រៀន​តន្រ្តី​ចែករំលែក​ចំណេះដឹង​ដែល​ខ្លួន​មាន​ដល់​ក្មេង​ជំនាន់​ក្រោយ និង​ចង់​លោក​ទឹក​ចិត្ត​ដល់ដទៃ​ដែល​បាក់​ទឹក​ចិត្ត​ឲ្យ​ប្រឹង​រស់​បន្ត៕ប្រភព សប្បាយ