រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ដុត​កំទេច​ទំនិញ​ខ្ទឹមស ផ្ទុក​សារធាតុ​គីមី ថ្នាំពុល​កសិកម្ម​ទម្ងន់ ជាង​២០​តោន ដើម្បី​ការពារ សុខមាលភាព ប្រជាពលរដ្ឋ​

(​ព្រះសីហនុ​) ៖ ទំនិញ​ខ្ទឹមស​នាំចូល​ពី​ប្រទេស​ចិន ដែលមាន​ផ្ទុក​សារធាតុ​គីមី ប្រភេទ​ថ្នាំពុល​កសិកម្ម Disulfoton សម្រាប់​ការពារ​សត្វល្អិត បំផ្លាញ​ដំណាំ និង​គ្រាប់​ធញ្ញជាតិ​ទម្ងន់​ជាង ២៥​តោន ត្រូវបាន​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម ធ្វើ​ការដុត​កំទេចចោល កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩​នេះ ដើម្បី​ការពារ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ​។​

​ពិធី​ដុត​កំទេច​ទំនិញ បានធ្វើ​ឡើង​នៅ​ទីលាន​ចាក់សំរាម​ខេត្ត​ព្រះសីហនុ ស្ថិតក្នុង​ភូមិ​អូរ​កំបុត ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ក្រោម​គណ​:​អធិបតីភាព លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក យន្ត មីន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល អាជ្ញាធរ​ដែនដី និង​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​ប្រមាណ​ជាង ៤០​រូប​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោតសរសើរ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ដែល​បាន​ដកហូត​ខ្ទឹមស​ដ៏​មាន​គ្រោះ ថ្នាក់​ទាំងអស់ មក​កំទេចចោល​ទាន់ពេលវេលា ព្រោះ​ទំនិញ​នេះ​អាច​បង្ក​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ ដូចជា​ធ្វើឱ្យ​អ្នក​បរិភោគ​ក្អួត រាគ ញ័រ ប្រកាច់ ប្រ​ស្រី​ភ្នែក​រួម​តូច និង​ពិបាក​ដកដង្ហើម ហើយ​អាច​បណ្តាល​ឱ្យស្លាប់​បាន ក្នុងករណី​ធ្ងន់ធ្ងរ​។​

​លោក​រដ្ឋមន្ត្រី បាន​បន្ថែមទៀតថា ការដុត​កំទេច​ទំនិញ​ថ្ងៃនេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​កង្វល់​របស់​ប្រជាពលរដ្ឋ និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​គូសបញ្ជាក់ថា «​បញ្ហា​សុវត្ថិភាព ចំណីអាហារ​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​អតុល្យភាព​ទី​១ ក្នុងចំណោម​ចំណុច​អវិជ្ជមាន ឬ​អតុល្យភាព​ទាំង​១២ ដែល​ត្រូវធ្វើ​ការដោះស្រាយ​»​។​

​ទន្ទឹមគ្នា​នោះដែរ លោក ប៉ាន សូរ​ស័ក្តិ ក៏បាន​សំណូមពរ​ដល់​មន្ត្រី​សាខា​កាំកុងត្រូល​ទាំងអស់ បន្ត​ប្រឹងប្រែង​ត្រួតពិនិត្យ​ទំនិញ​នៅលើ​ទីផ្សារ និង​នៅតាម​ហាង​លក់ទំនិញ​នានា​ថែមទៀត ដើម្បី​ចូលរួម​លើកកម្ពស់​សុវត្ថិភាព​ម្ហូបអាហារ ជូន​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​អនុលោម​តាម​កម្មវិធី​អភិក្រម ស្តីពី «​ការគ្រប់គ្រង​ហានិភ័យ​» ផ្អែកលើ​មូលដ្ឋាន​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ច្បាស់លាស់​។​

​សូមជម្រាបថា នៅក្នុង​ឆ្នាំ​២០១៨​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​រកឃើញ និង​ដកហូត​ទំនិញ​ខូចគុណភាព និង​ម្ហូបអាហារ​ពុំមាន​សុវត្ថិភាព ទម្ងន់​សរុប​ចំនួន ៦៦​តោន (​បន្លែ ផ្លែឈើ គ្រឿង​កំប៉ុង គ្រឿង​សមុទ្រ និង​សាច់​ស្រស់​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ ឬ​សំណល់​ថ្នាំ​កសិកម្ម​) យកទៅ​ដុត​កំទេចចោល នៅក្នុង​នោះ​ទំនិញ​ទម្ងន់ ៥,៣​តោន ត្រូវបាន​រឹបអូស​ពី​មាត់ច្រក​ព្រំដែន និង​នៅតាម​ទីផ្សារ​នៃ​ខេត្ត​ព្រះសីហនុ​។​

​លើសពីនេះ ដើម្បី​ឆ្លើយតប​ទាន់ពេលវេលា ចំពោះ​ទំនិញ​ផ្ទុក​សារធាតុ​គីមី ឬ​ខូចគុណភាព​នៅលើ​ទីផ្សារ ក្រសួងពាណិជ្ជកម្ម តាមរយៈ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បានដាក់​ឱ្យប្រើ​ប្រាស់ រថយន្ត​មន្ទីរពិសោធន៍​ចល័ត​ចំនួន ៣​គ្រឿង (២​គ្រឿង សម្រាប់​ត្រួតពិនិត្យ និង​វិភាគ​គំរូ​ផលិតផល​ម្ហូបអាហារ និង ១​គ្រឿង​សម្រាប់​ត្រួតពិនិត្យ​គុណភាព និង​បរិមាណ​ប្រេង នៅតាម​ស្ថានីយប្រេងឥន្ធនៈ​ទូទាំងប្រទេស​) ហើយ​បាន​កំពុង​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​ចំនួន​បី រួមមាន​៖ ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​,​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ច្បាប់​ស្តីពី​ភាព​ប្រកួតប្រជែង សំដៅ​ពង្រឹង​ប្រសិទ្ធភាព​ការងារ របស់​មន្ត្រី​ថែមទៀត ៕