មេបក្សប្រឆាំង​វេណេស៊ុយអេឡា លួចជួប​ពិភាក្សាស្ងាត់ៗជាមួយ​មន្ត្រីយោធា​ និងសន្តិសុខ ដោយសន្យា​លើកលែង​ទោស​ដល់ពួកគេ បើយល់ព្រមចុះចូល…

(វ៉ាស៊ីនតោន)៖ មេបក្សប្រឆាំង​វេណេស៊ុយអេឡា លោក ចូអាន ហ្គៃដូ (Juan Guaido) ដែលបានប្រកាស​តែងតាំងខ្លួន​ឯង​ជា​​ប្រធានាធិបតីស្តីទីនោះ បានឲ្យដឹងថា លោកបានជួបពិភាក្សាគ្នា​ស្ងាត់ៗ​ជាមួយ ​មន្ត្រីកងកម្លាំងសន្តិសុខ និងយោធា​វេណេស៊ុយអេឡា និងបានស្នើ​ផ្តល់ការលើកលែងទោសដល់ពួកគេ ជាថ្នូរ​សម្រាប់​ការបោះបង់​ចោល​​ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយ​ចេញពីសារព័ត៌មាន ​New York Times នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។

លោក Guaido បានលើក​ឡើងយ៉ាងដូច្នេះថា «ការធ្វើអន្តរកាលនឹងតម្រូវឲ្យមានការគាំទ្រ​ពីកម្លាំងយោធាសំខាន់ៗ ខណៈយើងទើប​តែបានជួបពិភាក្សាដោយស្ងាត់ៗជាមួយ​សមាជិកនៃកងកម្លាំងប្រដាប់អាវុធនិង​កម្លាំងសន្តិសុខវេណេស៊ុយអេឡា។ ពួក​យើង​បានស្នើថានឹងផ្តល់ការលើកលែងទោសដល់​អ្នកទាំងអស់ ដែលពុំមានជាប់ពិរុទ្ធ​​ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ហើយការដក​ការ​គាំទ្ររបស់យោធាចេញពី​ លោក ម៉ាឌូរ៉ូ នឹង​មានសារៈសំខាន់ជាខ្លាំង ដើម្បីអនុញ្ញាតឲ្យមានការផ្លាស់ប្តូរក្នុងរដ្ឋាភិបាល»

គួរជម្រាបថា ការប្រកាសតែងតាំង​​ខ្លួនឯងជាប្រធានាធិបតីស្តីទី​ នៃប្រទេសវេណេស៊ុយអេឡា​របស់លោក Guaido ​កាលពី​សប្តាហ៍មុន ត្រូវ​បាន​ទទួល​ស្គាល់​ភ្លាមៗពី​​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយ​ចំនួនរបស់ទីក្រុង​វ៉ាស៊ីនតោន។ ដោយឡែក​​​រុស្ស៊ី ចិន និង​ប្រទេស​មួយចំនួន​ទៀត បាន​ប្រកាសបន្ត​ទទួលស្គាល់​​លោក ម៉ាឌូរ៉ូ ជាប្រធានាធិបតី​ជាប់ឆ្នោត​ដោយស្របច្បាប់​ព របស់ប្រទេសអាមេរិក​ឡាទីន​នេះ​ដដែល ហើយ​កម្លាំង​យោធាវេណេស៊ុយអេឡា​​ក៏បានប្រកាសគាំទ្រ និងប្តេជ្ញា​ការពារលោក ម៉ាឌូរ៉ូ ផងដែរ​នាពេល​​នោះ៕