ជិតចូលឆ្នាំចិន ចាប់ខ្លួនស្ដេចស្វា ស៊ុន អ៊ូខុង និងសិស្សប្អូន ប៉ាជេ ក្រោយបង្កជម្លោះផ្អើលពេញផ្លូវ ជាមួយនឹងភ្ញៀវទេសចរ (មានវីដេអូ)

ចិន ៖ ស្តេចស្វា ស៊ុន អ៊ូខុង និងសិស្សប្អូន ប៉ាជេ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយបានបង្កជម្លោះជាមួយនឹងភ្ញៀវទេសចរ វាយគ្នាផ្អើលពេញផ្លូវ។

ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃសៅរ៍ សប្តាហ៍មុននេះ នៅក្នុងប្លុកមួយ ក្នុងទីក្រុង Dali ភាគខាងត្បូងខេត្ត Yunnan ប្រទេសចិន ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាំងហួសចិត្ត និងអស់សំណើច ក្រោយវីដេអូឃ្លីបវាយតប់គ្នាផ្ទុះខ្លាំងនៅលើបណ្តាញសង្គម។

យោងតាមប្រភពសារព័ត៌មាន ពុំបានទម្លាយឲ្យដឹងពីមូលហេតុ ដែលបណ្តាលឲ្យភាគីទាំងសងខាង ពោលគឺមហាទេពស្មើមេឃ ស៊ុន អ៊ូខុង (Sun Wukong) និង ប៉ាជេ (Zhu Bajie) ផ្ទុះកំហឹងរហូតឈានដល់ការប្រើហិង្សាវាយតប់គ្នាជាមួយនឹងភ្ញៀវទេសចរ ផ្អើលពេញផ្លូវនោះទេ។

គួរឲ្យដឹងថា ទីក្រុងចំណាស់ Dali ខាងលើនេះ ត្រូវបានគេស្គាល់ថា ជាតំបន់មួយដែលមានការសម្ដែងនៅតាមផ្លូវ លក្ខណៈស្លៀកពាក់ទៅតាមតួអង្គផ្សេងៗនៅក្នុងខ្សែភាពយន្តចិន ដើម្បីឲ្យភ្ញៀវទេសចរដែលបានមកទស្សនាកម្សាន្ត អាចសុំចូលថតរូបជាមួយបាន និងបង់ប្រាក់ទៅឲ្យពួកគេ។

យ៉ាងណាមិញ ជុំវិញនឹងករណីវាយតប់គ្នានេះដែរ ត្រូវបានប៉ូលិសក្នុងតំបន់ប្រកាសកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ស្តេចស្វា ស៊ុន អ៊ូខុង សិស្សប្អូន ប៉ាជេ និងភ្ញៀវទេសចរចំនួន ២នាក់ដែលជាប់ពាក់ព័ន្ធ គឺត្រូវបានចាប់ឃាត់ខ្លួន និងដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ផងដែរ។

https://youtu.be/ir22QR02m0I