អាមេរិកប្រើប្រព័ន្ធដុតផ្លូវរថភ្លើង ក្រោយអាកាសធាតុចុះត្រជាក់ខ្លាំង

អាមេរិក ៖ ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ជា​ច្រើន​ខ្សែ​ក្នុង​ទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ប្រើ​ភ្លើង​ដុត​កម្ដៅ​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ។

យោង​តាម​អ្នក​នាំ​ពាក្យ​ស្ថានីយ​រថភ្លើង​លោក Michael Gillis ឲ្យ​ដឹង​ថា តាម​ពិត​ទៅ​ភ្លើង​ទាំង​នោះ គឺ​បណ្ដាល​មក​ពី​ឧបករណ៍​កម្ដៅ​ដោយ​ប្រើ​ហ្គាស​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​តាម​ផ្លូវ​រថភ្លើង​ដើម្បី​រក្សា​កម្ដៅ​របស់​វា។ លោក Gillis បន្ថែម​ថា “គ្រប់​ពេល​ដែល​អាកាសធាតុ​ចុះ​ត្រជាក់​ក្រោម​កម្រិត​កក យើង​នឹង​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ដើម្បី​រក្សា​កម្ដៅ​ផ្លូវ​រថភ្លើង ខណៈ​ពេល​ដែល​ប្រព័ន្ធ​ខ្សែ​រថភ្លើង​ជា​ច្រើន​ទៀត​នៅ​ភាគ​ខាង​ជើង​អាមេរិក​ក៏​ប្រើប្រាស់​ប្រព័ន្ធ​ដូច​គ្នា​នេះ​ដែរ។”

គួរ​បញ្ជាក់​ថា ការ​ប្រើ​ប្រាស់​វិធី​សាស្ត្រ​នេះ គឺ​ដើម្បី​បង្ការ​កុំ​ឲ្យ​ផ្លូវ​ដែក​រួម​មាឌ​នៅ​ពេល​ចុះ​ត្រជាក់​ខ្លាំង ដែល​ធ្វើ​ឲ្យ​ផ្លូវ​ដែក​ញែក​ចេញ​ពី​គ្នា។ ហេតុ​ដូច្នេះ ការ​ប្រើ​ភ្លើង​ដើម្បី​ដុត​កម្ដៅ​ផ្លូវ​ដែក​នឹង​ឲ្យ​ដែក​រីក​មាឌ​ឡើង​វិញ​ហើយ​រក្សា​ទ្រង់ទ្រាយ​ដើម និង​មិន​បង្ក​ឲ្យ​រថភ្លើង​រត់​ធ្លាក់​ផ្លូវ៕