អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិ​តូ​រូ​ន​តូ​ធ្វើ​កំណាយ​ស្រាវជ្រាវ​ខឿន​ព្រះវិហារ​ពុទ្ធសាសនា​នៅ​អង្គរធំ​

(​សៀមរាប​) ៖ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិ​តូ​រូ​ន​តូ​ប្រទេស​កាណាដា បើក​គម្រោង​ស្រាវជ្រាវ​មួយ​ឈ្មោះ “​គម្រោង​ព្រះវិហារ​អង្គរ​” (Angkor Vihara Project) ដោយបាន​ធ្វើការ​សម្អាត​ទីតាំង​ខឿន​ព្រះពុទ្ធសាសនា​ថេរវាទ​ចំនួន​៨​ទីតាំងនៅ​ក្នុង​ក្រុង​អង្គរធំ ហើយ​បានចាប់ផ្តើម​ធ្វើ​កំណាយ​ស្រាវជ្រាវ​សាកល្បង​ពីរ​ទីតាំង​។ គម្រោង​នេះ​មាន​រយៈពេល​ជិត​១​ខែ ចាប់ផ្តើម​ពីថ្ងៃ​ទី​១១ ខែមករា ដល់ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​បេក្ខភាព​បណ្ឌិត Andrew Harris អ្នកគ្រប់គ្រង​គម្រោង Angkor Vihara Project ដែលជា​បុរាណ​វិទូ​នៃ​សាកលវិទ្យាល័យ​ជាតិ​តូ​រូ​ន​តូ​បានឱ្យដឹងថា ការរកឃើញ​ខឿន​ព្រះវិហារ​ព្រះពុទ្ធសាសនា​នៅ​អង្គរធំ​គឺ​ជាង​១០០​ឆ្នាំ​មកហើយ​ដោយ​ជនជាតិ​អាមេរិក បារាំង និង​ខ្មែរ ដែលមាន​ចំនួន​សរុប​៧០​កន្លែង​។ ប៉ុន្តែ​ការធ្វើ​កំណាយ​ស្រាវជ្រាវ​សាកល្បង​គឺ​តែ​ពីរ​ខឿន​ព្រះវិហារ​ព្រះពុទ្ធសាសនា​ទេ​។ កន្លងមក មានការ​ស្រាវជ្រាវ​តិចតួច​ណាស់​អំពី​សំណង់​ខឿន​ពុទ្ធសាសនា​ថេរវាទ​នៅ​អង្គរ​ដូច្នេះ​ទើប​សាកលវិទ្យាល័យ​ជាតិ​តូ​រូ​ន​តូ​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​កំណាយ​សាកល្បង​ដើម្បី​ដឹង​ពី​រចនា​សម្ពន្ធ​សំណង់​។ សំណង់​នេះ​សាងសង់​ពីស​.​វ​ទី​១៣​ដល់ទី​១៧​នៃ​គ្រឹ​ស្ត​សករាជ​។ តើ​ប្រាសាទ​ព្រហ្មញ្ញសាសនា​និង​ពុទ្ធសាសនា​មហាយាន​សម័យ​អង្គរ ខុសគ្នា​ពី​សំណង់​ពុទ្ធសាសនា​ថេរវាទ​សម័យ​កណ្តាល​ដែលជា​សម័យ​អន្តរកាល​ដូច​ម្ត៉េ​ច​?

​លោក Andrew បន្តថា ការស្រាវជ្រាវ​ជំហាន​ដំបូង គឺ​សម្អាត​ទីតាំង​ខឿន​ព្រះវិហារ​ចំនួន​៨​កន្លែង​ផ្សេងៗ​គ្នា និង​ធ្វើ​កំណាយ​២​ទីតាំង​។ ទីតាំង​ទី​១ ស្ថិតនៅ​ខាងជើង​ក្លោងទ្វារ​ទន្លេ​អុំ ចម្ងាយ​ប្រហែល​៥០០​ម បាន​រកឃើញ​បំណែក​កុលាលភាជន៍​ខ្មែរ​-​ចិន បំណែក​ព្រះ​ហ​ស្ថ​ព្រះពុទ្ធ ទំហំ​ប្រវែង​៣៥​សង់ទីម៉ែត្រ ប​ល្ល័​ង្គ និង​រូបរាង​រចនា​សម្ពន្ធ​ព្រះវិហារ​។ ទីតាំង​ទី​២ ស្ថិតនៅ​ខាងលិច​ក្លោងទ្វារ​តា​កាវ​ប្រហែល​៦០០​ម គឺ​មិនមាន​ចេតិយ​នៅក្រោយ​ព្រះវិហារ​ទេ មានតែ​ខឿន​រាបស្មើ មាន​ផ្លូវ​ចូល​ប្រវែង​៥០​ម៉ែត្រ មាន​កំពែង​ថ្មបាយក្រៀម​ព័ទ្ធជុំវិញ និង​មានប​ល្ល័​ង្គ​ខ្ពស់​នៅ​ពីលើ​ខឿន​។ រីឯ​ផ្នែក​ខាងត្បូង មាន​ខឿន​ខ្ពស់​សម្រាប់​ព្រះសង្ឃ​គង់​។ បន្ថែម​ពី​នោះ​មាន​យ៉​នៅមុខ​ព្រះវិហារ​ធ្វើ​ពី​ថ្មភក់​និង​ថ្មបាយក្រៀម ដែលមាន​ស្លាកស្នាម​មាន​ដំបូល​ប្រក់​ក្បឿង និង​មាន​ដំរី​នៅ​ពីមុខ​ផ្លូវ​ចូល​ចំនួន​មួយ ដែល​ដេក​ដួល​ជាមួយ​សន្លឹក​សីមា (​តាម​ការសន្និដ្ឋាន​គួរតែមាន​ដំរី​១​គូ​) ដែល​ដូច​ទៅនឹង​ខឿន​ព្រះវិហារ​នៅ​ប្រាសាទ​តា​ទួត មាន​ផ្លូវ​ចូល​ក្រាល​ថ្មភក់​លាយ​ថ្មបាយក្រៀម និង​ដំរី​អម​ផ្លូវ​១​គូ​។​

​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ អ្នកសម្របសម្រួល​គម្រោង​តំណាង​ភាគី​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ល ទ្ធ​ផល​ដែល​បាន​រកឃើញ​ទាំងនេះ​សបញ្ជាក់​ថា ខឿន​ព្រះពុទ្ធសាសនា​ថេរវាទ​ពិតជា​មាន​ប្រាកដ មាន​រូបរាង​និង​ទំហំ​ខុសៗ​គ្នាច្រើន​ប្រភេទ​នៅ​អង្គរធំ​។ ខឿន​ទាំងនេះ​បង្ហាញ​ពី​ការចាប់ផ្តើម​នៃ​សំណង់​ព្រះពុទ្ធសាសនា​ថេរវាទ​នៅ​តំបន់​អង្គរ ក៏​ដូច​នៅ​ស្រុក​ខ្មែរ​ទាំងមូល​។ ទៅ​អនាគត យើង​ត្រូវ​ធ្វើបញ្ជី​ខឿន​ព្រះពុទ្ធសាសនា​ទាំងនេះ បែងចែក​ប្រភេទ ធ្វើ​កំណាយ​ស្រាវជ្រាវ និង​ប្រៀបធៀប​ជាមួយ​សំណង់​ប្រភេទ​នេះ​នៅក្នុង​តំបន់​។​

​ក្នុងនាម​ជា​អ្នកស្រាវជ្រាវ​មានបទពិសោធន៍​សហប្រតិបត្តិ​ការ​ជាមួយ​អន្តរជាតិ​ច្រើន​គម្រោង លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ ក៏បាន​ថ្លែងអំណរគុណ​ដល់​សាកលវិទ្យាល័យ​ជាតិ​តូ​រូ​ន​តូ​ដែល​បាន​សហការ​ស្រាវជ្រាវ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ព្រោះ​ការសហការ​ជាមួយ​ស្ថាប័ន​អន្តរជាតិ​ធ្វើឱ្យ​ខ្មែរ​បាន​រៀនសូត្រ​ពី​បច្ចេកទេស​ថ្មីៗ និង​បាន​ផ្សព្វផ្សាយ​អំពី​វប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ បុរាណវត្ថុ និង​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ​ទៅកាន់​ពិភពលោក​។ លើសពីនោះ យើង​អាច​សរសេរ​អត្ថបទ​បោះ​ពុ​ម្ភ​ផ្សព្វផ្សាយ​រួមគ្នា​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​ដែល​រកឃើញ​ថ្មីៗ​។ តាមរយៈ​កិច្ចការ​នេះ អ្នកជំនាញ​ជាតិ​ក៏មាន​ឱកាស​ពង្រឹងសមត្ថភាព​ធ្វើការ​ដោយ​ខ្លួនឯង និង​បន្ត​ការសហការ​ជាមួយ​អន្តរជាតិ ដើម្បី​បង្កើន​ទំនាក់ទំនង​ល្អ​ឱ្យបាន​កាន់តែច្រើន​។ ដោយសារ​ការស្រាវជ្រាវ​នៅតែ​រកឃើញ​ថ្មី​រហូត ដូច្នេះ​លទ្ធផល​ទាំងនោះ​អាច​ចូលរួមចំណែក​បកស្រាយ​ប្រវត្តិ​ខ្មែរ​ឱ្យ​កាន់តែ​ទូលំទូលាយ​ទៀត​។​

​នេះ​ជា​ស្ថាប័ន​ទី​៣​ហើយ​ដែល​បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​កំណាយ​ស្រាវជ្រាវ​ពី​ការវិវត្តន៍​នៃ​រចនា​សម្ពន្ធ​ព្រះវិហារ​ព្រះពុទ្ធសាសនា​ថេរវាទ បន្ទាប់ពី​សាលា​បារាំង​ចុង​បូព៌ា​និង​ស្ថាប័ន​ណា​រ៉ា​នៃ​ប្រទេស​ជប៉ុន​។ ខឿន​ព្រះវិហារ​ព្រះពុទ្ធសាសនា​ថេរវាទ​នៅក្នុង​ក្រុង​អង្គរធំ មាន​ចំនួន​៧០​ទីតាំង អាយុកាល​ចាប់​ពីស​.​វ​ទី​១៣​ដល់​១៧ មាន​រូបរាង​ខុសគ្នា​តាម​សម័យកាល​៕​