មន្ត្រី​ជំនាញ​បញ្ជាក់​ពី​មូលហេតុ​៣​យ៉ាង​ដែល​នាំឱ្យមាន​វិវាទ​ដីធ្លី​

(​ភ្នំពេញ​) ៖ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគ​រូប​នី​កម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​វិវាទ​ដីធ្លី​មាន​បញ្ហា​ប្រឈម​យ៉ាងច្រើន គឺ​បានកើត​ចេញពី​ការកើនឡើង​នៃ​កំណើនប្រជាជន និង​សេដ្ឋកិច្ច ជាពិសេស​ច្រើន​កើតឡើង​ពី​ការបញ្ជាក់​ប្លង់ដី​ជាន់គ្នា ។​

​លោក លឹម ចាន់សូ​ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគ​រូប​នី​កម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្តាល បានលើកឡើង​កាលពី​ដំណាច់​ខែមករា​កន្លងមក​ថា ការងាររដ្ឋបាល​ដីធ្លី ការិយាល័យ​រៀបចំ​ដែនដី​ស្រុក ត្រូវ​ជំរុញ​ការចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព និង​តាម​ការកំណត់ រួមជាមួយ​ការចុះបញ្ជី​ដី​រដ្ឋ​ជា​រូបវ័ន្ត ដែលជា​ទិសដៅ​ក្រសួង​បាន​ជំរុញ​ឲ្យ​មានការ​ចុះបញ្ជី​ដី​វត្ត ជូន​គណៈកម្មការ​វត្ត​ជា​អ្នកគ្រប់គ្រង ដូច្នេះ​សូម​ឲ្យ​មេឃុំ ឬ​ប្រធាន​ក្រុមប្រឹក្សាឃុំ ត្រូវ​យកចិត្តទុកដាក់​ការចុះ​ឲ្យ​បាន​ទាន់ពេលវេលា ដែល​កន្លងមក​ការចុះបញ្ជី​ដី​វត្ត​នេះ មានការ​យឺតយ៉ាវ ហើយក៏​ត្រូវការ​ចុះបញ្ជី​ដី​តាម​ទីទួល​បុរាណ​ផងដែរ ។ ចំណែក​អ្វីដែល​ត្រូវ​យកចិត្តទុកដាក់​បន្ត អាជ្ញាធរ​ឃុំ​ត្រូវ​ជួយ​មើល​បញ្ហា​ដី​រដ្ឋ​ដែល​នៅ​សេសសល់ ដើម្បី​បន្ត​ចុះបញ្ជី​បន្ថែម​ទៅជា​កម្មសិទ្ធិ​របស់​រដ្ឋ​ផងដែរ ។​

​លោក​បន្តថា ដើម្បី​ជំរុញ​ការចុះបញ្ជី​ឲ្យ​មាន​តម្លាភាព ភាពត្រឹមត្រូវ និង​យុ​តិ្ត​ធម៌ គឺ​សូម​ឲ្យ​មានការ​ចូលរួម​ជាស​កម្ម​ពី​អាជ្ញាធរ​មូលដ្ឋាន ឬ​ម្ចាស់​ក្បាលដី​ពី​ភាគី​ពាក់ព័ន្ធ​នានា ព្រោះ​តាម​ផែនការ​មន្ទីរ គឺ​ជំរុញ​ការចុះបញ្ជី​ក្នុង​១​ខែ​ឲ្យ​បាន​ចំនួន​១​ពាន់​ក្បាលដី​ឡើង និង​កា​រព​ន្លឿ​នក​សាង​ឯកសារ សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន ទៅតាម​បរិបថ និង​ពេលវេលា​ដែល​បានកំណត់ ។​

​លោក លឹម ចាន់សូ​ភី បាន​បន្តថា ខណៈដែល​វិស័យ​អចល​ទ្រព្យ​ដីធ្លី កំពុងមាន​កំណើន​ល្អ​ក្នុង​វិស័យសេដ្ឋកិច្ច ហេតុនេះ​ដើម្បី​រក្សា​ឲ្យ​មាន​ចីរភាព និង​ស្ថិរភាព ក្រសួង​បាន​ជំរុញ​អនុវត្តតាម​ផែនការមេ​ធំៗ​ជាច្រើន ក្រៅពី​ការអនុវត្ត​ផែនការ​ខាងលើ មន្ទីរ​នឹង​ជុំរុញ​ការកសាង​ប្លង់គោល​នៅតាម​បណ្តា​ស្រុក​នានា នៅ​ទូទាំង​ខេត្ត​ឲ្យ​បាន​ចប់​នៅត្រឹម​ឆ្នាំ​២០២០ ដើម្បី​ចៀសវាង​នូវ​វិបត្តិ​នៅពេល​ខាងមុខ​នៅលើ​បញ្ហាដីធ្លី និង​វិស័យ​អចលនទ្រព្យ ។​

​យោងតាម​របាយការណ៍​លទ្ធផល​សង្ខេបនៃ​ការអនុវត្ត​ការងារ​រយៈពេល​២០​ឆ្នាំ​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ គិត​ត្រឹម​ដំណាច់​ខែសីហា ឆ្នាំ​២០១៨ ក្រសួង​ទទួល​ករណី​វិវាទ​ដីធ្លី​ចំនួន​៩.១៣១​ករណី ក្នុងនោះ​ដោះស្រាយ​បញ្ចប់​បាន​ចំនួន​៣.៩៦០​ករណី ច្រានចោល​ចំនួន​២.៨៥៤​ករណី ដក​ពាក្យបណ្តឹង​វិញ​ចំនួន​៨៥៨​ករណី និង​កំពុង​ដោះស្រាយ​ចំនួន​១.៤៥៩​ករណី ៕