ប៉ូលិសនឹង​បញ្ជូន​យុវជន យិន ហេង ដែលបាន​ប្រើ​ឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក “​ចំប៉ី​ខ្មៅ​” ទៅ​តុលាការនៅ​ព្រឹក​នេះ​

(​ភ្នំពេញ​)៖ បន្ទាប់ពី​ចាប់ខ្លួន​រួចមក ប៉ូលិស​ខណ្ឌដូនពេញ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នឹង​បញ្ជូន​យុវជន យិន ហេង ដែល​ប្រើ​ឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក “​ចំប៉ី​ខ្មៅ​” បានជេរប្រមាថ ពូជសាសន៍​ខ្មែរ ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​០៦​កុម្ភៈ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ​។​

​លោក សុខ ពេញ​វុ​ធ បន្តថា ប៉ូលិស​កំពុង​បំពេញ​សំណុំ​ឯកសារ ដើម្បី​បញ្ជូន​យុវជន យិន ហេង ដែល​ប្រើ​ឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក “​ចំប៉ី​ខ្មៅ​” ទៅកាន់​តុលាការ នា​ព្រឹក​ថ្ងៃទី​០៦​កុម្ភៈ​នេះ​។ យុវជន​នេះ ត្រូវបាន​ប៉ូលិស​កសាង​សំណុំរឿង​ចោទប្រកាន់​ពីបទ​ញុះញង់ ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍​។​

​សូម​រម្លឹកថា យុវជន ដែលមាន​ឈ្មោះ​ក្នុង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ យិន ហេង និងបាន​ប្រើ​ឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក “​ចំប៉ី​ខ្មៅ​” ត្រូវបាន​ប៉ូលិស ចាប់ខ្លួន កាលពី​ម៉ោងជាង ៩​យប់ ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ម្តុំ​ព្រះបរមរាជវាំង ហើយ​បញ្ជូនទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ យុវជន​ភេទ​ទី​៣ ឬ​ខ្ទើយ​នេះ បាន​បង្ហោះ​វិ​ដេ​អូ​ខ្លី​ប ជេរប្រមាថ​ពូជសាសន៍​ខ្មែរ​យ៉ាង​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត​។​

​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ កាលពី​យប់​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ គេ​ឃើញ​វត្តមាន​របស់លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​អង្គុយ​ស្តាប់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ជា ដែលជា​ក្មួយប្រុស​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន សួរចម្លើយ យិន ហេង ដោយផ្ទាល់​៕