ដឹង​អត់ មួយ​គ្រាប់​របស់ Suarez ពេល​ប៉ះ​ជាមួយ Real Madrid ជា​គ្រាប់​ទី​ប៉ុន្មាន​របស់ La Liga?

មួយ​គ្រាប់​នៅ​តង់​ទី ២​របស់ ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ Luis Suarez ពេល​ប៉ះ​ជាមួយ Real Madrid កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ គឺ​ជា​គ្រាប់​ស៊ុត​បញ្ចូល​ទី​លើក​ទី ៧០០០០ ក្នុង​លីគ​កំពូល​អេស្ប៉ាញ។

នៅ​នាទី ៥៤ ក្នុង​ជំនួប El Clasico កាល​ពី​ថ្ងៃ​សៅរ៍ ខ្សែ​ប្រយុទ្ធ Suarez បាន​ធ្វើ​បាន​សម្រេច​ក្នុង​ការ​រក​គ្រាប់​បាល់​ដំបូង​ក្នុង​ការ​ប្រកួត ដោយ​មួយ​គ្រាប់​នេះ​ជួយ​ឲ្យ Barcelona នាំ​មុខ Real Madrid បណ្ដោះអាសន្ន​នា​ពេល​នោះ។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Marca គ្រាប់​នេះ​ ជា​គ្រាប់​ទី ៧០០០០ ដែល​ត្រូវ​បាន​ស៊ុត​បញ្ចូល​ទី ក្នុង​លីគ​ La Liga។ ដោយ​ឡែក​ កីឡាករ​ដែល​ស៊ុត​ចូល​ទី​គ្រាប់​ដំបូង​បង្អស់​ក្នុង​ក្របខ័ណ្ឌ​នេះ គឺ​ Pitus Prat Ripolles របស់​ក្លឹប Espanyol ដែល​ធ្វើ​បាន​សម្រេច កាល​ពី​ថ្ងៃ​ទី ១០ កុម្ភៈ ឆ្នាំ ១៩២៩ ពោល​គឺ​ប្រមាណ​ជាង ៨៨​ឆ្នាំ​មុន។

Pitus Prat Ripolles

សូម​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី Suarez ស៊ុត​ចូល​ទី​មួយ​គ្រាប់​ជួយ​ឲ្យ Barca នាំ​មុខ ក្រោយ​មក ក្លឹប​មួយ​នេះ​បាន​ស៊ុត​ចូល​ពីរ​គ្រាប់​ថែម​ទៀត ដោយ មួយ​គ្រាប់​រក​បាន​ពី​ការ​ស៊ុត​បាល់​ពិន័យ ១១​ម៉ែត្រ​របស់​ខ្សែ​ប្រយុទ្ធ Lionel Messi និង​មួយ​គ្រាប់​ទៀត​ស៊ុត​ដោយ​ខ្សែ​ការពារ Aleix Vidal ជួយ​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ​ឈ្នះ​ការ​ប្រកួត​ El Clasicoលើក​នេះ ក្នុង​លទ្ធផល ៣​ទល់​នឹង​០ ទៅ​លើ​ក្លឹប Real Madrid៕ប្រភព សប្បាយ