(អាមេរិក)៖ សូម្បីថ្ងៃបុណ្យ​ណូអែលបានចូល​មកដល់ក្តី ភ្នាក់ងារពន្លត់​អគ្គីភ័យជាង ១,៥០០នាក់ កំពុងបន្តព្យាយាម​ពន្លត់ភ្លើង​​ឆេះ​ព្រៃ Thomas Fire ដែលជាប់កំណត់ត្រា​ជាភ្លើងឆេះ​ព្រៃដ៏ធំបំផុត​ក្នុងប្រវត្តិសាស្រ្ត នៅរដ្ឋកាលីហ្វរញ៉ាភាគខាងលិច សហរដ្ឋ​អា​មេ​រិក​។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧។

ភ្នាក់ងារពន្លត់​អគ្គិភ័យ​​ប្រមាណ ១,៥៨៦នាក់ មិនអាច​ចំណាយពេល​វេលា សម្រាប់​ថ្ងៃបុណ្យ​គ្រីស្មាស់​នាឆ្នាំនេះ ជាមួយនឹងក្រុម​គ្រួសាររបស់​ពួកគេបាន​ឡើយ ខណៈដែល​ភ្លើងឆេះព្រៃ Thomas កំពុងបន្តឆាបឆេះ​ឡើងដដែល ទោះបីជា ៨៦ភាគរយ នៃអគ្គិ​ភ័យ​ត្រូវ​បានពន្លត់ក៏ដោយ គិតត្រឹម​ពេលនេះ។ ដោយឡែក ក្នុងអំឡុង​ពេល ២១ឆ្នាំកន្លងទៅនេះ អគ្គីភ័យដ៏សម្បើមនេះ បានឆេះ​ផ្ទៃដី​ទំហំ ​១១៤,០០០ហិកតា ខណៈមកទល់​ពេលនេះ​ សំណង់អគារ​សរុប ១,០៦៣ខ្នង ត្រូវបាន​បំផ្លាញ​ទាំងស្រុង និង ២៨០ខ្នង ទៀត​បាន​​រងការ​ខូចខាត។

គួរជម្រាបថា រដ្ឋកាលីហ្វរញ៉ា​បានជួបប្រទះរដូវកាល​នៃភ្លើងឆេះព្រៃ ដែលពុំធ្លាប់កើតមានពីមុន​មកនោះឡើយ ហើយភ្លើង​ឆេះព្រៃ​​ទាំងនេះ បានបង្កការ​បំផ្លិចបំផ្លាញ​ជាខ្លាំង ​ដល់អ្នកដែល​រស់នៅ​ក្នុងតំបន់ ព្រមទាំងប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ហើយនៅ​តែបន្តការ​គម្រាមកំហែង​ដោយផ្ទាល់​ដល់​សុខភាព​ និងសុវត្ថិភាព​សាធារណជន​ថែមទៀតផង។ ក្នុងឆ្នាំនេះ​មានករណីភ្លើងឆេះ​ព្រៃសរុប​​​ចំនួន ៨,៧៤៧ករណី បានកើតមាន​ឡើងនៅរដ្ឋ​កាលីហ្វញ៉ា៕ប្រភព Freshnews