អាជ្ញាធរ​អប្សរា អភិរក្ស​រូប​ប្រសាទ​ក្នុង​ស្រះ​មុខ​អង្គរវត្ត​នា​រដូវក្តៅ​នេះ​

(​សៀមរាប​)៖ អ្នកទេសចរ​ដែល​មក​ទស្សនា​ប្រាសាទ​នានា​ក្នុងប្រទេស​កម្ពុជា​តែងតែ​ថតរូប​អនុស្សាវរីយ៍​ពិសេស​នៅ​តំបន់​ប្រាសាទអង្គរវត្ត​ខាងមុខ​ស្រះ​(​ស្រះ​ប្រុស​) ដែលមាន​ទឹក​រំលិច​ដោ​យ​រូប​ប្រាសាទអង្គរវត្ត​ឆ្លុះ​ឡើង​។

​នា​ដើមខែ​កុម្ភៈ ដោយ​ស្រះ​ប្រុស​មុខ​ប្រាសាទអង្គរវត្ត បាន​ហួត​ទឹក​ស្ទើរ​អស់ ទាំងស្រុង ព្រោះ​ភាព​ហួតហែង​នៃ​រដូវប្រាំង បានធ្វើ​ឲ្យ​ទឹក​នៅក្នុង​ស្រះ​ស្រក​លឿន និង​បាត់​សោ​ភ័​ណ្ឌ​ភាព មួយផ្នែក នៃ​តំបន់​ប្រាសាទអង្គរវត្ត ។​

​ចាប់តាំងពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៧ ខែកុម្ភៈ​នេះ អាជ្ញាធរ​ជាតិ​អប្សរា បានសម្រេច​បូមទឹក​បញ្ចូល​ក្នុង​ស្រះ​នេះ ដើម្បី​លើក​សោ​ភ័​ណ្ឌ​ភាព​ប្រាសាទអង្គរវត្ត​តាមរយៈ​ការឆ្លុះ​រូប​នៅក្នុង​ស្រះ​ទឹក​ជូន​អ្នក​ទេសចរណ៍​ថតរូប​ទស្សនា​កម្សាន្ត​។​

​លោក ភឿន សុ​ឃីម អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​លើកឡើងថា ក្រុមការងារ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក មកដល់​ថ្ងៃ​៧​នេះ សម្រេចបាន​ប្រមាណ​៣០​ភាគរយ ស្មើនឹង ១.៥០០​ម៉ែត្រគូប​ហើយ​។​

​លោក​ក៏បាន​បន្តថា ទឹក​ដែល​បញ្ចូល​ក្នុង​ស្រះ​ខាងត្បូង (​ស្រះ​ប្រុស​) ប្រាសាទអង្គរវត្ត​នេះ​គឺ​បានមកពី ក​សិន្ធុ​ប្រាសាទអង្គរវត្ត​។​

​លោក ភឿន សុ​ឃីម ក៏បាន​បញ្ជាក់ដែរថា ស្រះ​ប្រុស​នៃ​ប្រាសាទអង្គរវត្ត​មាន​ទំហំ​៥០​គុណ​៨០​ម៉ែត្រ អាច​ផ្ទុក​ទឹកបាន​៥.០០០​ម៉ែត្រគូប ហើយ​មួយ​សប្តាហ៍​ទៅមុខទៀត​កា​រប​ញ្ជូ​ល​ទឹក​ក្នុង​ស្រះ​ប្រុស​នេះ នឹង​គ្រប់​ចំនួន​បរិមាណ​ត្រឹមត្រូវ ។​ការបញ្ចូល​ទឹក​នេះ​ធ្វើឡើង​តែ​ស្រះ​ប្រុស​តែប៉ុណ្ណោះ ។​

​ឯ​ស្រះ​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត ឬ​ហៅថា (​ស្រះស្រី​) ដែលជា​ចំណុច​ទាក់ ទាញ​ភ្ញៀវ​ទេសចរណ៍​ដែរនោះ អាជ្ញាធរ​អប្សរា​មិនបាន​បូមទឹក​បញ្ចូល​ទេ​ដោយ​ទុកឱ្យ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​និង​បុរាណវិទ្យា​បង្ការ ធ្វើ​កំណាយ​បន្តទៀត​ក្នុង​គម្រោង​ស្ដារឡើងវិញ​នៃ​រចនាសម្ព័ន្ធ​ស្រះ​នេះ​។​

​ទាក់ទង​នឹង​រូប​ចាំង​ឆ្លុះ​ក្នុង​ទឹក​នៃ​ប្រាសាទអង្គរវត្ត ភ្ញៀវទេសចរ និយម និង​ចូលចិត្ត​ផ្តិត​យក​រូបភាព ដែលជា​ទស្ស​ន័យ​ភាព​ពី​ធម្មជាតិ នៃ​កំពូល​ប្រាសាទអង្គរវត្ត​ពណ៌​មាស​លើ​ផ្ទៃ​ទឹក ជាពិសេស នៅពេល​ថ្ងៃ​រះ និង​មុន​ថ្ងៃ​លិច​៕