ភ្ញៀវទេសចរបរទេសមកកម្សាន្តខេត្តសៀមរាបនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន កើនឡើងជាងឆ្នាំមុនប៉ុន្តែ អ្នកទេសចរខ្មែរមានការថយចុះ !

សៀមរាប៖ នៅថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៩នេះ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាមឆ្នាំ២០១៩នេះ ក្នុងរយៈពេល៣ថ្ងៃមកនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាពិសេសបងប្អូនប្រជាពលរដ្ឋខែ្មរដែលជាប់សែស្រឡាយចិនជាច្រើនបានមកកំសាន្តនៅតាមរមណីដ្ឋានធម្មជាតិ និងប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថានៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិនឆ្នាំ២០១៩នេះ មានភ្ញៀវទេសចរមកកម្សាន្តនៅខេត្តនេះ ប្រមាណ៩៣,៦០៥ នាក់ មានការកើនឡើង ៣.៩៨% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ មានតែចំនួនប្រមាណ ៩០,៨២៦នាក់ ។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤១,៦០៥នាក់ មានការកើនឡើង ២២.២៧ % និងភ្ញៀវទេសចរជាតិមានចំនួនប្រមាណ៥ម៉ឺន២ពាន់នាក់ មានការថយចុះ ៧.១៤% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ចំនួនប្រមាណ ៥ម៉ឺន៦ពាន់នាក់ ។

លោក ង៉ូវ សេងកាក់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានអោយដឹងថា បើទោះជាពិធីបុណ្យចូលឆ្នាំចិនមិនមែនពិធីបុណ្យជាតិរបស់ខ្មែរក៍ពិតមែន ប៉ុន្តែនៅកម្ពុជាមានបងប្អូនខ្មែរជាប់សែស្រឡាយចិនច្រើន ដូច្នេះហើយបានជាបងប្អូនប្រជាពលរដ្ឋខែ្មរដែលជាប់សែស្រឡាយចិនបានដើរទៅកំសាន្តនៅតាមរមណីដ្ឋាននានាច្រើន ជាពិសេសនៅខេត្តសៀមរាបនេះ ដែលសម្បូរទៅដោយរមណីដ្ឋានសម្រាប់លំហែកាយក និងកម្សាន្តច្រើន ទាំងបែបវប្បធម៌ប្រវត្តិសាស្រ្ត និងបែបធម្មជាតិ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ចូលឆ្នាំចិនឆ្នាំ២០១៩នេះ អ្នកទេសចរជាតិមានការថយចុះជាងឆ្នាំមុនដោយសារថ្ងៃបុណ្យចូលឆ្នាំចិនឆ្នាំនេះ មិនប៉ះចំថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ ដូចកាលពីឆ្នាំ២០១៨ ៕