ដឹង​ហេតុ​ផល​នេះ​ហើយ​ ​ច្បាស់​ជា​លែង​ចង់​ប្រើ​ទូរសព្ទ​ដាក់​ម៉ោង​រោទ៍

តាំង​ពី​ពេល​ដែល​ទូរសព្ទ​បាន​ចាប់​កំណើត​មក​ មនុស្ស​ភាគ​ច្រើន​ចាប់​ផ្ដើម​ប្រើ​វា​ជា​ម៉ោង​រោទ៍​ជំនួស​ឲ្យ​ នាឡិកា​រោទ៍​ធម្មតា។ យ៉ាងណាក្ដី​ ការ​ប្រើ​ប្រាស់​នាឡិកា​រោទ៍​ធម្មតា​ ជួយ​​បង្កើត​ការ​រស់នៅ​ដែល​មាន​សុខភាព​​ល្អ​ ជា​ជាង​ម៉ោង​រោទ៍​ទូរសព្ទ។ ចង់​ដឹង​ថា​មូលហេតុ​អ្វី​ តាម​ដាន​ដូច​ខាង​ក្រោម​នេះ ៖

១. ដាក់​ទូរសព្ទ​ក្បែរ​ខ្លួន​ដើម្បី​ឮ​ម៉ោង​រោទ៍ ពិត​ណាស់​អ្នក​ច្បាស់​ជា​ឆ្លៀត​យក​ទូរសព្ទ​មក​ចុច​បន្តិច​មុន​នឹង​ចូល​គេង​ជា​មិន​ខាន។ ពន្លឺ​​ភ្លើង​ពណ៌​ខៀវ​ដែល​ជះ​ចេញ​ពី​ទូរសព្ទ​ធ្វើ​ឲ្យ​អ្នក​គេង​មិន​ងាយ​លក់។ គ្រូ​ពេទ្យ​ដំណេក​ភាគ​ច្រើន​ណែនាំ​ថា​​ គួរ​ឲ្យ​ភ្នែក​សម្រាក​ពី​អេក្រង់​ឲ្យ​បាន​មួយ​ម៉ោង​ មុន​នឹង​ចូល​គេង។

​២. ​មនុស្ស​មួយ​ចំនួន​ពេល​ភ្ញាក់​ឡើង​កណ្ដាល​យប់​ តែង​​គេង​មិន​ងាយ​លក់​វិញ​ ហេតុ​នេះ​ក៏​នាំ​ឲ្យ​កើត​មាន​ចិត្ត​​ចង់​​យក​ទូរសព្ទ​មក​ចុច​លេង​ ដែល​នេះ​ធ្វើ​ឲ្យ​ពួក​គេ​រឹត​តែ​គេង​មិន​ងាយ​លក់។ ​

​៣. ភ្ញាក់​ពី​ព្រលឹម​ឡើង​ អ្នក​ខ្លះ​ស្រវា​បិទ​ម៉ោង​រោទ៍​ទូរសព្ទ​រួច ​ក៏​ដាក់​ទូរសព្ទ​ចុះ​ដើម្បី​រៀប​ចំ​ខ្លួន។ ប៉ុន្តែ​មាន​អ្នក​ខ្លះ​មិន​ត្រឹម​តែ​បិទ​ម៉ោង​រោទ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​​ធ្វើ​កិច្ចការ​ដទៃ​ទៀត​ ដូច​ជា​លេង​ Facebook, ឆែក​មើល​អ៊ីមែល មុន​នឹង​ចាប់​ផ្ដើម​រៀប​ចំ​ខ្លួន។ ​ជា​លទ្ធផល​ធ្វើ​ឲ្យ​ពេល​ព្រលឹម​របស់​អ្នក​ចាប់​ផ្ដើម​ឡើង​ដោយ​ប្រញាប់​ប្រញាល់​ជា​ទីបំផុត ដោយ​សារ​បាន​ខ្ជះខ្ជាយ​ពេល​លើ​រឿង​ដែល​មិន​ចាំ​បាច់៕ប្រភព សប្បាយ