ព័ត៌មានក្តៅ! សហរដ្ឋអាមេរិក «ប្រកាសដាក់ទណ្ឌកម្មបន្ថែម លើមន្ត្រីកំពូលៗកូរ៉េខាងជើង» ដែលនឹង​ដុតស្ថានការណ៍ឲ្យរឹតតែ​តានតឹង!

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​បានសម្រេចចិត្ត​ ដាក់ទណ្ឌកម្មលើ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ពីររូប សម្រាប់ការចូលរួមក្នុង​កម្មវិធីអភិវឌ្ឍន៍មីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង​។ ប៉ុន្តែ​ការសម្រេចចិត្តនេះ​កើតឡើងតែមួយ​​ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រី​ការបរទេសរុស្ស៊ី​អះអាងថា ទីក្រុងម៉ូស្គូ នឹងធ្វើជា​អ្នកសម្របសម្រួល​ផ្សះផ្សា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បើសិនជាភាគី​ទំាងពីរត្រូវការ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​សារព័តមាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន ចេញ​ផ្សាយកាលពី​ថ្ងៃអង្គារ ក្រសួងរតនាគារ​ជាតិអាមេរិក បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើងទាំងពីររូប គឺលោក Kim Jong-sik និង​លោក Ri Pyong-chol ដែលអ្នកទាំងពីរសុទ្ធសឹងតែ​បម្រើការងារ ​ក្នុងនាយកដ្ឋាន​ឧស្សាហកម្មអាវុធ របស់គណបក្ស​ពលករ​កូរ៉េខាងជើង។

«ក្រសួងរតនាគារ​ជាតិ អាមេរិក​កំពុងកំណត់​គោលដៅ ដាក់ទណ្ឌកម្មលើថា្នក់ដឹកនាំ​កម្មវិធីមីស៊ីល​ផ្លោង​របស់កូរ៉េខាងជើង នៅក្នុងក្របខណ្ឌ​នៃយុទ្ធនាការ​របស់យើង ក្នុងការដាក់​សម្ពាធជា​អតិបរមា ដើម្បីកាត់ផ្ដាច់​កូរ៉េខាងជើងពីពិភពខាងក្រៅ និងដើម្បីសម្រេច​ឱ្យបាននូវគោលបំណង​លុបបំបាត់អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង នៅលើតំបន់​ឧបទ្វីបកូរ៉េ»។ នេះបើជា​ការលើក​ឡើង​របស់រដ្ឋមន្ត្រី​រតនាគារជាតិ​អាមេរិក លោក Steven T. Mnuchin។

គួរបញ្ជាក់ថា បើតាមក្រសួង​រតនាអាមេរិក ទ្រព្យសម្បតិ្ត​របស់ លោក Kim Jong-sik និងលោក Ri Pyong-chol នឹងត្រូវបាន​បង្កកនៅ​សហរដ្ឋអាមេរិក ហើយរាល់​កិច្ចព្រមព្រៀង​ជាមួយអ្នកទាំងពីរ ក៏ត្រូវបាន​ហាមឃាត់​ផងដែរ៕ប្រភព Freshnews