ចូលរួមរំលែកទុក្ខ! សមត្ថកិច្ចបញ្ជាក់ថា សាកសពដែលរកឃើញគឺជាសាកសពរបស់កីឡាករ Emiliano Sala

អង់គ្លេស៖ នាយកដ្ឋានប៉ូលិស Dorset បានបញ្ចេញរបាយការណ៍ផ្លូវការមួយ ដែលបានឱ្យដឹងថាសាកសពដែលបានរុករកឃើញនៅក្នុងយន្តហោះនោះ គឺពិតជាសាកសពរបស់កីឡាករ Emiliano Sala ពិតប្រាកដមែន តាមរយៈការធ្វើកោសល្យវិច្ច័យយ៉ាងម៉ត់ចត់ពីក្រុមមន្ត្រីមានសមត្ថកិច្ច។

ក្រោយពីមានរបាយការណ៍ផ្លូវការរបស់សមត្ថកិច្ចដែលបានបញ្ជាក់ថា កីឡាករ Emiliano Sala ពិតជាបានបាត់បង់ជីវិតពិតប្រាកដមែន ក្លិបបាល់ទាត់ Cardiff City បានបញ្ចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗនៅលើគេហទំព័រផ្លូវការរបស់ក្លិប។ ក្លិប Cardiff City បានសម្តែងនូវការចូលរួមរំលែកទុក្ខ និងសេចក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសាររបស់កីឡាករ Sala ក៏ដូចជាគ្រួសាររបស់លោក David Ibbotson ដែលជាអ្នកបើកយន្តហោះ ខណៈដែលមិនទាន់មានតម្រុយពីលោកនៅឡើយ។

គួរបញ្ជាក់ថា ការស្វែងរកយន្តហោះដែលបានបាត់នេះធ្វើឡើងដោយក្រុមហ៊ុនឯកជន AAIB បន្ទាប់ពីក្រុមកីឡាករ ក៏ដូចជាអ្នកគាំទ្រជាច្រើនបានធ្វើការបរិច្ចាគទឹកប្រាក់សរុបជាង ៣០០,០០០ផោនដើម្បីបន្តដំណើរការរុករក ខណៈដែលសមត្ថកិច្ចប៉ូលិសនៅតំបន់ Guernsey បានបញ្ឈប់ការរុករក ៕