Messi និង Ronaldo ឈរ​លេខ​១ និងលេខ​២ ក្នុង​ La Liga ​ឆ្នាំ ២០១៧​នេះ!

ក្នុង​ចំណោម​កីឡាករ​ក្នុង​លីគ​កំពូល​អេស្ប៉ាញ​ទាំង​អស់ មាន​តែ​ខ្សែ​ប្រយុទ្ធ Lionel Messi និង Cristiano Ronaldo ប៉ុណ្ណោះ​ ដែល​សម្រេច​គ្រាប់​បាល់​លើស​ ៣០​គ្រាប់ នា​ឆ្នាំ ២០១៧។ នេះ​បើ​តាម​ស្ថិតិ​​ចុះ​ផ្សាយ​ដោយ Marca ។

នៅ​អេស្ប៉ាញ ខ្សែ​ប្រយុទ្ធ Lionel Messi ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​ប្រតិទិន​ឆ្នាំ​នេះ ដោយ​កីឡាករ​អាហ្សង់ទីន​បំប៉ោង​សំណាញ់​ទី​បាន​ចំនួន ៥៤​គ្រាប់។ ចំណែក​ម្ចាស់​ពាន​ Ballon D’or ឆ្នាំ ២០១៧ Cristiano Ronaldo វិញ រក​បាន​តិច​ជាង Messi មួយ​គ្រាប់ ឈរ​លេខ​ពីរ​ក្នុង​ការ​រក​គ្រាប់​បាល់​ឆ្នាំ​នេះ។

បែប​នេះ​ក្ដី Messi មិនអាចបញ្ចប់ឆ្នាំនេះ ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ​អឺរ៉ុប​ឡើយ ខណៈដែលកីឡាករ Harry Kane អាច​រក​បាន​ដល់​ទៅ ៥៦ ឯណោះ។ ឯកីឡាករ Cristiano Ronaldo រកបាន​ត្រឹម 53 គ្រាប់​ប្រចាំ​រដូវ​កាល​។ក្រៅ​ពី​កីឡាករ​ទាំង​ពីរ​ខាង​លើ មិន​មាន​កីឡាករ La Liga ណា​ដែល​ស៊ុត​បាន​លើស​ ៣០​ គ្រាប់​ឡើយ​ក្នុង​ឆ្នាំ​នេះ។ ខ្សែ​ប្រយុទ្ធ​បារាំង Antoine Griezmann ដែល​ឈរ​លេខ​ ៣ បន្ទាប់​ពី Ronaldo រក​បាន​ត្រឹម​តែ ២៩​គ្រាប់​ប៉ុណ្ណោះ។ បន្ទាប់​ពី​ Griezmann មាន​កីឡាករ​ ៤​រូប​ដែល​រក​បាន​ ២០​គ្រាប់​ឡើង មាន​ដូច​ជា Aspas (២៨គ្រាប់), Bakambu (២៧គ្រាប់) Aduriz (២៦គ្រាប់) និង Ben Yedder (២០គ្រាប់)៕ប្រភព សប្បាយ