ប្រធាន ស​.​ស​.​ស​.​ក ស្នើ​ដល់​ស្ថានទូត​អាមេរិក​ឲ្យ​មានការ​ថ្លឹងថ្លែង​លើ​ការ​បង្ហោះ​សារ​ប្រវត្តិសាស្ត្រ​មិន​ពេញលេញ​

(​ភ្នំពេញ​)៖ ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ស​.​ស​.​ស​.​ក បានស្នើ​ដល់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ឲ្យ​មានការ​ថ្លឹងថ្លែង​ឡើងវិញ លើ​ការ​បង្ហោះ​សារ​ប្រវត្តិសាស្ត្រ​មិន​ពេញលេញ ដែល​អាចបង្កើត​ការងឿងឆ្ងល់​ក្នុងចំណោម​យុវជន​កម្ពុជា ចំពោះ​ឥរិយាបថ​របស់​រដ្ឋាភិបាល​អាមេរិក​មកលើ​ប្រទេស និង​ប្រជាជន​កម្ពុជា​។​

​ឯកឧត្តម​បាន​មានប្រសាសន៍​ដូច្នេះ ក្រោយពី​បានទទួល​ជួប​ជា​ឯកជន​ជាមួយ​លោក Michael Newbill ជា​ទូត​ស្តីទី​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា ដែលមាន​អត្ថន័យ​ដល់​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ​។​

​ឯកឧត្តម ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បានលើកឡើង​ពីបទ​ពិសោធន៍​នាពេល​កន្លងមក ដែល​លោក​ធ្លាប់​ចេញ​សេចក្តីថ្លែងការណ៍​មួយ​រំឭក​ដល់​លោក​ទូត William Heidt ឲ្យ​ប្រយ័ត្នប្រយែង​ពាក្យសម្តី នៅពេល​ស្ថានទូត​បង្ហោះ​រូប​ត្រី​ក្រហម Red Herring ហើយ​ក្រោយមក​ក៏​ឃើញថា ទូត​បញ្ឈប់​យុទ្ធនាការ​ញុះ​ញ៉​ង់​បែបនេះ​។​

​ឯកឧត្តម ហ៊ុយ វណ្ណៈ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន នា​យប់​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​ថា «​ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​ស្នើ​មិត្ត​អាមេរិក ជាពិសេស​មិត្ត Michael Newbill មានការ​ថ្លឹងថ្លែង​លើ​ការ​សង្ខេប​ជ្រុង​ប្រវត្តិសាស្ត្រ​មិន​ពេញលេញ​បង្ហោះ​លើ Page Facebook របស់​ស្ថានទូត ដែល​ខ្ញុំ​យល់ឃើញថា វា​កំពុង​បង្កើត​ការងឿងឆ្ងល់​ក្នុងចំណោម​យុវជន​កម្ពុជា ចំពោះ​ឥរិយាបទ​ការទូត​មួយ​ដែល​មិត្ត​អាមេរិក​ហាក់​ខិតខំ​ផ្តោត​តែ​លើ «​ភូមិសាស្ត្រ​នយោបាយ​» ជៀស​ជាង​ខិតខំ​ពង្រឹង «​មិត្ត​ស្មោះ មិត្ត​ដែល​អាច​ជឿទុកចិត្ត​» និង​ហាក់​មិនបាន​ខិតខំ​បង្កើន «​កិច្ចសហការ​» ដើម្បី​ផលប្រយោជន៍​ទ្វេភាគី​នោះទេ​»​។​

​ឯកឧត្តម​បាន​លើក​ជា​យោបល់​ជូន​មន្ត្រី​ទូត​អាមេរិក​ថា «​ខ្ញុំ​មិន​ចង់​ឲ្យ​កូនៗ និង​អ្នកជំនាន់ក្រោយ​របស់​យើង នៅតែ​មើលមិនឃើញ​ពី​ភាពស្មោះត្រង់ ហើយក៏​នៅតែមាន​មន្ទិលសង្ស័យ​ពី​ទំនាក់ទំនង​១​នេះ​។ ពិតណាស់ កម្ពុជា ត្រូវការ​មិត្ត​គ្រប់ផ្នែក​ដោយ​ស្មើភាព ស្មើ​សិទ្ធិ ក្រោម​ស្មារតី​ឯករាជ្យ និង​គោរព​អធិបតេយ្យ​ទៅវិញទៅមក​។ ប្រជាជន​កម្ពុជា និង​ប្រទេស​កម្ពុជា គឺជា​ចៅហ្វាយ​យើងខ្ញុំ​»៕