សមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនក្រុមចោរដៃឆើតដើរលួចម៉ូតូបានពីរនាក់…!

កណ្តាល៖ ជនសង្ស័យបួននាក់មកពីភ្នំពេញ មកលួចម៉ូតូគេទាំងព្រឹក ត្រូវនគរបាលស្រុកស្អាង ដេញតាមចាប់បាន ដល់ស្រុកកោះធំករណីនេះ កើតហេតុនៅថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរិទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង០៨ នឹង១៥នាទី នៅចំណុចភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្ដាល។

លោកវរសេនីយ៍ឯកសេងសុជាតិអធិការស្រុកស្អាងបានប្រាប់អោយដឹងថា៖ជនរងគ្រោះ ឈ្មោះទី ធីភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាលមានមុខរបរ:លក់ដូរ។

ជនសង្ស័យមានគ្នា ០៤នាក់ៈ ១.ឈ្មោះជា ម៉ា ហៅអាជ្រុយភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅ សង្កាត់ចាក់អង្រែលើ ខណ្ឌ័មានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)ស្រុកកំណើត នៅភូមិពេចនា ឃុំបន្ទាយមាស ស្រុកបន្ទាយមាស ខេត្តកំពត។

២. ឈ្មោះម៉េង លីហុង ភេទប្រុសអាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ: មិនពិតប្រាកដ ស្នាក់នៅម្ដុំគីរីរម្យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង (ឃាត់ខ្លួន)។

៣.ឈ្មោះ ម៉ាប់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ:មិនពិតប្រាកដ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន)។

៤.ឈ្មោះ តន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ:មិនពិតប្រាកដ ស្នាក់នៅម្ដុំ ពេទ្យរុស្សី រាជធានីភ្នំពេញ(គេចខ្លួន)។

វត្ថុតាងចាប់យករួមមាន ១.ម៉ូតូម៉ាកហុងដាសេ១២៥ពណ៍គ្រាប់អំពិល ស៊េរីឆ្នាំ២០០៧ ចំនួន១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ០១.៦៣៩១(ជារបស់ជនរងគ្រោះ) មានស្នាមបាក់ក្បាលម៉ូតូ។

២.ម៉ូតូចំនួន១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១AP.៩៦០៨ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។

លោកអធិការបានបន្តទៀតថា៖ នៅវេលាម៉ោង ពេលកើតហេតុខាងលើ ជនរងគ្រោះបានទុកម៉ូតូនៅខាងមុខផ្ទះរបស់ខ្លួនដោយពុំបានដកសោរចេញ ព្រោះជាប់រវល់លក់ដូរ ឈ្លៀតឱកាសនោះជនសង្ស័យខាងលើជិះម៉ូតូចំនួន២គ្រឿង បានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះដោយមានឈ្មោះម៉េង លីហុង ឡើងជិះម៉ូតូយកទៅតែម្ដង។

ពេលជាមួយគ្នានោះម្ចាស់ម៉ូតូឃើញក៏បានស្រែកថា ចោរៗភ្លាមនោះសមត្ថកិច្ចប៉ុស្ដិស្អាងភ្នំ និងកម្លាំងអន្ដរាគមន៍ស្រុកស្អាង បានធ្វើសកម្មភាពដេញតាមពីក្រោយជនសង្ស័យ រហូតដល់ចំណុចភូមិព្រែករុន ឃុំព្រែកគយស្រុកស្អាង ជនសង្ស័យផ្ដួលម៉ូតូចោល រួចរត់ឡើងជិះម៉ូតូជាមួយឈ្មោះជា ម៉ា សំដៅទៅទិសខាងត្បូងតាមផ្លូវជាតិលេខ២១។

ដោយមានការដឹកនាំកំលាំងផ្ទាល់ពីលោកវរសេនីយ៍ឯក សេង សុជាតិ(អធិការ) និងបានសហការជាមួយសមត្ថកិច្ចនគរបាលស្រុកកោះធំ ទើបសមត្ថកិច្ចនគរបាលស្រុកស្អាង ដេញតាមឃាត់ខ្លួនបានជនសង្ស័យខាងលើនៅភូមិកោះទាវ (ក)ឃុំសំពៅពូន ស្រុកកោះធំ ចំណែកជនសង្ស័យឈ្មោះម៉ាប់ និងឈ្មោះតន បានជិះម៉ូតូ១គ្រឿងផ្សេងទៀតគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់បានឃាត់ខ្លួននៅអធិការដ្ឋានគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដន៍តាមនីតិវីធី ៕