បុរស​ម្នាក់​ នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ ប្តឹង​ក្រុម​មន្ត្រី​នគ​របាល​នៃមន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ដែល​ចាប់​ច្រ

(​ភ្នំពេញ)​៖​ បុរស​ម្នាក់​ នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ ចំនួន​២​ករណី​ ១.​ការ​អនុវត្ត​ច្បាប់​ខុស​នីតិវិធី​ ទី​២.​ អំពើ​ហិង្សា​ដោយ​ចេតនា។ បុរសនោះ ប្តឹង​ក្រុម​មន្ត្រី​នគ​របាល​ នៃមន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ ដែល​បាន​ចាប់​រូប​គាត់​ ហើយ​ប្រើ​អំពើ​ហិង្សា​ថែម​ទៀត​។​ ហេតុការណ៍​ខាងលើ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​ ១១​យប់​ ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​។​

​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​មនុស្ស​មួយ​ក្រុម​ និង​រថយន្ត​មួយ​គ្រឿង​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​មន្ត្រី​នគរបាល​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ នៃ​អគ្គស្នងការ​នគរ​បាល​ជាតិ​ ស្លៀកពាក់​ស៊ីវិល​ បាន​ចាប់​បុរស​ម្នាក់ ​ញាត់​ចូល​រថយន្ត ​ដឹក​មក​អគ្គស្នងការ​នគរបាល​ជាតិ​ សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។​

​បុរស​រង​គ្រោះ ​ដែល​ត្រូវ​បាន​នគរបាល​ចាំ​ច្រឡំ​ មានឈ្មោះ​ ឡាយ​ ប៊ុ​ន​ថូ​ អាយុ ​៣១​ឆ្នាំ​ ស្នាក់​នៅ​​សង្កាត់​ទួល​ទំពូង​២​ ផ្លូវ​៤៧៦​ ខណ្ឌចំការមន​ ធ្វើការ​នៅ​ក្រសួង​ធនធានទឹក​ និងឧតុនិយម នៅ​នាយកដ្ឋាន​ការ​ត្រួតពិនិត្យ​ ធ្វើ​អាជីវកម្ម​ និង​អ​ភិ​រក្ស​។ បុរសនេះ ត្រូវ​នគរបាល​ចាប់​នៅ​ម្តុំ​ស្ពាន​អាកាស​ក្បាលថ្នល់​ ជិត​កា​រ៉ា​ស់​សាំង​សូ​គី​មិច​។​

​បុរស​រង​គ្រោះ ​បន្ត​ថា​ ក្រុម​មន្ត្រី​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បាន​ប្រើ​អំពើ​ហិង្សា​លើ​រូប​គាត់ ​ចំនួន​៥​ដៃ​​ ហើយ​ដឹក​មក​យក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៃ​អគ្គស្នងការ​នគរបាល​ ដោយ​មន្ត្រី​នគរបាល​បាន​ហៅ​មនុស្ស​ម្នាក់ ​មក​ចង្អុលបង្ហាញ​ ថាតើ​បុរស​ម្នាក់​​​នឹង​មែន​?​។ ប៉ុន្តែមនុស្ស​ម្នាក់ ​ដែល​មន្ត្រី​នគរបាល​ ​​អោយ​ចង្អុលបង្ហាញ​នោះ បាន​ឆ្លើយ​ថា ​មិនមែន​បុរស ​ដែល​ចាប់​​មក​ហ្នឹងទេ គ្រាន់តែពាក់​​អាវ​ស​ដូច​គ្នា​តែ​ប៉ុណ្ណោះ​។​

​ក្រោយ​ពី​ដឹង​ថា​ ចាប់​ច្រឡំ​មនុស្ស​ មន្ត្រី​នគរបាល​ទាំងអស់​ បាន​សុំ​ទោស​បុរស​ម្នាក់ ​ដែល​ចាប់​ច្រឡំនោះ​​។​ តែ​បុរស​ម្នាក់​នោះ ​បាន​ឆ្លើយ​ថា​ គា​ត់​មិន​អាច​ទទួល​បាន​ទេ​ ព្រោះ​មន្ត្រី​នគរបាល ​ជា​អ្នក​អនុវត្ត​ច្បាប់​ ត្រូវ​តែ​ស៊ើ​ប​អង្កេត​ ឱ្យ​បាន​ច្បាស់ មុនចាប់។​ ការ​អនុវត្ត​បែប​នេះ​ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​គាត់​ខ្លាំង​ណាស់​​។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​ សារព័ត៌មាន​យើង​ មិន​អាច​សុំ​ការ​បកស្រាយ​ពី​លោក​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ ទទួល​បន្ទុក​ផ្នែក​គ្រឿងញៀន​បាន​ទេ​ នៅ​រសៀល​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​នេះ​ ដោយ​ហៅ​ទូរស័ព្ទ​ចូល ​ពុំ​មាន​អ្នក​ទទួល​។​

​ជាមួយ​គ្នា​នេះ​ដែរ​ សារព័ត៌មាន​យើង ​ក៏​បាន​ហៅ​ទូរស័ព្ទ​ទៅ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ផង​ដែរ​ ពាក់ព័ន្ធ​ករណី​មន្ត្រី​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ដែល​តែងតែ​ចាំ​មនុស្ស​ច្រឡំ ​ជា​ញឹកញាប់​ តែ​លោកនាយឧត្តមសេនិយ៍ ពុំ​​​ទទួល​ទូរស័ព្ទ​ឡើយ​៕