រថយន្ត​ ៥ ម៉ូដែល​​ អតិថិជន​អាមេរិក​​ពេញ​ចិត្ត​បំផុត

ទស្សនាវដ្ដី​ Consumer Reports បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​ បង្ហាញ​ពី​រថយន្ត​ ៥ ម៉ូដែល​ដែល​អតិថិជន​នៅ​សហរដ្ឋអាមេរិក​ពេញ​ចិត្ត​ជា​ទី​បំផុត។ ការ​សិក្សា​ផ្អែក​លើ​​​ការ​ដាក់​ពិន្ទុ​របស់​ម្ចាស់​រថយន្ត​ អំពី​បទ​ពិសោធន៍​នៃ​ការ​បើក​បរ, ផាសុកភាព, តម្លៃ, រូបរាង, សំឡេង និង​ប្រព័ន្ធ​គ្រប់​គ្រង​អាកាសធាតុ។ ចំណុច​ចុង​ក្រោយ​សំខាន់​បំផុត​ គឺ​ចម្លើយ​ចំពោះ​សំនួរ​សួរ​ថា​​ពួក​គេ​នឹង​ទិញ​រថយន្ត​នោះ​ជិះ​ម្ដង​ទៀត​ឬ​អត់។

លទ្ធផល​មាន​ដូច​ខាង​ក្រោម​ ៖

១. Tesla Model S

មាន​អតិថិជន​ ៩២,៥% និយាយ​ថា​​​ពេញ​ចិត្ត​នឹង​ទិញ​រថយន្ត​នេះ​ជិះ​ម្ដង​ទៀត។ Model S ក៏​ធ្វើ​ឲ្យ​​អតិថិជន​ពេញ​ចិត្ត​ត្រង់​រូបរាង, ផាសុកភាព និង​ការ​បើកបរ​ផង​ដែរ។

២. Porsche 911

ទទួល​បាន​ការ​កោត​សរសើរ​លើ​​ការ​បើកបរ​, ផ្ទៃ​ខាង​ក្នុង​មាន​​ពោរ​ពេញ​ដោយ​ផាសុកភាព និង​មាន​រូបរាង​ស្អាត​ ដែល​បណ្ដាល​ឲ្យ​អតិថិជន​ ៩២,១% ​និយាយ​​ថា​នឹង​ទិញ​ជិះ​ម្ដង​ទៀត។

៣. Chevrolet Corvette

មាន​អតិថិជន​ ៩១,២% ពេញ​ចិត្ត​នឹង​រថយន្ត​នេះ​ជា​ខ្លាំង​ ជា​ពិសេស​លើ​បទ​ពិសោធន៍​នៃ​ការ​បើកបរ​ ហើយ​យល់​ថា​រថយន្ត​នេះ​សម​នឹង​តម្លៃ។

៤. Lincoln Continental

រចនា​បថ​​ស្អាត​ប្លែក​, មាន​បច្ចេកវិទ្យា​ពិសេសៗ​ និង​​មាន​ផាសុកភាព​ រួម​ទាំង​មាន​ទំហំ​ធំ​ទូលាយ​ ដែល​អាច​ទាក់​ចិត្ត​អតិថិជន​បាន​ ៩១%។

៥. Ford F-350

មាន​អតិថិជន​មិន​តិច​ជាង​ ៩០% នោះ​ទេ​ ដែល​ហ៊ាន​និយាយ​ថា​​នឹង​ទិញ​ជិះ​ម្ដង​ទៀត​ ដោយ​សារ​ពេញ​ចិត្ត​នឹង​​បទ​ពិសោធន៍​នៃ​ការ​បើកបរ​ រួម​ទាំង​រូបរាង​ដ៏​រឹងមាំ​របស់​វា​ផង​ដែរ៕​​​​​ប្រភព​ សប្បាយ