អ្នក​ប្រើ​ iPhone 6s Plus ប្រាប់​មូលហេតុ​ មិន​ប្ដូរ​ប្រើ​ iPhone 7/8 និង​ iPhone X

​Antonio Villas Boas ជា​បុគ្គលិក​មួយ​រូប​ប្រចាំ​សារព័ត៌មាន​ Business Insider និង​ជា​ម្ចាស់​ iPhnoe 6s Plus រយៈពេល​ ២ ឆ្នាំ​មក​ហើយ​នោះ​ បាន​លើក​ឡើង​ពី​​មូលហេតុ​មួយ​ចំនួន​ដែល​លោក​មិន​ប្ដូរ​ទៅ​ប្រើ​ iPhone 7, iPhone 8 និង iPhone X ដែល​ជា​ស៊េរី​ខ្ពស់។

១. iPhone 6s នៅ​​តែ​មាន​រូបរាង​ដូច​នឹង​ iPhone 7 និង​ iPhone 8

មើល​ឲ្យ​ជាក់​ទៅ​ iPhone 6s និង​ iPhone 7 មាន​រូបរាង​​​ខុស​គ្នា​តែ​នៅ​លើ​រចនាបថ​ខ្សែ​អង់តែន​ ដែល​បាន​ប្ដូរ​ទៅ​ដាក់​នៅ​ផ្នែក​កៀនៗ​ខាង​លើ​ និង​ខាង​ក្រោម​វិញ។ ខ្សែ​អង់តែន​នេះ​ប្រហែល​ជា​អ្នក​​ប្រើ​ iPhone 6s ខ្លះ​មិន​ពេញ​ចិត្ត​ ប៉ុន្តែ​ប្រើ​សម្បក​ការពារ​​នឹង​ជួយ​​​​បាំង​កុំ​ឃើញ​ខ្សែ​នេះ។

​​ចំណែក​ iPhone 6s និង iPhone 8 វិញ​ក៏​មិន​មាន​រូបរាង​ខុស​គ្នា​ខ្លាំង​ប៉ុន្មាន​ដែរ​ គ្រាន់​តែ​ iPhone 8 មាន​​​ផ្នែក​​ខាង​ក្រោយ​ធ្វើ​កញ្ចក់​មើល​ទៅ​ដូច​ជា​ទាក់​ទាញ​​បន្តិច។ ប៉ុន្តែ​ត្រឹម​តែ​មួយ​ចំណុច​នេះ​មិន​អាច​ជំរុញ​ឲ្យ​ Antonio ប្ដូរ​ទៅ​ប្រើ​ iPhone 8 បាន​នោះ​ទេ។

២. ពណ៌​ថ្មី​លើ​ iPhone 7/ iPhone 8 ​ស្អាត​ប្លែក​ ប៉ុន្តែ​​ Antonio ពេញ​ចិត្ត​ពណ៌​​ទឹក​ប្រាក់​ជាង​​​

​​​ពណ៌​ខ្មៅ​រលោង​លើ iPhone 7 និង​ពណ៌​ខ្មៅ​ធម្មតា​ជា​ជម្រើស​ដ៏​ល្អ​មួយ​ ប៉ុន្តែ​វា​មិន​អាច​ដុត​ចិត្ត​ Antonio ឲ្យ​ទិញ​ iPhone 7 នោះ​ទេ ព្រោះ​ថា​បើ​ទិញ​ក៏​គាត់​ចង់​បាន​ពណ៌​ទឹក​ប្រាក់​ ឬ​ពណ៌​ស​ដែរ។ ទោះ​បី​ពណ៌​មាស​របស់​ iPhone 8 ដែល​មើល​ទៅ​ស្រដៀង​ពណ៌​ Rose Gold ​មាន​ភាព​ឡូយ​ឆាយ​ ប៉ុន្តែ​ Antonio នៅ​តែ​ស្នេហា​ពណ៌​ទឹក​ប្រាក់។

៣. iPhone X ទាក់​ទាញ​បំផុត​ ប៉ុន្តែ​ទាស់​ត្រង់​តម្លៃ​

iPhone X ជា​ស្មាតហ្វូន​ដ៏​ល្អ​មួយ​ដែល​អ្នក​អាច​សម្រេច​ចិត្ត​ទិញ​ឥឡូវ​នេះ​ ដោយ​សារ​មាន​អេក្រង់​លាត​ស្ទើរ​ពេញ​ផ្ទៃ និង​មាន​ចំណុច​ពិសេស​ជា​ច្រើន​ទៀត។ Antonio សារភាព​ថា​រចនាបថ​របស់​ iPhone X ​ទាក់​បាន​​ចិត្ត​របស់​គាត់​ ឲ្យ​ចេញ​ឆ្ងាយ​ពី​ iPhone 6s Plus។ តែ​ទោះ​យ៉ាងណា​គាត់​សម្រេច​មិន​ចោល​ iPhone 6s Plus ទៅ​យក​ iPhone X ដែល​មាន​តម្លៃ​ដល់​ខ្ទង់​ ១ ០០០ ដុល្លារ​នោះ​ទេ។

៤. iPhone 6s Plus នៅ​តែ​ដើរ​លឿន​

ទោះ​បី​ជា​ជា​បន្ទះ​ឈីប​​ស៊េរី​ចាស់​ ប៉ុន្តែ​បន្ទះ​ឈីប​ A9 លើ​ iPhone 6s Plus ​អាច​ដំណើរ​ការ​កម្មវិធី​ជា​ច្រើន​បាន​លឿន​​ មិន​ធ្វើ​ឲ្យ​ទាស់​ចិត្ត​នោះ​ទេ ទោះ​បី​ជា​ប្រើ​យូរ​ឆ្នាំ​ក្ដី។

៥. កាមេរ៉ា​ iPhone 6s Plus នៅ​តែ​ល្អ​

រូបថតដោយប្រើ iPhone 6s Plus

អ្វី​ដែល​ iPhone 7 Plus, iPhone 8 Plus និង iPhone X មាន​លើស​ iPhone 6s Plus នោះ​គឺ​កាមេរ៉ា​ភ្លោះ ដែល​អាច​​ Zoom ពេល​ថត​​ដោយ​មិន​បាត់​បង់​គុណភាព និង​ផលិត​រូបភាព​បែប​​ច្បាស់​មុខ​ព្រាល​ក្រោយ​បាន។ ប៉ុន្តែ​​ត្រឹម​តែ​ចង់ Zoom បាន​ល្អ និង​​​​​អាច​ថត​រូប​​ច្បាស់​មុខ​ព្រាល​ក្រោយ មិន​អាច​ធ្វើ​ឲ្យ​ Antonio ចាយ​លុយ​​ខ្ទង់​ ៨០០ ដុល្លារ​ឡើង បាន​នោះ​ទេ។

៦. អេក្រង់​មិន​ខុស​គ្នា​ខ្លាំង

ត្បិត​ថា ​Apple បាន​​និយាយ​ថា​ iPhone 7, iPhone 8 មាន​អេក្រង់​ដែល​ល្អ​ប្រសើរ​ជាង​ iPhone 6s ប៉ុន្តែ​​មើល​តាម​ធាតុ​ពិត​ ហាក់​មិន​មាន​ភាព​ខុស​គ្នា​ប៉ុន្មាន​ទេ ហើយ​ទាំង​បី​ម៉ូដែល​នេះ​សុទ្ធ​តែ​មាន​មុខងារ​ 3D Touch ដូចៗ​គ្នា​ផង​ដែរ។

៧. Face ID ទាញ​​ចិត្ត​ Antonio មិន​បាន

Face ID មើល​ទៅ​ទំនើប​ និង​ឡូយ​ ដោយ​សារ​វា​ជា​វិធី​សាស្ត្រ​ដែល​អាច​ប្រើ​ដើម្បី​ដោះ​សោ​ទូរសព្ទ ប៉ុន្តែ​ Touch ID ក៏​មិន​ទាន់​ហួស​សម័យ​ដែរ។

៨. iPhone 6s Plus មាន​រន្ធ​ដោត​កាស

iPhone 7, iPhone 8 និង iPhone X មិន​មាន​រន្ធ​ដោត​កាស​ ហេតុ​នេះ​មិន​អាច​ស្ដាប់​ចម្រៀង​ និង​សាក​ថ្ម​ក្នុង​ពេល​តែ​មួយ​បាន​នោះ​ទេ លុះត្រាតែ​ប្រើ​ខ្សែ​ត ឬ ត្រូវ​ចំណាយ​ថវិកា​បន្ថែម​ដើម្បី​ទិញ​កាស​ឥត​ខ្សែ។

ខាង​លើ​នេះ​ជា​មូលហេតុ​របស់​បុគ្គល​មួយ​រូប​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​មើល​ទៅ​ក៏​ហាក់​ដូច​ជា​សម​ហេតុផល​​​ដែរ។ ការ​រៀប​រាប់​នេះ​ដែរ មិន​​មាន​ចេតនា​​ណែនាំ​​​អ្នក​​មិន​​គួរ​ប្ដូរ​ប្រើ​ iPhone ស៊េរី​ខ្ពស់ៗ​នោះ​ទេ ប៉ុន្តែ​​ចង់​ឲ្យ​ពិចារណា​ឲ្យ​​បន្តិច​​សិន​ មុន​នឹង​ចាយ​លុយ​រាប់​រយ​ដុល្លារ​លើ​វា៕​​​​​​