ក្រសួងការពារជាតិ នឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ កិច្ចប្រជុំ​លើក​ទី​១៤ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​

(​ភ្នំពេញ​)៖ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ កិច្ចប្រជុំ​លើក​ទី​១៤ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​(The14th General Border Committee Meeting “GBC”) នៅ​សណ្ឋាគារ​ការ​ដេ​ន​ស៊ីត​ធី រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សហប្រធាន​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅ​កម្ពុជា និង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សូវ​ណ្ណ​(Prawit Wongsuwon) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​ថៃ សហប្រធាន​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅ​ថៃ​។​

​ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ​២០០៦ រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​ថៃ គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ​(General Border Committee “GBC”) មួយ​ត្រូវបាន​បង្កើតឡើង ដោយមាន​ការជួបជុំ​ប្តូរ​វេន​យ៉ាង​ទៀងទាត់​រៀងរាល់ឆ្នាំ ហើយ​ក្នុង​ឆ្នាំ​២០១៩​នេះ កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ សម្រាប់​កិច្ចប្រជុំ​លើក​ទី១៤ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​គណៈប្រតិភូ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ ដឹកនាំ​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​គណៈប្រតិភូ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ថៃ​-​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រាវីត វង្ស​សូវ​ណ្ណ​។​

​កិច្ចប្រជុំ​លើក​ទី​១៤​នេះ ក៏ដូចជា​កិច្ចប្រជុំ​មុនៗ​ដែរ ភាគី​ទាំងពីរ នឹង​បន្ត​កិច្ចពិភាក្សា​របស់ខ្លួន​ដោយ​ផ្តោត​យ៉ាងសំខាន់ លើ​ការពង្រឹង និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ បង្កើត​ទំនាក់ទំនង​ល្អ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ ក្នុង​កិច្ចការពារ និង​រក្សា​ឲ្យ​បាន​រឹងមាំ​នូវ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍ តាម​បណ្តោយ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម នានា​ដែល​អាច​កើតមានឡើង​នៅតាម​បណ្តោយ​ព្រំដែន​រួម​នស​ប្រទេសជិតខាង​ទាំងពីរ ដើម្បី​រក្សា និង​ធានាបាន​នូវ សេចក្តីសុខ ក្សេមក្សាន្ត និង​ជីវភាព របស់​នៅ រីកចម្រើន​របស់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ ៕