ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រៀបចំ​វគ្គ​បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ ជាមួយ​មជ្ឈមណ្ឌល Center of Asia Leadership Initiatives

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ ដល់​មន្ត្រីរាជការ ជា​ថ្នាក់ដឹកនាំ​របស់​ក្រសួង ក្នុង​កិច្ចសហការ​ជាមួយនឹង​មជ្ឈមណ្ឌល Center of Asia Leadership Initiatives (CALI)​។​

​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ភាពជា​អ្នកដឹកនាំ “Adaptive Leadership: Leading Change for Organizational Renewal” នឹងត្រូវ​បានរៀបចំ​ដោយមាន​ការបណ្តុះបណ្តាល​ពី​វាគ្មិន​ដែល​បានបញ្ចប់​ការសិក្សា​មកពី​សាកលវិទ្យាល័យ Harvard ចាប់ពី​ថ្ងៃទី​១១ ដល់ ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​វគ្គ​បណ្តុះបណ្តាល​ទី​១ នឹងធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្រាប់ មន្ត្រីរាជការ​ជា​ថ្នាក់ដឹកនាំ​ចំនួន ៥០​នាក់ ។ រីឯ​វគ្គ​បណ្តុះបណ្តាល​ទី​២ នឹងត្រូវ​ធ្វើឡើង​នៅ​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្រាប់​មន្ត្រីរាជការ​ជា​ថ្នាក់ដឹកនាំ​ចំនួន ៥០​នាក់​បន្ថែមទៀត ។​

​វគ្គ​បណ្តុះបណ្តាល​នេះ ត្រូវបាន​រៀបចំឡើង​សម្រាប់​មន្ត្រីរាជការ​ជា​ថ្នាក់ដឹកនាំ​របស់​ក្រសួង ដើម្បី​បង្កើន​នូវ​ចំណេះដឹង​ផ្ទាល់ខ្លួន​និង​សម្រាប់​អង្គភាព​របស់ខ្លួន​លើ​ជំនាញ​ភាពជា​អ្នកដឹកនាំ ក្នុង​គោលដៅ​បង្កើត​នូវ​គំនិត​ផ្តួចផ្តើម​ថ្មីៗ លើ​ការបង្កើន​ប្រសិទ្ធភាព​ការងារ នៅក្នុង​អង្គភាព​និង​សហគមន៍​របស់ខ្លួន​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​សារ​ទៅកាន់​អ្នកចូលរួម​ថា “​វគ្គ​បណ្តុះបណ្តាល​នេះ គឺជា ឱកាស​ដ៏​កម្រ​ក្នុងការ​ពង្រីក​នូវ​ចំណេះ​ជំនាញ​វិជ្ជាជីវៈ​ផ្ទាល់ខ្លួន ព្រមទាំង​ផ្តល់ឱកាស​ដល់​មន្ត្រីរាជកា​រ​ជា​អ្នកដឹកនាំ​របស់​យើង ក្នុងការ​សិក្សា​ស្វែងយល់​ពី​ជំនាញ​សំខាន់ៗ​ចាំបាច់​ដែល​ចូលរួមចំណែក​ជា​វិជ្ជមាន​ដើម្បី​ដឹកនាំ​ក្រសួង​និង​ប្រទេសជាតិ​យើង​ឆ្ពោះទៅកាន់​ការរីកចម្រើន​លូតលាស់​បន្ថែមទៀត​”​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជា​អតីត​និស្សិត​នៃ​សាកលវិទ្យាល័យ Harvard បានទទួល​ស្គាល់​ផងដែរ​ថា កម្មវិធី​បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ ដែល​រៀបចំឡើង​ដោយ មជ្ឈមណ្ឌល Center of Asia Leadership Initiatives (CALI) នេះ នឹង​ផ្តល់ឱកាស​សម្រាប់​មន្ត្រីរាជកា​រ​គ្រប់រូប ក្នុង​ការបើក​ចិត្ត និង​រៀន​អភិវឌ្ឍន៍​ខ្លួន​ឱ្យទៅជា​អ្នកដឹកនាំ​ដូចដែល ឯកឧត្តម ធ្លាប់​ទទួលបាន​បទពិសោធ​ន៍​សម្រាប់​ចំណេះ​ជំនាញ​ផ្ទាល់ខ្លួន និង ជំនាញ​វិជ្ជាជីវៈ​ផងដែរ​។​

​ស្របតាម​ក្របខ័ណ្ឌ និង​វិធីសាស្ត្រ​បង្រៀន​នៅ​មហាវិទ្យាល័យ Harvard Kennedy School of Government និង​មហាវិទ្យាល័យ Harvard Business School វគ្គ​បណ្តុះបណ្តាល​រយៈពេល​៣​ថ្ងៃ​ទាំង​២​វគ្គ​នេះ នឹងមាន​កិច្ចពិភាក្សា​ទៅលើ​ករណី​សិក្សា​សំខាន់ៗ​សម្រិតសម្រាំង​ពិសេស​សម្រាប់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ថ្នាក់កណ្តាល ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​សាធារណៈ​ផងដែរ​។​

​ជាទី​បញ្ចប់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើកទឹកចិត្ត​ដល់​អ្នកចូលរួម​ទាំងអស់​ឱ្យមាន​ការតាំង​ចិត្ត​ខ្ពស់​ក្នុងការ​ទាញយក​នូវ​អត្ថប្រយោជន៍​ពេញលេញ​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងថា “​លើសពី​ជំនាញ​ដែល​បាន​បណ្តុះបណ្តាល មន្ត្រីរាជការ​ជា​អ្នកដឹកនាំ​របស់​យើង​នឹង​អាច​ទទួលបាន​នូវ​សមត្ថភាព​ដែល​អាច​ឆ្លុះបញ្ចាំង​ពី​គុណ​តម្លៃ​របស់ខ្លួន គោលដៅ​ក្នុង​ជីវិត ព្រមទាំង​កត្តា​ដែល​ជំរុញ​លើកទឹកចិត្ត​ក្នុងតួនាទី​ជា​អ្នកដឹកនាំ​ផងដែរ​” ៕