ម្តាយ សារ៉ាយ សក្ខណា ត្រូវ​គេ​រឹប​អូស​យក​ឡាន រឿង​បំណុល​៣ម៉ឺន​ដុល្លារ

វេលាម៉ោង២ និង៤០នាទី ថ្ងៃទី៣ មករា នេះ អ្នកស្រី ផាន់ សម្ផស្ស ម្ដាយ​ សារ៉ាយ សក្ខណា ត្រូវ​បាន​មន្ត្រី​តុលាការ​បង្ហើប​ថា ភាគី​ម្ចាស់​បំណុល​ឈ្មោះ ឃុត ស្រីមុំ ជា​អ្នក​ចង​ការ​ប្រាក់ បាន​រឹប​អូស​យក​រថយន្ត​ម៉ាក ឡិចស៊ីស 470 ពណ៌​ទឹក​ដោះ​គោ ពាក់ស្លាកលេខ 2AJ 5488 មក​តម្កល់​ទុក​នៅ​តុលាការ ដោយ​អះអាង​ថា អ្នកស្រី​ពាក់​ព័ន្ធ​នឹង​បំណុល​ហើយ​មិន​ដោះស្រាយ​ ចំនួន៣ម៉ឺន​ដុល្លារ។

មក​ទល់​ម៉ោង​នេះ រថយន្ត​របស់​អ្នកស្រី​ត្រូវ​បាន​តុលាការ​ឃាត់ទុក ខណៈ​អ្នក​ស្រីបាន​បើក​រថយន្ត​មក​ឲ្យ​តុលាការ​តម្កល់​ទុក​ដោយ​ផ្ទាល់ ហើយ​ក៏​បាន​ចូល​ក្នុង​តុលាការ ហើយ​មិនមានការ​បក​ស្រាយ។

ប្រភព​ពី​តុលាការនិយាយ​ថា រថយន្ត​របស់​អ្នកស្រី សម្ផស្ស ម្ដាយ​អ្នក​នាង សារ៉ាយ សក្ខណា ត្រូវ​បាន​តុលាការ​រឹប​អូស​តាម​បណ្ដឹង​របស់​អ្នកស្រី ឃុត ស្រីមុំ បន្ទាប់​ពី​អ្នកស្រី​ខ្ចី​លុយ​ចំនួន​៣ម៉ឺន​ដុល្លារ ហើយ​មិន​សង​ទាំង​ដើម និង​ការ​ប្រាក់ ទើប​ឈាន​ដល់​ការ​រឹប​អូស​នេះ។ ប្រភព​នោះ​ថា អ្នកស្រី សម្ផស្ស បាន​យក​រថយន្ត​ដែល​បាន​បង់​រំលោះ​នៅ​ឃ្លាំង​រថយន្ត យីហោ A5 យក​មក​បញ្ចាំ​អ្នកស្រី ឃុត ស្រីមុំ កាល​ពី១ឆ្នាំ​មុន តែ​ដោយ​មាន​ការ​យោគ​យល់ អ្នកស្រី ឃុត ស្រីមុំ ម្ចាស់​ចង​ការ​ប្រាក់ ក៏​បាន​ប្រគល់​រថយន្ត​ឲ្យ​យក​មក​ប្រើ​មួយ​រយៈ។

ប្រភព​ដដែល​បន្តថា អ្នកស្រី ផាន់ សម្ផស្ស មិន​បាន​បង់​ការ​ប្រាក់ និង​មិន​ដោះស្រាយ​បំណុល​រយៈពេល​យូរ​មក​ហើយ ទើប​ឈាន​ដល់​ការ​ដាក់​បណ្ដឹង ហើយ​ដោយ​មាន​ការ​តវ៉ា ទើប​ឈាន​ដល់​ការ​ស្នើ​ឲ្យ​តុលាការ​រឹបអូស​យក​រថយន្ត​របស់​អ្នកស្រី មក​តម្កល់​ទុក​នៅ​តុលាការ នៅ​រសៀល​ថ្ងៃទី៣ មករា​នេះ។

សារ៉ាយ សក្ខណា និងអ្នកម្តាយ

ស្រប​ជាមួយ​ព័ត៌មាន​នេះ គេ​ឃើញ​ម្ដាយ​អ្នកនាង សារ៉ាយ សក្ខណា បិទ​ម៉ាស់ បើក​រថយន្ត​ដែល​មាន​ជម្លោះ​ចូល​ក្នុង​តុលាការ ដោយ​មិន​អាច​សុំ​ការ​បកស្រាយ​បាន​នៅ​ឡើយ​ទេ។ មក​ទល់​ពេល​នេះ អ្នកស្រីម្ដាយ សារ៉ាយ សក្ខណា នៅ​តែ​មិន​អាច​សុំ​ការ​បំភ្លឺ ស្រប​គ្នា​ដែល​រថយន្ត​ដែល​ត្រូវ​បាន​តុលាការ​រឹប​អូស ត្រូវ​បាន​ទម្លាយ​ថា នឹង​បន្ត​តម្កល់​ទុក​រហូត​ដល់​មាន​ដំណោះស្រាយ៕ប្រភព សប្បាយ