BREAKING NEWS: សហរដ្ឋអាមេរិកព្រមានថា «កូរ៉េខាងជើង​នឹងបាញ់តេស្ត​មីស៊ីលជាថ្មីទៀត» ហើយទីក្រុងវ៉ាស៊ីនតោន នឹងមិនចូលរួមកិច្ចចរចាជាមួយកូរ៉េទាំងពីរឡើយ…

(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតអាមេរិក​ប្រចាំអង្គការ​សហប្រជាជាតិ លោកស្រី Nikki Haley បានព្រមានថា កូរ៉េខាងជើងអាចនឹងបាញ់​សាកល្បងមីស៊ីល​ជាថ្មីម្ដងទៀត​ ហើយថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនចូលរួមក្នុង​កិច្ចចរចាជាមួយ​កូរ៉េខាងត្បូង និងកូរ៉េខាងជើង​ឡើយ លុះត្រាតែ​កូរ៉េខាងជើង​ យល់ព្រមបោះបង់​ចោលអាវុធនុយក្លេអ៊ែរ​ជាមុនសិន។ នេះបើតា​មការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៨។

ការថ្លែងបែបនេះ​របស់ លោកស្រី Nikki Haley ធ្វើឡើងនៅ​ក្នុងបរិបទដែល​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង កំពុងងាកមក​រកការផ្សះផ្សាគ្នា​ឡើងវិញ តាមរយៈការ​បញ្ជាផ្ទាល់របស់ លោក គីម ជុងអ៊ុន ឱ្យបើកខ្សែទូរស័ព្ទ​ក្រហមឡើងវិញ ដើម្បីបើក​កិច្ចចរចា​អន្តរកូរ៉េ ក្រោយមានសំណើ​ពីទីក្រុង​សេអ៊ូល។ យ៉ាងណា​ក៏ដោយ ថ្លែងនៅ​ចំពោះមុខ អ្នក​សារព័ត៌មាន​នៅថ្ងៃអង្គារ (ម៉ោងនៅ​សហរដ្ឋអាមេរិក) លោកស្រីទូត​អាមេរិកបាន​អះអាងថា សហរដ្ឋអាមេរិក ទទួលបាន​ដំណឹងថា កូរ៉េខាងជើង​ទំនងជាកំពុង​រៀបចំ ធ្វើតេស្ដមីស៊ីល​សាជាថ្មីក្នុង​ពេលឆាប់ៗ​នេះ។

«ខ្ញុំសង្ឃឹមថា វានឹងមិនកើត​ឡើងឡើយ។ ប៉ុន្តែបើសិនជាវាកើតឡើងមែន នោះយើងត្រូវតែចាត់​វិធានការយ៉ាងតឹងរឹង​ ប្រឆាំងនឹង​របបដឹកនាំ​កូរ៉េខាងជើង។ មួយវិញទៀត​ខ្ញុំចង់​បញ្ជាក់ថា កូរ៉េខាងជើង​អាចនឹងចរចា​ជាមួយនរណាម្នាក់​ ដែលពួក​គេចង់ ប៉ុន្តែសហរដ្ឋអាមេរិក​នឹងមិនចូលរួម​ឡើយ លុះត្រា តែពួកគេ​យល់ព្រមបោះបង់​អាវុធនុយក្លេអ៊ែរ​ជាមុនសិន»។ ជាការលើក​ឡើងរបស់ លោកស្រី Nikki Haley។

គួរបញ្ជាក់ថា លោកស្រី Nikki Haley មិនបាន​បញ្ជាក់លម្អិតឡើយ​ ពាក់ព័ន្ធ​នឹងការរៀបចំ​បាញ់សាកល្បងមីស៊ីល​របស់ទីក្រុង​ព្យុងយ៉ាង ខណៈក្រុមអ្នក​ជំនាញ​អាមេរិកខ្លះ​យល់ថា កូរ៉េខាងជើង​កំពុងព្យាយាម​ប្រើកិច្ចចរចា ដើម្បីទាញ​កូរ៉េខាងត្បូងឱ្យ​ឃ្លាតឆ្ងាយបន្តិចពី​សហរដ្ឋអាមេរិក ក៏ដូចជាចង់​បានសម្បទាន​ពីទីក្រុងសេអ៊ូល ជាពិសេសគឺ ការបន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច៕