រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​កៀរ​ម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​របួសធ្ងន់​

(​ភ្នំពេញ​) ៖ រថយន្ត​មួយគ្រឿង​បើក​លឿន​កៀរ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយគ្រឿង​ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​ដួល​ចូល​ក្រោម​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត កិន​អូស​ជាង​១០​ម៉ែត្រ​រងរបួស​ធ្ងន់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើយ​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​ត្រង់ចំណុច​ក្បែរ​ច្រកចូល​បុរី​អ័​រ​គី​ដេ តាម​បណ្តោយ​ផ្លូវ​២០០៤ ស្ថិតក្នុង​សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ប្តី​និង​ប្រពន្ធ​កំពុង​មានផ្ទះ​ពោះ​ជិត​គ្រប់​ខែ​សម្រាល បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FP-8279 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ម៉ាក VOLVO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​3D-2370​។ ដែល​បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​បំណង​បត់​ឆ្លងទៅ​ផ្លូវ​២០០៤​។ ខណៈពេល​នោះ​ម៉ូតូ​ជនរងគ្រោះ​បាន​បើក​គេច​ពី​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត ក៏ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​ខាងលើ បាន​បើក​មកពី​ក្រោយ​ម៉ូតូ​ជនរងគ្រោះ បណ្តាល​ឲ្យ​ម៉ូតូ​រងគ្រោះ​ដួល​ខ្ទាតចូល​ទៅខាង​ក្រោម​រថ​យន្ត​កុងតឺន័រ​កិន​អូស​ជាង​១០​ម៉ែត្រ​រង​ការខូចខាត​យ៉ាងដំណំ សំណាង​ពីរ​នាក់​ប្ដី​ប្រពន្ធ​មិន​បាត់​បង់ជីវិត​គ្រាន់តែ​របួសធ្ងន់​។​

​ដោយឡែក​រថយន្ត​បង្ក​មិន​ចាំ​ម៉ាក​ខាងលើ បាន​បន្ថែម​ល្បឿន​បើក​រត់គេចខ្លួន​បាត់ស្រមោល​។ ចំណែក​អ្នកបើកបរ​រថយន្ត​កុងតឺន័រ បង្ក​ក៏បាន​បើកទ្វារ​ចុះ​ពីលើ​រថយន្ត​រត់គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់​ស​ម្រោ​ល បន្សល់ទុក​តែ​រថយន្ត​ដែល​កិន​ម៉ូតូ​ជាប់​ខាងក្រោម នៅ​កន្លែងកើតហេតុ​ប៉ុណ្ណោះ​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​របស់​គ្លីនិក​សម្ភព​រស្មី ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​។ ដោយឡែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន ទាក់ទង​ហៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​វាស់វែង យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា ទៅតាម​ផ្លូវច្បាប់​ជា​បន្តទៀត​នៅពេល​ក្រោយ​៕​