លោក ឃួង ស្រេង ក្លាយជាប្រធានសាខាកាកបាទក្រហមកម្ពុជា ប្រចាំរាជធានីភ្នំពេញ ជំនួសលោក មាន ចាន់យ៉ាដា

(​ភ្នំពេញ​)៖ ពិធី​ផ្ទេរតំណែង​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ពី​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ ជូន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ពិធី​នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​កាកបាទក្រហមកម្ពុជា​។

​សមាសភាព​គណៈ​កិត្តិយស និង​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ អាណត្តិ​ទី​៥ របស់​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ មាន​ចំនួន ១៥​នាក់ និង​សមាជិក​បម្រុង​ចំនួន ២​នាក់​។ ក្នុងនោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានសម្រេច​តែងតាំង​លោក ម៉ប សារិន ជា​ប្រធានកិត្តិយស​សាខា និង​លោក ឃួ​ង ស្រេង ជា​ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ​។​

​លោកស្រី ឃួន សុ​ដា​រី បាន​លើកឡើងថា ការរៀបចំ​សមាសភាព​របស់​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា ទាំង ២៥ រាជធានី​ខេត្ត ត្រូវមាន​ការបត់បែន​និង​ជា​សិទ្ធិ​សម្រេច​របស់​គណៈកម្មាធិកា​រ​សាខា ប៉ុន្តែ​ត្រូវមាន​ការអញ្ជើញ​ចូលរួម​ពិគ្រោះ និង​ផ្តល់យោបល់​ពី​ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន​កាកបាទក្រហមកម្ពុជា ដើម្បី​ឱ្យបាន​ឆ្លើយតប​ទៅនឹង​សំណូមពរ ឬ​សេចក្តីត្រូវការ​ជាក់ស្តែង ក្នុង​មូលដ្ឋាន ធ្វើយ៉ាងណា ធ្វើឱ្យបាន​កាន់តែច្រើន​ជាង​មុន ធ្វើឱ្យ​បានល្អ​ជាង​មុន ធ្វើឱ្យបាន​កាន់តែ​ស៊ីជម្រៅ និង​ទៅឱ្យ​បាន​ឆ្ងាយ​ជាង​មុន​។​

​ជាមួយគ្នានេះ លោកស្រី ឃួន សុ​ដា​រី ក៏បាន​លើកឡើង​នូវ​អនុសាសន៍ ៥ ចំណុច របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ដែល​ផ្តាំផ្ញើ​ដល់​ប្រធាន​ថ្មី នៃ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ​៖
១/ បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ក្នុង​ស្មារតី​ក្រុម សាមគ្គីភាព អនុវត្ត​ដោយ​ឯកភាព និង​ជួយ​គ្នា​ទៅវិញទៅមក រវាង​គណៈកម្មាធិការ​សាខា​-​អនុសាខា​។​

២/ បន្ត​អភិវឌ្ឍ​ស្ថាប័ន ពង្រឹងសមត្ថភាព​សហ​គម​ន៍ ដើម្បី​ផ្តល់​សេវាកម្ម​មនុស្សធម៌ ឱ្យ​កៀក​ដល់​ជន​ងាយ​រងគ្រោះ​បំផុត​។​

៣/ បន្ត​អនុវត្ត​សកម្មភាព​មនុស្សធម៌ ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​នៃប្រតិបត្តិ​ការជួយ​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត​នៅក្នុង​បូរណភាព​ដែនដី​រាជធានី​ភ្នំពេញ​។​

៤/ ខិតខំ​កៀរគរ​រក​មូលនិធិ​ដើម្បី​រក​ថវិកា​ទ្រទ្រង់​សកម្មភាព​សាខា​។​

៥/ បន្ត​ថែរក្សា​កិត្តិនាម​កាកបាទក្រហម​កម្ពុជា ឱ្យ​សក្តិ​សមជា​ជំនួយ​ការឱ្យ​អាជ្ញាធរ​សាធារណៈ​លើ​វិស័យ​មនុស្សធម៌​។​

​សូម​រម្លឹកថា លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​ឡើងកាន់តំណែង​ជា​ប្រធាន​សាខា​កាកបាទក្រហម​កម្ពុជា រាជធានី​ភ្នំពេញ កាលពីថ្ងៃទី០៦ ខែតុលា ​ឆ្នាំ​២០១៨ ជំនួស​លោក ប៉ា សុជាតិ​វង្ស អតីត​អភិបាល​រាជធានី​ភ្នំពេញ ដែល​បច្ចុប្បន្ន លោកប៉ា​សុជាតិ​វង្ស ជា​អ្នកតំណាងរាស្ត្រ ប្រចាំ​មណ្ឌល​រាជធានី​ភ្នំពេញ​៕​