ការវិវត្ត​នៃ​មធ្យោបាយ​ធ្វើដំណើរ​ពី​ទសវត្សរ៍​ឆ្នាំ​1980​ដល់​បច្ចុប្បន្ន​

(​ភ្នំពេញ​) ៖ ក្រោយ​កម្ពុជា​ងើប​ផុតពី​របប​អាវខ្មៅ ទឹកដី​ទូទាំងប្រទេស មានតែ​ភូមិ អត់​មនុស្ស​នៅ មានតែ​ផ្លូវ អត់​មនុស្ស​ដើរ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ស្ងាត់​ឲ្យ​ជ្រងំ ហើយ​លឺសូរ​តែ​សំឡេង​សត្វ​ចចក​លូ ខ្លែងស្រាក​យំ និង​លលកខ្មោច​បូល គួរ​ឲ្យ​ព្រឺ​ឆ្អឹងខ្នង ។​

​អ្នក​ដែលមាន​សំណាង​រួច​ផុតពី​សេចក្ដីស្លាប់​ក្នុង​របប​ឃោរឃៅ​សាហាវយង់ឃ្នង​មួយ​នេះ គ្មាន​សល់​អ្វី​ក្រៅពី​ស្បែក​គ្រប បណ្ដ​ប់​ឆ្អឹង ទឹកមុខ​ស្លេកស្លាំង ស្គមរីងរៃ និង​រស់នៅ​ក្រោមផ្ទះ​បាក់បែក ដំបូល​ឃើញ​មេឃ ជញ្ជាំង​ឃើញ​ព្រៃព្រឹក្សា និង​ធ្វើដំណើរ​ទៅណា​មក​ណា ម​ធ្យោ​យ​បាយ​ដែល​ល្អ​បំផុត គឺ​ថ្មើរជើង ។​

​នឹក​ស្រមៃ​ដល់​កាលពី​ជិត​៤០​ឆ្នាំមុន ឬ​ចាប់ពី​ឆ្នាំ​១៩៨០​មក ប្រហែលជា​លោកតា​លោកយាយ ពុក​ម៉ែ ពូ​មីង អស់លោក លោកស្រី​ដែលមាន​វ័យ​ចាប់ពី​ជាង​៤០​ឆ្នាំ​ប្លាយ​ឡើងទៅ ពិតជា​ចាំ​មិន​ភ្លេច និង​ប្រហែលជា​ឧស្សាហ៍​និទាន​រឿងរ៉ាវ​ដែល​ខ្លួន​បាន​ហែល​ឆ្លង​ប្រាប់​ដល់​កូនចៅ​ជំនាន់​នេះ​ឲ្យ​បានដឹង​ខ្លះ បើទោះជា​ពួកគេ​មិន​ជឿ​ខ្លះ ឬ​ជឿ​ខ្លះ​ក៏ដោយ ។​

​នៅថ្ងៃនេះ កោះសន្ដិភាព ដែលជា​សារព័ត៌មាន​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​កម្ពុជា និង​ជា​សារព័ត៌មាន​ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំងជាងគេ​នៅ​ទូទាំងប្រទេស សូម​រំលឹក​អនុស្សាវរីយ៍​ពី​មធ្យោបាយ​ធ្វើដំណើរ​ខ្លះៗ ដើ​ម្ប​ចែករំលែក​ដល់​យុវជន​សម័យ​ឌីជីថល​ឲ្យ​បានដឹង ក៏ដូចជា​រំញោច​អារម្មណ៍​លោកតា​លោកយាយ ពុក​ម៉ែ ពូ​មីង អស់លោក លោកស្រី​ឡើងវិញ​បន្ដិច បើទោះជា​យើង​កំពុង​រស់នៅ​ក្នុងសង្គម​ដែល​សម្បូរ​សប្បាយ​ក៏ដោយ ។ នឹក​ដល់​មធ្យោបាយ​ធ្វើដំណើរ​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៨០​ដល់​១៩៩០ ប្រជាជន​ទូទៅ​ធ្វើដំណើរ​ទៅណា​មក​ណា​គឺ​ពឹង​លើ​ជើង​ទាំងពីរ មិន​ថា​ជិត​ឬ​ឆ្ងាយ ដី​ចម្ងាយ​៥​ទៅ​១០​គីឡូម៉ែត្រ រហូតដល់​២០​គីឡូម៉ែត្រ ក៏​ដើរ​ដែរ ។ ចំណែក​មធ្យោបាយ​ផ្សេងទៀត មាន​រទេះសេះ រទេះគោ តែ​កម្រ​នឹង​បាន​ជិះ​ណាស់ មានតែ​ត្រូវ​ឡើង​ផ្សារ​ម្ដងម្កាល​ប៉ុណ្ណោះ ។ ចំណែក​អ្នក​នៅ​ទីប្រជុំជន និង​ទីក្រុង​វិញ គឺមាន​កង់ រឺ​ម៉ក​កង់ ស៊ីក្លូ រទេះសេះ និង​ទោចក្រយានយន្ដ​ខ្លះ​ដែរ គ្រាន់តែ​មិន​សម្បូរបែប​។ លុះដល់​ឆ្នាំ​បន្ដ​បន្ទាប់មក ពិសេស​ក្នុង​កំឡុង​ឆ្នាំ​១៩៨៧​ដល់​១៩៩០ ក៏​មានការ​នាំចូល​ម៉ូតូ​ដែល​ភាគច្រើន​គេ​និយម​ហៅ អា​ស្ទាំង អា​គុប អា​សេ​អិ​ល អា​សេ​ដេ និង​អាស​ង់​តែម​ភ្លើង ជាដើម ។​

​គិត​ចាប់ពី​១៩៩០​ដល់​ឆ្នាំ​២០០០ ប្រទេសជាតិ​ចាប់ផ្ដើម​រីកចម្រើន​ជា​បណ្ដើរៗ បើទោះជា​ក្នុងអំឡុង​ពេលនោះ កម្ពុជា​នៅ​បន្ដ​មាន​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ​អូសបន្លាយ​រហូតដល់​ឆ្នាំ​១៩៩៩ ក៏ដោយ ហើយ​ការ​វិវិត្ត​នៃ​មធ្យោបាយ​ធ្វើដំណើរ ក៏​ចាប់ផ្ដើម​រីកចម្រើន​ទៅតាម​កម្រិតជីវភាព​ពលរដ្ឋ​ដែរ ដោយ​ក្នុងនោះ​មាន​នាំចូល​ម៉ូតូ និង​រថយន្ដ​ជជុះ​ស៊េរី​ចាស់ៗ​ជាដើម ហើយ​ការធ្វើដំណើរ​គឺ​ចាប់ផ្ដើម​ពេញនិយម​ម៉ូតូឌុប ពិសេស​គឺ​ម៉ូតូ​សង់​កូរ៉េ ។​

​លុះ​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១០ ក្រោយពេល​ប្រទេស​មាន​សុខសន្ដិភាព​ពេញលេញ សេដ្ឋកិច្ចកម្ពុជា​មានកា​រ​ផ្លាស់ប្ដូរ​គួរ​ឲ្យ​កត់សម្គាល់ ។ វិនិយោគិន​បរទេស​ចា​ប់​ផ្ដើម​មក​បណ្ដាក់ទុន​រកស៊ី​យ៉ាង​គគ្រឹកគគ្រេង ធ្វើ​ឲ្យ​ប្រជាជន​ចាប់ផ្ដើម​មាន​ជីវភាព​ធូរធារ​ឡើងៗ តែ​ត្រូវ​រាំងស្ទះ​បន្ដិច​នៅក្នុង​អំឡុង​ឆ្នាំ​២០០៧-២០០៨ ដោយសារតែ​រង​ឥទ្ធិពល​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល ។ ស្រប​ជាមួយគ្នា​នោះ មធ្យោបាយ​ធ្វើដំណើរ​មួយចំនួន​ក៏​ហួសសម័យកាល​ជា​បណ្ដើរៗ ពិសេស​ដូចជា កង់​ឌុប ឬ​រ៉ឺម៉ក​កង់​ជាដើម ត្រូវ​រសាត់​បាត់​ពី​កែវភ្នែក​មហាជន​ជា​បន្ដបន្ទាប់ និង​លេចចេញ​នូវ​មធ្យោបាយ​ថ្មីៗ​តួយ៉ាង​ម៉ូតូ​កង់​បី​ជាដើម ។​

​ឈានដល់​យុគ្គសម័យ​បច្ចេកវិទ្យា ពិសេស​ចាប់ពី​ឆ្នាំ​២០១០ ដល់​បច្ចុប្បន្ននេះ ការអភិវឌ្ឍ​បាន​ប្រែប្រួល​យ៉ាង​លឿន ប្រទេស​កម្ពុជា​ត្រូវបាន​ឆ្លង​ផុតពី​ប្រទេស​ក្រីក្រ​តោក​យា​ក​ទាំងស្រុង និង​បាន​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ព្រមទាំង​កំពុង​ដើរ​ឆ្ពោះទៅរក​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ទៀត​ថែម ។ ការមកដល់​នៃ​បច្ចេកវិទ្យា​ទំនើប ក៏បាន​ផ្លាស់ប្ដូរ​របៀប​រស់នៅរ​បស់​ប្រជាជន​កម្ពុជា​កាន់តែ​ស៊ី​វិ​ល័យ​ឡើង ហើយ​មធ្យោបាយ​ធ្វើដំណើរ​ក៏​កាន់តែ​ទំនើប​ឡើង​ដែរ ។​

​បច្ចុប្បន្ននេះ ការធ្វើដំណើរ​ទៅណា​មក​ណា គេ​និយម​ជិះ​កង់​បី​ដែល​បំពាក់​បច្ចេកវិទ្យា ងាយស្រួល​ក្នុង​ការហៅ និង​ការទូទាត់​ក៏​ច្បាស់លាស់​ជាង​តថ្លៃ​នឹង​មាត់​ដែរ ។ ចំណែក​កង់​ឌុប ឬ​រ៉ឺម៉ក​កង់ និង​ស៊ីក្លូ ចាប់ផ្ដើម​បាត់បង់​ជា​បណ្ដើរៗ​ទៅហើយ តែបើ​នៅមាន ក៏​សម្រាប់​ផ្ដល់​សេវា​ឲ្យ​ភ្ញៀវទេសចរ​បរទេស​ប៉ុណ្ណោះ ។ បើ​ងា​កមក​មើល​នៅតាម​គ្រួសារ​ប្រជាពលរដ្ឋ​ទូទៅ​វិញ ផ្ទះ​ណា​ក៏មាន​ម៉ូតូ និង​រថយន្ដ​ដែរ ។ តើ​ទៅ​ថ្ងៃ​អនាគត មធ្យោបាយ​ធ្វើដំណើរ​នឹង​វិវត្តន៍​ទៅជា​បែបណា​ទៀត ខណៈ​បច្ចុប្បន្ន ពិភពលោក​កំពុង​គិតគូរ​ទៅដល់​បច្ចេកវិទ្យា​ស្វ័យ​បើកបរ​, ការប្រើ​រថយន្ដ​អគ្គិសនី និង​ប្រើ​បច្ចេកវិទ្យា​ដូចជា​ដ្រូ​ន​ជាដើម​នោះ ?​