កម្ពុជា​​នឹង​ភ្ជាប់​ជើង​ហោះហើរ​ត្រង់​គ្រប់​ប្រទេស​​​អាស៊ាន​នៅ​ឆ្នាំ​នេះ

ភ្នំពេញៈ​កម្ពុជា​​​អាច​នឹង​​មាន​ជើង​​ហោះហើរ​ត្រង់​ភ្ជាប់​ទៅ​ស្ទើរ​​​គ្រប់​ប្រទេស​ជា​សមាជិក​អាស៊ាន​​​នៅ​ឆ្នាំ​នេះ​លើកលែង​តែ​ប្រទេស​ប៊្រុយណេ​​​ខណៈ​ជើង​​​ហោះ​ហើរ​ត្រង់​រវាង​កម្ពុជា​ជា​​មួយ​ឥណ្ឌូនេស៊ី​និង​ហ្វីលីពីន​​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ជា​បន្ត​បន្ទាប់​នៅ​ឆ្នាំ​នេះ​។
អាកាស​ចរណ៍​ Philippine Airlines (PAL)បាន​ប្រកាស​ថា​ខ្លួន​នឹង​ដំណើរ​ការ​សេវា​ហោះហើរ​ទៅ​ទីក្រុង​ភ្នំពេញពី​ទីក្រុង​ម៉ានីល​នៅ​ខែ​មេសា​ឆ្នាំ​នេះ​ការ​ត​ភ្ជាប់​ការ​ហោះហើរ​​ត្រង់​លើក​ដំបូង​រវាង​ប្រទេសហ្វីលីពីននិង​កម្ពុជា​ខណៈ​កាល​ពី​សប្ដាហ៍​មុន​ក្រុម​គណៈ​ប្រតិភូ​​មក​ពី​​ក្រុមហ៊ុន​​អាកាស​ចរណ៍​តម្លៃ​ទាប Citilink​របស់​ប្រទេសឥណ្ឌូនេស៊ីបាន​ជួប​​លោក ​ថោង​ ខុន​ រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​កម្ពុជានិង​បាន​បង្ហាញ​ផែន​ការ​ក្នុង​ការ​បើក​​ផ្លូវ​ហោះហើរ​ត្រង់​​ដែល​ត​ភ្ជាប់​​ប្រទេស​ទាំង​២​ក្នុង​អំឡុង​ឆមាស​ទី​២​ឆ្នាំ​នេះ​។​
លោក​ជា ​អូន​អ្នក​នាំពាក្យ​​រដ្ឋ​លេខាធិការ​​អាកាសចរណ៍​ស៊ីវិល​(SSCA)​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថាជា​មួយ​នឹង​ការ​រំពឹង​ទុក​ថា​ផ្លូវ​អាកាស​រវាង​ប្រទេស​ទាំង ​២នេះ​នឹង​ចាប់​ផ្ដើម​ប្រតិបត្តិការកម្ពុជា​នឹង​បាន​ត្រូវ​ត​ភ្ជាប់​ដោយ​ផ្ទាល់​ដោយ​សេវា​ផ្លូវ​អាកាស​ជា​​មួយ​បណ្ដា​ប្រទេស​ទាំង​អស់​នៅ​ក្នុង​​ប្លុក​អាស៊ានលើកលែង​តែ​ប៊្រុយណេតែ​មួយ​គត់​។​ ​
លោក​ថ្លែង​ថា​៖«​នៅ​ពេល​​ផ្លូវ​ហោះហើរ​ត្រង់​នេះ​អាច​ដំណើរការនឹង​មាន​លំហូរ​ចូល​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​ជា​ដំបូង​ហើយ​ក្រុមហ៊ុន​វិនិយោគ​​នឹង​ចូល​​មក​តាម​ក្រោយ»​។ ​
លោក​បន្ថែម​ថាអវត្ត​មាន​ទីផ្សារ​​ផ្លូវ​ហោះហើរ​ត្រង់​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរឬ​ក្រុមហ៊ុន​ពឹង​ផ្អែក​លើ​ប្រទេស​ទី​៣សម្រាប់​ការ​ត​ភ្ជាប់​ជើង​​ហោះហើរ​ដែល​​ប្រើប្រាស់​​ពេល​វេលា​និង​ប្រាក់​។​
ក្រុមហ៊ុន​PALគ្រោង​​នឹង​ដំណើរការ​ជើង​ហោះហើរ​ភ្នំពេញ​ម៉ានីល​នៅ​ថ្ងៃ​ទី​​១​ខែ​មេសា។​ ​
ក្រុមហ៊ុន​នេះ​នឹង​ប្រតិបត្តិ​ការ​៥ដង​​ក្នុង​១​សប្ដាហ៍ចាប់​​ពី​ថ្ងៃ​ចន្ទ​ដល់​​ថ្ងៃ​សៅរ៍។​ជើង​ហោះហើរ​ដំបូងPR521នឹង​​ចាក​ចេញ​ពី​ទីក្រុង​ម៉ានីល​នៅ​ម៉ោង​១០:​១០នាទី​យប់​ហើយ​រំពឹង​ថានឹង​​មក​ដល់​​ព្រលាន​យន្តហោះ​​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង​១១:​៤៥​នាទី​យប់​។​
ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​ជា​មួយ​គណៈ​ប្រតិភូ​របស់​​ក្រុមហ៊ុន​អាកាស​ចរណ៍​ Citilink របស់​ប្រទេសឥណ្ឌូនេស៊ីកាល​ពី​ថ្ងៃ​សុក្រ​មុនលោក​ថោង​ ខុន​រដ្ឋ​មន្ដ្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថាកម្ពុជា​ស្វាគមន៍​​ក្រុមហ៊ុន​អាកាស​ចរណ៍Citilink ​សម្រាប់​ការ​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ប្រតិបត្តិការ​ជើង​ហោះហើរ​ត្រង់​មក​កម្ពុជា​ដោយ​លើក​ឡើង​ថាជើង​ហោះហើរ​ត្រង់​កាន់​តែ​ច្រើន​រវាង​​កម្ពុជានិង​ប្រទេស​ជា​សមាជិក​អាស៊ានមាន​សារៈ​សំខាន់​។​
លោក​ថ្លែងដោយ​យោង​ទៅ​ដល់​ផែនការ​នៃ​ការ​បើក​ដំណើរការ​របស់​​ក្រុមហ៊ុន​អាកាស​ចរណ៍​ Citilink សម្រាប់​ជើង​ហោះហើរ​ត្រង់​មក​កម្ពុជា​ថា​​៖«​នេះ​នឹង​ធ្វើ​ឲ្យ​ក្ដី​ស្រម័យ​របស់​យើង​ក្លាយ​ជា​ការ​ពិត​ដោយ​សារ​តែ​យើង​​បាន​រង់ចាំ​វា​រយៈ​ពេល​ជា​យូរ​មក​ហើយ​»​។​
លោក​រដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​អ្នក​​ដំណើរ​​រវាង​​កម្ពុជា​និង​​ឥណ្ឌូនេសុីត្រូវ​ឆ្លង​កាត់​​​ប្រទេស​សិង្ហបុរី​​ ទីក្រុង​គូឡាឡាំពួ ទីក្រុង​បាងកក​ ឬទីក្រុង​​ហូជីមិញ ​ដើម្បី​មក​ដល់​កម្ពុជា​។​
តួលេខ​​បាន​ពី​ក្រសួង​ទេសចរណ៍បាន​​បង្ហាញ​ថា​ប្រជាជន​ឥណ្ឌូនេស៊ី​ប្រហែល​៤៧ ២៥៦​នាក់​បាន​មក​ទស្សនា​ប្រទេសកម្ពុជា ​កាល​ពី​ឆ្នាំ២០១៨​កើន​ឡើង​៩ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៧​​។ប្រជាជន​ហ្វីលីពីន​បាន​ទស្សនា​កម្ពុជាមាន​ចំនួន​សរុប​៧៦​ ០២៤ នាក់​កាល​ពី​ឆ្នាំ​២០១៨​ធ្លាក់​ចុះ​១៤​ភាគរយ​ធៀប​នឹង​៨៨ ​៩០៦ ​នាក់​កាល​ពី​ឆ្នាំ​២០១៧​។​
លោកស្រី​ ឆៃ ស៊ីវលីន​ប្រធាន​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​(CATA)​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថាជើង​ហោះហើរ​ត្រង់​កាន់​តែ​ច្រើន​រវាង​កម្ពុជា​និង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​មាន​សារៈ​សំខាន់​​​ក្នុង​ការ​បង្កើន​​ទេសចរណ៍​ទ្វេ​ភាគី​ពាណិជ្ជកម្មនិង​ការ​វិនិយោគ​។​
លោក​ស្រី​បាន​ឲ្យ​ដឹង​ថាប្រទេស​ហ្វីលីពីននិង​ឥណ្ឌូនេស៊ីគឺ​ជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​ទេសចរណ៍​កម្ពុជាដោយ​សារ​តែ​ភ្ញៀវ​ទេសចរ​​ក្រៅ​ស្រុក​នៅ​ក្នុង​​ប្រទេស​ទាំង២កើន​ឡើង​ប្រចាំ​ឆ្នាំនិង​តំណាង​ទីផ្សារ​​ដ៏​ធំ​មួយ​។​
លោក​ស្រី​​ថ្លែង​​ថា​៖«​ក្នុង​ពេល​កន្លង​មក​បញ្ហា​ក្នុង​ការ​​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ទាំង២នេះ​គឺអវត្តមាន​​ផ្លូវ​​ហោះហើរ​ត្រង់​»។លោក​ស្រី​បន្ត​ថា​៖ «​យើង​ជឿជាក់​ថាជា​មួយ​នឹង​ការ​ហោះហើរ​ត្រង់​នេះវា​នឹង​​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​ឧស្សាហកម្ម​ទេសចរណ៍​​កម្ពុជា​»៕