កសិករ​នៅ​ខេត្ត​ប៉ៃលិន​បង្កើន​ការ​ដាំដុះ​មៀន

ប៉ៃលិនៈ​កសិករ​នៅ​ខេត្ត​ប៉ៃលិន​បាន​បន្ត​ពង្រីក​ការ​ដាំដុះ​ដើម​មៀន​ពួក​គេ​មើល​ឃើញ​​ពី​ការ​ទទួល​បាន​ផល​ច្រើន​ពីផ្លែ​ឈើ​នេះ​។​នេះ​បើ​យោង​តាម​អនុប្រធាន​​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​។​
លោក ​អ៊ឹ​ម ​សុភឿន​អនុ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាន​ឲ្យ​ដឹង​ថាផ្លែ​មៀន​ត្រូវ​បាន​ចាត់​ទុក​ជា​​ផលិតផល​​កសិកម្ម​ដ៏​សំខាន់​នៅ​ក្នុង​ខេត្ត​នេះ​។​
តួលេខ​បាន​ពី​​មន្ទីរ​កសិកម្ម​ខេត្ត​បាន​​បង្ហាញ​ថាកសិករ​​បាន​បង្កើន​ការ​ដាំដុះ​ដើម​មៀន​ដល់​៣ ៩៨៣,​៥ ​ហិកតា​កាល​​ពី​ឆ្នាំ២០១៨​ កើន​ឡើង​២៤,​៤ ​ភាគរយ​ធៀប​នឹង​៣ ២០១ ​ហិកតា​កាល​ពី​ឆ្នាំ​២០១៧​។របាយ​ការណ៍​នេះ​បង្ហាញ​ថាកាល​ពី​ឆ្នាំ​មុន​ទិន្នផល​សរុប​បាន​​កើន​ឡើង​ដល់​៣ ៩៩៧​តោន​ដែល​​លក់​ក្នុង​តម្លៃ១ដុល្លារ​ក្នុង១គីឡូក្រាម​។​ ​
លោក​បាន​ថ្លែង​ថា​៖«​បើ​ធៀប​នឹង​ផ្លែ​ឈើ​ផ្សេងផ្លែ​មៀន​រក​ប្រាក់​ចំណូល​បាន​ប្រសើរ​ជាង​ផ្លែឈើ​ផ្សេង​ទៀត​»​។លោក​បន្ត​​ថា​៖«​ប៉ុន្តែ​បច្ចុប្បន្ន​ផ្លែឈើ​នេះ​​នៅ​តែ​​នាំចេញ​ក្រៅ​ផ្លូវ​ការ​ទៅ​​ប្រទេស​ថៃខណៈ​ទិស​ដៅ​ចុង​ក្រោយ​​គឺ​ប្រទេស​ចិន​»។
លោក​អ៊ឹ​ ​សុភឿន​បានឲ្យ​ដឹង​ថាភូតគាម​អនាម័យ​នៅ​តែ​ជា​បញ្ហា​ប្រឈម​​សម្រាប់​ផ្លែ​ឈើ​នេះដើម្បី​ទាក់ទាញ​​ក្រុម​វិនិយោគិន​ផ្ទាល់​ចូល​មក​វិនិ​យោគ​។លោក​បញ្ជាក់​ថា​៖«​​ប្រសិន​បើ​យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​បានយើង​​នឹង​ទាក់ទាញ​ក្រុម​វិនិយោ​គិន​ជា​ច្រើន​និង​បន្ថែម​ចង្វាក់​តម្លៃ​កាន់​តែ​ច្រើន​»។​
លោក​ អ៊ុន​ ថេង​អនុ​ប្រធាន​សហករណ៍​ផលិតផល​ផ្លែ​មៀន​ប៉ៃលិនបាន​ឲ្យ​ដឹង​ថា​ទោះ​បី​ជា​តម្លៃ​រក្សា​ស្ថិរភាព​រហូត​ដល់​​ពេល​នេះ​ក៏​ដោយ​ក៏​បញ្ហា​ប្រឈម​សម្រាប់​វិស័យ​នេះ​គឺ​ទីផ្សារនិង​អាកាស​ធាតុ​។​ ​​
លោក​ថ្លែង​ថា​៖«​យើង​រក​​ប្រាក់​ចំណេញ​បាន​ល្អអ្នក​ទិញ​របស់​យើង​​គឺ​ប្រទេស​ចិន​ដែល​​តាម​រយៈ​ប្រទេស​ថៃដូច្នេះ​វា​មាន​ការ​បារម្ភ​បន្តិច​បន្តួច​សម្រាប់​ពួក​យើង​ ប្រសិន​បើ​ព្រំដែន​ត្រូវ​បាន​បិទ​នៅ​ពេល​នោះ​យើង​នឹង​ប្រឈម​នឹង​វិបត្តិ​»។
លោក​​​បន្ត​ថា​៖«​ប្រសិន​បើ​យើង​អាច​គ្រប់គ្រង​ទីផ្សារ​ប្រកប​ដោយ​ស្ថិរភាពនិង​មាន​ទឹក​ស្រោចស្រព​ត្រឹមត្រូវ​សម្រាប់​កសិដ្ឋាន​យើង​​រក​ប្រាក់​ចំណេញ​បាន​ច្រើន​ និង​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​របស់​យើង​»​​​។​
សហករណ៍​​ផលិតផល​ផ្លែ​មៀន​ប៉ៃលិន​មាន​​សមាជិក២៣៦​គ្រួសារដែល​កាន់កាប់​ផ្ទៃដី​៩៩០ហិកតា។កាល​ពី​ឆ្នាំ​មុនសហករណ៍​នេះ​​ផលិត​​ផ្លែមៀន​បាន៣ ៥០០ ​តោននិង​រំពឹង​ថានឹង​ផលិត​បាន​រហូត​ដល់​៧ ០០០ ​តោន​សម្រាប់​ឆ្នាំ​នេះ​។​​លោក​លើក​ឡើង​ថា​៖«​អ្នក​ទិញ​ជា​ជនជាតិ​ចិន​បាន​បង្កើត​ការិយាល័យ​​រួច​ហើយ ដើម្បី​ទិញ​ពី​ពួក​យើង​ទាំង​អស់​​ក្នុង​តម្លៃ​ល្អ​»។​
លោកស្រេង​ ស្រៀង​កសិករ​ដាំ​មៀន​មួយ​រូបដែល​មាន​ផ្ទៃដី​ដាំដុះ​៧,​៥ ​ហិកតា​សប្បាយ​រីករាយ​ជា​មួយ​ទីផ្សារ​បច្ចុប្បន្ន​ដោយ​ថ្លែង​ថាលោក​នឹង​ប្រមូល​​​ផល​បាន​ ២៧ ​តោន​នៅ​ក្នុង​រដូវ​ប្រមូល​ផល​នេះខណៈ​ឆ្នាំ​មុន​លោក​ទទួល​បាន១៨​តោន។​ ​
លោក​បញ្ជាក់​ថា​​៖«​ចម្ការ​​មៀន ផ្ដល់​​ប្រាក់​ចំណេញ​ច្រើន​ជាង​ផ្លែ​ឈើ​ផ្សេង​ប្រសិន​បើ​យើង​អនុវត្ត​តាម​ការ​ណែនាំនិង​​បច្ចេក​ទេស​ដាំដុះ​បន្ទាប់​មក​យើង​ទទួល​បាន​​ផលិតផល​និង​ប្រាក់​ចំណេញ​ខ្ពស់​»។
លោក​បន្ត​​ថា​៖«​ខ្ញុំ​រីករាយ​នឹង​តម្លៃ​​​ពេល​នេះ​វា​​មិន​ត្រូវ​ការ​រយៈ​ពេល​​​យូរ​នោះ​ទេពេល​នេះ​​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​​លើ​ទឹកដោយ​សារ​​វា​ជា​រដូវ​ប្រាំង​»​៕