សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង នៅ​ឃុំ​ប៊ូ​ស្រា​ប្រតិកម្ម​ជាមួយ​ទូត​បារាំង​មិន​ព្រម​ចេញ​ទិដ្ឋាការ​ឲ្យ​ទៅ​តតាំង​ក្តី​

(​ភ្នំពេញ)៖ សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង នៅ​ឃុំ​ប៊ូ​ស្រា ខេត្ត​មណ្ឌល​គី​រី បានធ្វើ​ការតវ៉ា និង ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​លើ​កន្លែង​ប៉ះពាល់​សិទ្ធិ​ទំនៀមទម្លាប់​និង​ប្រពៃណី​មុខរបរ​ប្រពៃណី​ដែល​សហគមន៍​របស់​ពួកគាត់​បាននិង កំពុង​ប្រតិបត្តិ​និង​ដូចដែល​បានទទួល​ស្គាល់​ដោយ​សហគមន៍​របស់​ពួកគាត់​ច្បាប់​កម្ពុជា​និង​ច្បាប់​អន្តរជាតិ ។ ការទាមទារ​ នេះនៅក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈនេះ​។​

​លោក​ គ្រោង តុលា សមាជិក​សហគមន៍​បាន​ថ្លែងថា “​សមាជិក​យើង​ខ្លះ​នៅ​កំពុងតែ​ប្រឈមមុខ​នឹង​បណ្តឹង ព្រហ្មទណ្ឌ​នៅ​តុលាការ​នៅឡើយ។ ​សមាជិក​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​ចំនួន ១១៤នាក់ ​បានដាក់​ពាក្យបណ្តឹង​រដ្ឋ​ប្បវេ​ណី​ទាមទារ​សំណង​លើ​ការខូចខាត និង​ជំងឺ​ចិត្ត ពី​ក្រុមហ៊ុន BOLLORÉ Groupe នៅ​ប្រទេស​បារាំង ដោយសារតែ​ក្រុមហ៊ុន​នេះ​បាន​បង្ក​ឲ្យ​យើងខ្ញុំ​បាត់បង់​សិទ្ធិ​លើដី​ធ្លី បាត់បង​ប្រពៃណី ទំនៀមទម្លាប់​ចាប់តាំងពី​ក្រុមហ៊ុន Socfin-KCD មកដល់​ភូមិដ្ឋាន​របស់​យើងខ្ញុំ​។ យើងខ្ញុំ​បានដាក់​ពាក្យ បណ្តឹង​តាមរយៈ​មេធាវី​នៅ​ប្រទេស​បារាំង​ឈ្មោះ Mr Fiodor Rilov ដែល​បានទទួល​អាណត្តិ​ដើម្បី តំណាង​យើងខ្ញុំ​នៅក្នុង​នីតិវីធី​តុលាការ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ។ យើងខ្ញុំ​បានទទួល លិខិតអញ្ជើញ​ជា​ផ្លូវការ​ពី​ចៅក្រម​ដើម្បី​ចូលរួម​សវនាការ​បឋម​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ម៉ោង១១:៣០នាទីព្រឹក​នៅ​សាល​សវនាការ ណាន់​ទែ​រ (The Tribunal of Nanterre )។


​នៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ យើងខ្ញុំ​ទាំង ៩នាក់​បាន​ទៅធ្វើ​ការសម្ភាសន៍​នៅ​ស្ថានទូត​បារាំង​នៅ​រាជធានី​ភ្នំពេញ។ បន្ទាប់ពី​បាន​សម្ភាសន៍ យើ​ខ្ញុំ​បានទទួល​ការណែនាំ​ពី​មន្ត្រី​ស្ថាន ទូត​ថា​យើង​ខ្វះ​ពីរ​ឯកសារ​ទៀត ទីមួយ​គឺ​ការធានារ៉ាបរង​សុខភាព និង​ទី​ពីរ គឺ​លិខិតធានា​ផ្នែក ហិរញ្ញវត្ថុ​សម្រាប់​ការ​ស្នាក់​នៅក្នុង​ក្រុងប៉ារីស គឺ​ថែម​តែ​ប៉ុណ្ណឹង​ទៀត​គ្រប់គ្រាន់​ហើយ។ យើងខ្ញុំ បាន​ប្រញាប់ប្រញាល់​ទិញ​ការធានារ៉ាប់រង​សុខភាព​ពី​ក្រុមហ៊ុន ហ្វ​ត​តេ (Forte) និងបាន​ដាក់ជូន​ស្ថានទូត​រួចហើយ ហើយ​មេធាវី​នៅ​បារាំង​ក៏បាន​ផ្ញើរ​លិខិតធានា​ការគាំទ្រ​ហិរញ្ញវត្ថុ​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ២០១៩ ផ្ញើរ​ទៅ​អគ្គ​កុងស៊ុល​តាម​ការតម្រូវ​របស់​ស្ថានទូត​បារាំង​រួចហើយ​។​

​នៅ​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ យើងខ្ញុំ​បាន​ទៅ​ស្ថានទូត​ទៅយក​លិខិតឆ្លងដែន និងទិដ្ឋាការ (​វី​សា​,Visa)) របស់​យើងតាម​ការ​ណាត់​ក្នុង​វិ​ក័យ​ប​ត្រ​បន្ទាប់ពី​បាន​សម្ភាសន៍ នៅពេលនោះមន្ត្រីស្ថានទូត​បាន​ប្រាប់​យើងខ្ញុំ​ថា គេ​មិន​ឲ្យ​ទិដ្ឋាកា​ដល់​យើងខ្ញុំ​ទាំងអស់គ្នា​ទេ​។​”

​លោក​បន្តថា “​យើងខ្ញុំ​បាន​ទាក់ទង​ទៅ​ស្ថានទូត​ម្តងទៀត ក៏ប៉ុន្តែស្ថានទូត​នៅតែ​រក្សា​សេចក្តីសម្រេចរបស់​ស្ថានទូត​នៅ​ដ៏​ដែល ដោយ​មិន​ព្រម​ចេញ​ទិដ្ឋាការ ឲ្យ​យើងខ្ញុំ​ដើម្បី​អាចធ្វើ​ដំណើរ​ទៅ ប្រទេស​បារាំង​ជួប​ផ្ទាល់​មុខ​ជាមួយ​ចៅក្រម​ក្នុង​សវនាការ​តាម​ដីកាកោះ ដែល​បានចេញ​ចុះ​ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៩ ដែល​ដីកា​នោះ​ត្រូវបាន​ដាក់ជូន ភ្ជាប់​ជាមួយ​ពាក្យសុំ​ទិដ្ឋាកា​របស់ ខ្ញុំរួចហើយ ។​

​ប្រសិនបើ​ស្ថានទូត​បារាំង​បានចេញ​ទិដ្ឋាការ​ឲ្យ​យើងខ្ញុំ​ទាំងអស់គ្នា ម្លេះ​ថ្ងៃនេះយើង​បាននិង​កំពុង​ស្ថិតក្នុង​បន្ទប់​វនា​ការ​ជាមួយ​ចៅក្រម​នៅ​ប្រទេស​បារាំង ជាមួយ​មេធាវី​របស់​យើងខ្ញុំ និង មិន​បានធ្វើ​សន្និសីទកាសែត​នៅថ្ងៃនេះ​នៅ​រាជធានី​ភ្នំពេញ​ទេ។​
​យើងខ្ញុំ​យល់ថា ការបដិសេធ​ទិដ្ឋាការ មិន​ចេញ​ឲ្យ​យើងខ្ញុំដូចដែល​បានសម្រេច​ដោយស្ថានទូត​បារាំង និង ការមិនអាច​ទៅ​ចូលរួម​ក្នុង​សវនាការ​របស់​យើងខ្ញុំ​ក្នុងប្រទេស​បារាំង​បាន​បង្ក​ឲ្យ​មានការ​ខូចខាត​និង​ឈឺចាប់​បន្ថែមទៀត បន្ទាប់ពី​ពួកយើងខ្ញុំ​បាន​បាត់បង់​សិទ្ធិ​លើដី​ធ្លី របស់​យើងខ្ញុំ​រួចហើយនោះ។


​សិទ្ធិ​របស់​យើងខ្ញុំ​ក្នុង​ការទទួល​បានការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ប៊ុល​ឡឺ​រ៉េ​ និង​ក្រុមហ៊ុន​សក់​ហ្វិ​ន (BOLLORE and Socfin-KCD) ត្រូវបាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយការបដិសេធ​ទិដ្ឋាកា​នេះ។ យើងខ្ញុំ​មានការ​សោក ស្តាយយ៉ាងខ្លាំង និង​យល់ថា សិទ្ធិ​របស់​យើងក្នុង​ការរក​យុ​ត្តិ​ធ៌​ម មិនគួរ​ត្រូវបាន​រារាំង​តាមរយៈ​នីតិវិធី​រដ្ឋបាល​នោះឡើយ។​
​យើងខ្ញុំ​សង្ឃឹមថា ស្ថានទូត​បារាំង​ក្នុង​រាជធានី​ភ្នំពេញ លើក​កំពស់​សិទ្ធិមនុស្ស ស្របតាមសេចក្តី​ថ្លែង​ការជាស​កល​ស្តីពី​សិទ្ធិមនុស្ស សេចក្តីប្រកាស​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម ភាគតិច និង ពិចារណា​ឡើងវិញ​នូវ​ការសម្រេច​របស់ខ្លួន​ដែល​បាន​បដិសេធ​ពាក្យសុំ​ទិដ្ឋាកា និងផ្តល់​ឲ្យ​វិញ​នៅពេល​ក្រោយ​តាម​កាលបរិច្ឆេទ​ដែល​នឹងត្រូវ​កំណត់​សារជាថ្មី​ដោយ​លោក​ចៅក្រម​។​

​ជំហាន​បន្ទាប់​ទៀត យើងខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​សមាជិក​ដែល​បានដាក់​ពាក្យបណ្តឹង និងបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ជាមួយ​មេធាវី​របស់​យើងខ្ញុំ ដើម្បី​ទាមទារ​រក​យុ​ត្តិ​ធ៌​ម​សម្រាប់​យើងខ្ញុំ​នាបច្ចុប្បន្ន​និង​សម្រាប់​អ្នកជំនាន់ក្រោយ ស្របតាម​ច្បាប់ និង​ក្បួនខ្នាត​ប្រពៃណី ដែល​ត្រូវ​បានទទួលស្គាល់​ដោយ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងច្បាប់​អន្តរជាតិ​ពាក់​ព​ន្ធ័​នឹង​សិទ្ធិ​របស់​ជនជាតិ ដើម​ភាគតិច ៕​”​