ម៉ារីម៉ា និយាយបកចំៗ​ទៅ​អ្នកស្អប់ខ្លួនទាំងឡាយ​ឲ្យ​ភ្លឺភ្នែក

ក្នុង​នាម​ជា​តារា​ ក្រៅពី​អ្នក​ស្រឡាញ់​ចូលចិត្ត​ ក៏​នៅ​មាន​អ្នក​ដែល​មិន​ពេញ​ចិត្ត​ជា​ច្រើន ប៉ុន្តែ​នេះ​ជា​ទស្សនៈ​របស់​មនុស្ស​ម្នាក់ៗ​ ដែល​តែង​កើត​មាន​មិន​ថា​នៅ​ទីណា​ទេ។

ជាក់​ស្ដែង​សម្រាប់​កំពូល​តារា​ស្រី​របស់​ហ្វីលីពីន​ Marian Rivera ឫ​ម៉ារីម៉ា​ ក៏​មិន​ខុស​ពី​តារា​ល្បី​ផ្សេង​ទៀត​ដែរ។ បើ​ទោះ​នាង​មាន​ប្រជាប្រិយភាព​ខ្លាំង​ក៏​ដោយ​ ក៏​នៅ​មាន​អ្នក​ខ្លះ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ ព្រម​ទាំង​និយាយ​ពាក្យ​មិន​ល្អ​ពី​នាង​ដូចគ្នា។

ទាក់ទង​នឹង​បញ្ហា​នេះ​ ម៉ារីម៉ា​ បាន​និយាយ​ថា​ ជា​រឿង​ល្អ​ប្រសិន​ ធ្វើ​មិន​ខ្វល់​នឹង​អ្នក​ដែល​គិត​មិន​ល្អ​ទាំង​នោះ​ ដោយ​ងាក​មក​ផ្ដោត​លើ​ការងារ​ និង​អ្វី​ដែល​ល្អៗ​វិញ​ នោះ​ទើប​ជា​រឿង​ប្រសើរ​ និង​មានន័យក្នុង​ជីវិត។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ក៏​ពេល​ខ្លះ​យើង​គួរ​ងើប​ឈរ​ តតាំង​នឹង​ពួកគេដើម្បី​ការពារ​ខ្លួន​យើង​ដែរ។

តារា​ស្រី​កូន ១​រូបនេះ ក៏​បាន​និយាយ​ដែរ​ថា​ ត្រូវ​ចេះ​រក្សា​ក្ដី​ស្រឡាញ់​របស់​អ្នក​ដែល​ស្រឡាញ់​យើង​ពិត។ ពួកគេ​គឺ​ជា​កម្លាំង​ចិត្ត​​ និង​ថាមពល​ពិត​ប្រាកដ​ក្នុង​ជីវិត​របស់​យើង។

ទោះ​ជា​យ៉ាង​ណា​ជីវិត​ តែង​មាន​រឿង​កើត​ឡើង​គ្រប់​បែប​យ៉ាង​ តែ​ក៏​មិន​ត្រូវ​ទោរទន់​ពេក​ដែរ។ ជា​រឿង​ធម្មតា​ដែល​មនុស្ស​ម្នាក់​ មាន​អ្នក​មិន​ចូលចិត្ត​ ព្រោះ​គ្មាន​អ្នកណា​ល្អ​គ្រប់ដប់ទេ តែ​ត្រូវ​ធ្វើ​យ៉ាងណា​រស់នៅ​ឲ្យបាន​ល្អ​ និង​ផ្ដោត​លើ​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​ជីវិត​ នោះ​ទើប​ជា​រឿង​ប្រសើរ៕ប្រភព សប្បាយ