CMAC រកឃើញ​គ្រាប់បែក​ប្រភេទ​M117 ទម្ងន់​ជាង​៣០០​គីឡូក្រាម នៅ​ខេត្តកំពង់ស្ពឺ​

​ភ្នំពេញ​៖ ម​ជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា ហៅ​កាត់​ថា CMAC បាន​រកឃើញ​គ្រាប់បែក​ប្រភេទ M117 ទម្ងន់​ជាង​៣០០​គីឡូក្រាម ក្នុងស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១១ កុម្ភៈ ឆ្នាំ​២០១៩​។ គ្រាប់បែក​ប្រភេទ​នេះ ត្រូវបាន​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ អះអាងថា ជា​គ្រាប់បែក​ដែល​បាន​បន្សល់ទុក​កាលពី​សម័យ​សង្គ្រាម​ទម្លាក់​ដោយ​យន្តហោះ​របស់​អាមេរិក​។

លោក ហេង រតនា បានបញ្ជាក់​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដូច្នេះ «​បងប្អូន​ជីកដី​ឃើញ​គ្រាប់បែក​ដែល​ទម្លាក់​ក្នុងសម័យ​សង្គ្រាម មានការ​ភ្ញាក់ផ្អើល និង​ភ័យខ្លាច​! កម្លាំង​ស៊ីម៉ាក់​បានកំណត់​ប្រតិ​ប​តិ្ត​ការ និង​យកចេញ​នៅ​ថ្ងៃ​១២ ខែកុម្ភៈ​នេះ បន្ទាប់ពី​បាន​ពិនិត្យ​ស្ថានភាព​លក្ខណ​:​បច្ចេកទេស គ្រាប់បែក​នេះ​រួច​កាលពី​ម្សិលមិញ​»​។​

​រហូតមកដល់​ពេលនេះ អាជ្ញាធរ​មីន បាន​កម្ទេចចោល​នូវ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ជាង​១​លាន​គ្រាប់​។ មីន​ប្រឆាំង​រថក្រោះ​ជាង​២​ម៉ឺន​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ជិត​៣​លាន​គ្រាប់​។ ដោយឡែក ជនរងគ្រោះ​ដោយសារ​មីន បាន​ធ្លាក់ចុះ​ពី​៤,៣២០​នាក់ ក្នុង​ឆ្នាំ​១៩៩៦ មក​ត្រឹម​៥៨​នាក់​ក្នុង​ឆ្នាំ​២០១៧៕