លោក ឌូ​ទើ​តេ ចង់​ប្ដូរ​ឈ្មោះ​ហ្វីលីពីន​ទៅជា «​មហា​លីកា​» ?

ហ្វីលីពីន ​៖ ​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ បានបង្ហាញ​ជំហរ​ផ្លាស់ប្ដូរ​ឈ្មោះ​ប្រទេស​ដោយ​ឈប់​ហៅថា ហ្វីលីពីន (Phillippines) ទៀត​។ លោក ឌូ​ទើ​តេ ចាត់ទុក​ឈ្មោះ​បច្ចុប្បន្ននេះ​ជា​កេរដំណែល​សល់​ពី​អាណានិគម​អេ​ស្ប៉ា​ញ និង​មិន​ជាប់ទាក់ទង​អ្វី​នឹង​អត្តសញ្ញាណ​ប្រទេស​ឡើយ​។ សម្រាប់​ឈ្មោះ​ប្រទេស​ថ្មី លោក​គាំទ្រ​គំនិត​របស់​អតីត​មេដឹកនាំ​ផ្ដាច់ការ ហ្វែ​ឌី​ណង់ ម៉ា​កូ​ស ដែល​ចង់​ប្ដូរ​ឈ្មោះ​ទៅជា មហា​លីកា (Maharlika) ។​

​នៅ​ហ្វីលីពីន ពាក្យ​មហា​លីកា​នេះ សំដៅ​ដល់​វណ្ណៈ​អ្នក​ប្រយុទ្ធ​ក្នុង​សម័យកាល Tagalog បុរាណ​នៅលើ​កោះ Luzon ប៉ុន្តែ​ក្នុង​សម័យកាល​ទំនើប​នេះ​មានន័យ​ពាក់ព័ន្ធ​នឹង​អភិជន​វិញ​។ សម្រាប់​ឬ​សគល់​ម៉ា​ឡេ​វិញ លោក ឌូ​ទើ​តេ បកស្រាយ​ថា ឥស្លាម​បាន​ចូលដល់​ហ្វីលីពីន​មុន​ការមកដល់​របស់​អេ​ស្ប៉ា​ញ​ទៅទៀត ហើយ​ជនជាតិ​ហ្វីលីពីន​មាន​ដើមកំណើត​ម៉ា​ឡេ​ដែរ ប៉ុន្តែ​សកម្មភាព​របស់​អាណានិគម ធ្វើ​ឲ្យ​អត្តសញ្ញាណ​ម៉ា​ឡេ​បាត់បង់​៕