បក្សនយោបាយធំមួយនៅប្រទេសថៃ «គ្មានសង្ឃឹមថា ការបោះឆ្នោតអាចធ្វើឡើងក្នុងឆ្នាំ២០១៨» ប៉ុន្តែអំពាវនាវ​ឲ្យបក្សធំៗរួមកម្លាំងគ្នា…

(បាងកក)៖ អតីត​មេដឹកនាំគណបក្សនយោបាយ​ដ៏ធំមួយនៃប្រទេសថៃ គឺបក្ស​ប្រជាធិបតេយ្យ បានលើកឡើង​នាសប្តាហ៍នេះថា រូបលោក​ពុំមានជំនឿចិត្តថា ការបោះឆ្នោត​ថ្នាក់ជាតិ នឹងត្រូវបានប្រារព្ធ​ឡើងនាឆ្នាំនេះ​ឡើយ ហើយអ្នក​នយោបាយ​ជើងចាស់​រូប​នេះ ក៏បានបង្ហាញក្តី​ប្រាថ្នាផងដែរថា ចង់ឃើញ​គណបក្សនយោបាយ​ធំៗ​ក្នុងប្រទេស រួមកម្លាំង​សាមគ្គីគ្នា ដើម្បី​ស្តារ​​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​​​ឡើង​​​វិញ ជាជាងទៅចូល​រួមជាមួយ និងរដ្ឋាភិបាលយោធា​សព្វថ្ងៃ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មាន​ The Nation នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០១៨។

លោក Pichai Rattakul អតីតប្រធានបក្ស​ប្រជាធិបតេយ្យ​នៃប្រទេសថៃ ក៏បានសង្កត់ធ្ងន់​ផងដែរថា ពុំមាន​នរណាម្នាក់​នៅក្នុង​បក្ស​​ប្រជាធិបតេយ្យ​ចង់ចាប់ដៃជាមួយ​ពួកយោធា ដើម្បី​បង្កើតរដ្ឋាភិបាល​ចម្រុះមួយ នៅក្រោយ​ការបោះឆ្នោត​ឡើយ ដែលការបោះ​ឆ្នោត​​នេះ​ត្រូវបាននាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានកំណត់​វេលា​ក៏ដូចជា​សន្យាថា នឹងប្រព្រឹត្តទៅនា​ខែវិច្ឆិកា ឆ្នាំ២០១៨។

អ្នកនយោបាយ​ជើងចាស់វ័យ ៩១ឆ្នាំ រូបនេះ​ក៏បានបញ្ជាក់​ដែរថា រូបលោក​ពុំគិតថា នឹងអាចមើលឃើញ​ការវិលត្រឡប់​មកវិញ នៃ​លទ្ធិ​ប្រជាធិបតេយ្យ នៅក្នុងអំឡុង​នៃអាយុជីវិតដែល​ជិតផុតរលត់របស់​លោកនេះ​ឡើយ ហើយ​លោក Pichai ពុំមានជំនឿថា ការ​បោះឆ្នោត​ថ្នាក់ជាតិ​ដែលលោក ប្រាយុទ្ធ បាន​សន្យានោះ នឹងអាចកើតមាន​ឡើងនាឆ្នាំនេះ​ឡើយ។

លោក Pichai Rattakul បានបន្ថែមថា ដោយសម្អាង​ទៅលើរដ្ឋធម្មនុញ្ញ ដែលទើបត្រូវបាន​ធ្វើវិសោធនកម្ម និងសមាជិកព្រឹទ្ធសភា​​ទាំង ២៥០នាក់ ដែលត្រូវបានតែងតាំង​ផ្ទាល់ដោយ​រដ្ឋាភិបាលយោធា វាហាក់ដូចជា​បុគ្គលដែលកំពុង​ក្តោបក្តាប់អំណាច​ នៅក្នុង​ដៃ​ទាំងនោះ ចង់នៅបន្តការដឹកនាំ​របស់ពួកគេ តទៅមុខយូរអង្វែងទៀត។

លោក Pichai បានបញ្ជាក់ជាចុងក្រោយដូច្នេះថា «វាពុំមានមធ្យោបាយ​ណា ដែលគណបក្ស​នយោបាយ អាចយកឈ្នះលើឥទ្ធិពល​ដែលបានចាក់ឬសគល់យ៉ាងរឹងមាំដូច្នេះឡើយ លុះត្រាតែពួកគេរួមកម្លាំងគ្នា ដើម្បីធ្វើយ៉ាងដូច្នោះ។ ប៉ុន្តែវាពិតជារឿងដ៏លំបាក ពី​​ព្រោះ​តែ​បក្សប្រជាធិបតេយ្យ និងបក្សភឿថៃ ដែលជាគណបក្ស​នយោបាយធំៗទាំង ២ នៅប្រទេសថៃ ធ្លាប់មានប្រវត្តិសាស្រ្ត​​ដ៏ជូ​រចត់រវាងគ្នា ប៉ុន្តែគ្មានជម្រើស​ផ្សេងនោះឡើយ ក្រៅតែពីត្រូវ​ទុកភាពខ្វែងគំនិតគ្នា​មួយឡែកសិន។ បើមិនដូច្នោះទេ ពុំមានវីធីណា​ផ្សេង​ដើម្បីទទួលជ័យជម្នះ នៅក្រោម​របបដឹកនាំ​យោធាបែបនេះ ហើយនិងការបង្កើតរដ្ឋាភិបាល​ ដែលមានភាពប្រជាធិបតេយ្យ​ពេញលេញ​​មួយនោះ​»។

គួរជម្រាបថា​ ប្រទេសថៃ​បានបន្តស្ថិតក្រោមការ​ដឹកនាំបែបយោធា អស់រយៈពេល​ជាង ០៣ឆ្នាំមកហើយ នៅក្រោម​រដ្ឋាភិបាល​ដឹកនាំដោយ​នាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា ដែលបានធ្វើ​រដ្ឋប្រហារទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នៃបក្ស​ភឿថៃ​កាលពីឆ្នាំ២០១៤។ ចាប់តាំងពី​ពេលនោះមក ទោះបីជាការ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​ តាម​លទ្ធិ​​ប្រជាធិបតេយ្យ ត្រូវបានសន្យា​ដោយរដ្ឋាភិបាល​យោធា​ថៃក៏ដោយ កាលបរិច្ឆេទ​ច្បាស់លាស់ ត្រូវបានពន្យាពេល​ជាច្រើន​​លើក៕