អភិបាលខណ្ឌឫស្សីកែវ ដាស់តឿនមន្ត្រីឲ្យរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្រោយដោះស្រាយបញ្ហាប្រឈម ​មិនទាន់មានប្រសិទ្ធភាព

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានដាស់តឿនទៅមន្ត្រី​ឲ្យរាយការណ៍ជាបន្ទាន់ភ្លាមៗ ​រាល់សកម្មភាពទាំងឡាយ មកកាន់នាយក ឬនាយករងរដ្ឋបាល ដែលជាសេនាធិការ ឲ្យគណៈអភិបាលខណ្ឌ ដើម្បីមានវិធានការរៀបចំទាន់ពេល ព្រោះការតែងតាំង ឫផ្ទេរភាកិច្ចមន្ត្រី ដែលចំណុះរដ្ឋបាលខណ្ឌទាំងអស់ គឺត្រូវបានអនុវត្តឡើងមិនមែនអាចធ្វើទៅបាន តាមតែការនឹកឃើញ ដោយគ្មានការស្នើ ឫឯកភាពពីគណៈអភិបាលខណ្ឌនោះឡើយ។

ការគូសបញ្ជាក់បែបនេះរបស់លោក ជា ពិសី បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងកិច្ចប្រជំគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការអញ្ជើញ​ពី លោក ប្រាជ្ញ សីហា និងលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ លោកនាយក លោកនាយករងរដ្ឋបាលខណ្ឌ លោកប្រធានតាមបណ្ដាការិយាល័យជំនាញខណ្ឌ មេបញ្ជាការរង អធិការរង តំណាងមេបញ្ជាការ និងអធិការខណ្ឌ និងប្រធានសណ្ដាប់ធ្នាប់ខណ្ឌ ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំ​នេះ លោក ប្រាជ្ញ សីហា បានថ្លែងថា រយៈពេលកន្លងមកនេះ​ទាំងការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ ល្បែងសីុសង និងបញ្ហាគ្រឿងញៀន ដែលជាកត្តាប្រឈម ក្នុងការអនុវត្តទប់ស្កាត់ បង្កាបង្ក្រាបជាប្រចាំ ឃើញថាមិនទាន់មានភាពល្អប្រសើរឡើយ ព្រោះក្នុងករណី​អភិបាលរង​ខណ្ឌ មានការងារច្រើនបន្ទាន់ អវត្តមានលើការដឹកនាំកិច្ចប្រជុំ ឬដឹកនាំប្រតិបត្តិការផ្សេងៗក្ដី តំណាងឲ្យអភិបាលខណ្ឌ ចាំបាច់ណាស់ទាមទារឲ្យមានត្រឹម នាយករងរដ្ឋបាលខណ្ឌ ជាអ្នកដឹកនាំ​ប្រសិនជានាយករដ្ឋបាលខណ្ឌ ដែលជាសេនាធិការឲ្យគណៈអភិបាលខណ្ឌអវត្តមាន ដោយប្រការណាមួយ ដើម្បីពង្រឹងឡើងវិញលើការរៀបចំសេនាឌីយោឲ្យកាន់តែរឹងមាំជាងមុនបន្ថែមទៀត។

តាមការឯកភាពលើកឡើងរបស់លោក ប្រាជ្ញ សីហា, លោក ជា ពិសី បានសង្កត់ធ្ងន់ៗថា ចាប់ពីពេលនេះតទៅ​ចំពោះផែនការទាំងឡាយ ត្រូវដាក់ចេញ ជាកាលវិភាគជាប្រចាំ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព លើគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ក្នុងមួយសប្ដាហ៍ត្រូវធ្វើពីរដង ទាំងក្នុងកិច្ចជាមួយអាជ្ញាធរសង្កាត់ ដើម្បីដោះស្រាយរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ ទប់ស្កាត់ បង្ការបង្ក្រាបជាប្រចាំ រាល់បទល្មើសល្បែងសីុសង និងបញ្ហាគ្រឿងញៀន ដែលជាកត្តាប្រឈម​សម្រាប់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

លើសពីនេះ លោក ជា ពិសី បានថ្លែងថា ក្រៅពីបញ្ហាខាងលើដែលត្រូវរួមគ្នាដោះស្រាយជាបន្តបន្ទាប់ សូមឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ងាកមកចាប់អារម្មណ៍ ជាមួយបញ្ហាសេវាតម្រូវការ ឫជាសេវា​លើការផ្ដល់សៀវគ្រួសារ សៀវភៅស្នាក់នៅ ឫអត្តសញ្ញាណ្ណប័ណ្ណ ឲ្យកាន់តែមានទំនុកចិត្តជឿជាក់ និងស្ងើចសរសើរពីសំណាក់ប្រជាពលរដ្ឋ​មកកាន់អាជ្ញាធរ។

ជាចុងក្រោយលោក ជា ពិសី បានគូសបញ្ជាក់ថា ពេលដែលឃើញរាល់គ្រប់សកម្មភាព នៃការផុសផ្សាយ​ទាំងឡាយផ្ទាល់លើហ្វេសប៊ុក ផេក របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា មន្ត្រីទាំងអស់គួរតែនាំគ្នា Like និង Share ភ្លាមៗឲ្យបានច្រើន ព្រោះគ្មានត្រូវចំណាយពេលច្រើន ក្នុងការធ្វើនោះទេ​សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន​នាសម័យនេះ៕​