ជប៉ុន​ផ្ដល់​សម្បទាន​ជិត ៦០​ម៉ឺន​ដុល្លារ សម្រាប់​វិស័យ​អប់រំ​នៅ​កម្ពុជា

​(ភ្នំពេញ) ៖ រដ្ឋាភិបាល​ជប៉ុន​តាម​រយៈលោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គ​រាជ​ទូ​វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​ ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា បានផ្ដល់​ជំនួយឥតសំណង ជា​ទឹកប្រាក់​ចំនួន​ ៥២៩,០៦៨​ដុល្លារ ដល់​អង្គការ​សន្តិ​ស្ម័គ្រចិត្ត សម្រាប់​គម្រោង​ម​ត្តេ​យ្យ​សិក្សា​ធនធាន​គំរូ ផ្ដោតលើ​បណ្ណាល័យ ដែល​ស្ថិតនៅ​ខេត្តបាត់ដំបង ។​

​ការផ្តល់​នេះ ធ្វើឡើង​ក្នុង​ពិធី​ចុះហត្ថលេខា នា​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ក្នុង​គម្រោង​នេះ អង្គការ​សន្តិ​ស្ម័គ្រចិត្ត មានគោលបំណង​ធ្វើ​ឲ្យ​ប្រសើរឡើង នៃ​គុណភាព​ការអប់រំ​កុមារ​តូច តាមរយៈ​ការបង្កើត​សា​លាម​ត្តេ​យ្យ គំរូ​បំពាក់​ ដោយបណ្ណាល័យ និង​ការបង្កើន​សមត្ថភាព​គ្រូម​ត្តេ​យ្យ​សិក្សា និង​បណ្ណារក្ស​នៅ​ក្រុង​បាត់ដំបង​។​

​តាមរយៈ​គម្រោង​នេះ ជាពិសេស​កុមារ​ប្រហែល ៤៥០​នាក់ នៅ​សា​លាម​ត្តេ​យ្យ​សិក្សា​ធនធាន ក្រុង​បាត់ដំបង​នឹង​អាច​ទទួលបាន បរិយាកាស​ល្អប្រសើរ សម្រាប់​អប់រំ​កុមារ​តូច​។ កុមារ​ប្រហែល ១០,០០០​នាក់ នៅ​ខេត្តបាត់ដំបង ត្រូវបាន គេរំពឹងថា នឹង​ទទួលបាន​ការអប់រំ​កាន់តែ​ល្អប្រសើរ​។​

​សូមបញ្ជាក់ថា កម្មវិធី​ផ្ដល់​ជំនួយឥតសំណង សម្រាប់​គម្រោង អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន បានចាប់ផ្ដើម​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០០២ ដើម្បី​គាំទ្រ​ដល់​សកម្មភាព អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ និង ស្ថាបនា​កម្ពុជា​ឡើងវិញ នៅតាម​កម្រិត​មូលដ្ឋាន​។ ចាប់តាំងពី​ឆ្នាំ​២០០២​មក រដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ថវិកា​ជាង​៣៥​លាន​ដុល្លារ ដល់​គម្រោង​ចំនួន​១១៤ ដែល​ផ្ដោត​សំខាន់ ទៅលើ​វិស័យ​អប់រំ​នៅ​កម្រិត​មូលដ្ឋាន វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​សកម្មភាព​បោសសំអាត​មីន​ផងដែរ​៕