នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង​៖ ក្រោម​នយោបាយ​ឈ្នះៗ​សម្តេច​តេ​ជោ ធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​ការរីក​ចម្រើន​និង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​

(​តាកែវ​)៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង បាន​ថ្លែងថា ក្នុង​រយៈពេល​២០​ឆ្នាំ ដែល​កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព ពោល​ក្រោយ​ឆ្នាំ​១៩៩៨ ក្រោម​នយោបាយ​ឈ្នះៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​នាំមក​នូវ​ការរួបរួម​ខ្មែរ​តែមួយ និង​បញ្ចប់សង្គ្រាម​ជា​ស្ថាពរ បានធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ។​

​ថ្លែង​នៅ​ចំពោះមុខ​អ្នកចូលរួម​ប្រមាណ​ជាង​១​ពាន់​នាក់ នៅក្នុង​ពិធី​កាត់​ឬ​សសី​មា​ព្រះវិហារ​ថ្មី និង​សម្ពោធ​សមិទ្ធិផល​នានា​ក្នុង​វត្ត​ចំណោម ស្ថិត​ក្នុងស្រុក​ព្រៃកប្បាស ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី១២ ខែកុម្ភៈ ឆ្នាំ​២០១៩ នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ បាន​មានប្រសាសន៍​បន្តថា ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា គឺ​មិន​ដែលមាន​សុខសន្តិភាព​នោះទេ និយាយ​ជារួម​គឺជា​ច្រើន​រយ​ឆ្នាំ​មកហើយ ដែល​កម្ពុជា​តែងតែមាន​សង្គ្រាម ប៉ុន្តែ​ទំព័រ​ប្រវត្តិ សាស្ត្រ​ថ្មី​បាន​កែប្រែ ដែល​នាំ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែលមាន​សន្តិភាព​ពេញលេញ​នៅ​ទូទាំងប្រទេស​នៅ​ឆ្នាំ​១៩៩៨ ដែល​ធ្វើ​ឲ្យ​កម្ពុជា​មានលទ្ធភាព និង​ឱកាស​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​ប្រែប្រួល​យ៉ាង​ឆាប់ រហ័ស។ កា​រីកចម្រើន​នេះ​វា​ពិតជា​មិនអាច​កើតមានឡើង​ទេ​ប្រសិនបើ​គ្មាន​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ ហ៊ុន សែន ដែលជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង បាន​មានប្រសាសន៍​បន្តថា សុខសន្តិភាព​នេះ​វា​ពិតជា​ពិបាក​រកបាន​ខ្លាំងណាស់​សម្រាប់​ប្រទេស​នីមួយៗ ហើយ​សន្តិភាព​នេះ​វា​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់ និង​ជា​ផ្នែក​មួយ​សម្រាប់​ជួយ​ឲ្យ​កម្ពុជា ក្លាយទៅជា​ប្រទេស​អភិវឌ្ឍន៍​បាន​ទៅ​ថ្ងៃ​ខាងមុខ ដូច្នោះ​ហើយ​ទម្រាំ​តែ​យើង​បាន​ដើរ​មកដល់​សព្វថ្ងៃនេះ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម​របស់​ជាតិ និង​អ្នកស្នេហាជាតិ​តស៊ូ​ជាច្រើន​នាក់​ទៀត បាន​លះបង់​អាយុជីវិត​ក្នុងការ​ទៅ​ចរចារ​ជាមួយ​អ្នក​ពួក​ខ្មែរក្រហម ដែល​នាំ​ឲ្យ​កម្ពុជា គ្មាន​តំបន់​ត្រួតត្រា​ច្រើន មាន​ខ្មែរ​តែមួយ រស់នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ ។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ផ្តាំផ្ញើ​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជា ប្រជាពលរដ្ឋ​ក្នុងស្រុក​ព្រៃកប្បាស ខេត្តតាកែវ បន្ត​អនុវត្ត​ឲ្យ​ខ្ជាប់ខ្ជួន​នូវ​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​បំរើប្រជាជន និង​ថែរក្សា​ស្ថេរភាព​សង្គម​ទទួលបាន​នូវ​សុខសន្តិភាព​ស្ថិរភាព​នៅ​កម្ពុជា និង​ចូលរួម​ប្រឆាំង​ជាដាច់ខាត​រាល់​ការប៉ុនប៉ង​ទាំងឡាយណា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្ដិសុខ របស់​ប្រជាព​រដ្ឋ និង​សុខសន្តិភាព​នៅ​កម្ពុជា ៕