ក្នុង​រឿង​ ស្រលាញ់​គ្នា​ល្អូកល្អិន តែ​ធាតុ​ពិត​តារា​ហូលីវូដ​ទាំង​នេះ​ស្អប់​គ្នា​ខ្លាំង​ហួស​​ការ​គិត

ទេព​កោសល្យ​​របស់​តារា​​សម្ដែង​​រឿង​ហូលីវូដ​មិន​ត្រឹម​តែ​​មាន​សមត្ថភាព​សម្ដែង​ដើម្បី​យក​ពាន​រង្វាន់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មាន​សមត្ថភាព​សម្ដែង​ជាមួយ​មនុស្ស​ដែល​ពួក​គេ​ស្អប់​ទៀត​ផង។ ប្រាកដ​ណាស់ មាន​រឿង​មួយ​ចំនួន​ដែល​ប្រិយមិត្ត​បាន​ឃើញ​គូ​ស្នេហ៍ ឬ​ក៏​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​ដែល​ស្រលាញ់​គ្នា​ខ្លាំង​ស្ទើរ​លេប ប៉ុន្តែ​ធាតុ​ពិត​នោះ​គឺ​ពួក​គេ​ស្អប់​គ្នា​ខ្លាំង​ជាង​អ្វី​ដែល​ប្រិយ​មិត្ត​នឹក​ស្មាន​មិន​ដល់។

១. តារា​សម្ដែង​ Ryan Gosling និង Rachel McAdams

ស្នេហា​រវាង​តួអង្គ  Noah និង Ally នៅ​ក្នុង​រឿង “The Notebook” បាន​ធ្វើ​ឲ្យ​ទស្សនិកជន​រំភើប​រហូត​ដល់​ស្រក់​ទឹក​ភ្នែក ប៉ុន្តែ​អ្វី​ៗ​ដែល​ទស្សនិកជន​បាន​ឃើញ​នោះ​គឺ​គ្រាន់​តែ​ជា​ការ​សម្ដែង​ប៉ុណ្ណោះ។ អំឡុង​ពេល​ថត​រឿង​មួយ​នេះ តារា​សម្ដែង Gosling ស្អប់​មិត្ត​រួម​ការងារ​នាង​ម្នាក់​នេះ​ជា​ខ្លាំង​រហូត​ដល់​ថ្នាក់​សុំ​អ្នក​ដឹក​នាំ​រឿង​ឲ្យ​ដក​តួ​អង្គ​តារា​សម្ដែង Rachel McAdams ចេញ​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​​ឲ្យ​រក​តួ​ថ្មី​មក​ជំនួស​វិញ។ តែ​ក្រោយ​មក ដូច​ពាក្យ​ចាស់​លោក​ពោល​ថា ស្អប់​ជំពប់​លើ នៅ​ពេល​ដែល​រឿង​នោះ​បាន​ថត​ចប់ ពួក​គេ​ទាំង​២​នាក់​បាន​លង់​ស្រលាញ់​គ្នា ហើយ​ចាប់​ផ្តើម​ទាក់​ទង​គ្នា​អស់​រយៈ​ពេល​៤​ឆ្នាំ។

២. តារា​សម្ដែង Claire Danes និង Leonardo DiCaprio

សម្ដែង​ជា​តួអង្គ “Romeo” តារា​សម្ដែង Leonardo DiCaprio អាច​ជា​បុរស​ម្នាក់​ដែល​ក្មេង​ស្រី​ជំទង់​ជំនាន់​ឆ្នាំ ១៩៩០ ប្រាថ្នា​ចង់​បាន ប៉ុន្តែ​មិន​មែន​ចំពោះ តារា​សម្ដែង Claire Danes​នោះ​ទេ។ តារា​សម្ដែង​ស្រី​រូប​នេះ​គិត​ថា​ការ​សម្ដែង​របស់​​លោក Leonardo ដូច​ជា​កូន​ក្មេង​ហើយ​វា​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​មិន​ល្អ។ នៅ​ពេល​ដដែល​នោះ តារា​សម្ដែង Leonardo បដិសេធ​តប​ទៅ​មិត្ត​រួម​ការងារ​លោក​ម្នាក់​នេះ​វិញ​ថា​នាង​ជា​មនុស្ស​រឹង​ទទឹង​និង​ពិបាក។ ជា​លទ្ធផល បើ​កាមេរ៉ា​មិន​ដំណើរ​ការ​ទេ​នោះ អ្នក​ទាំង​២​គឺ​មិន​និយាយ​រក​គ្នា​នោះ​ទេ។

៣. តារា​សម្ដែង The Rock និង Vin Diesel

តាម​រយៈ​វិប​សាយ TMZ បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង The Rock ធុញ​ទ្រាន់​នឹង​​ការ​សម្ដែង និង​ភាព​យឺតយ៉ាវ​​របស់​​តារា​សម្ដែង Vin Dieselណាស់។ ប្រភព​ផ្សេង​ទៀត​ក៏​បាន​លើក​ឡើង​ដែរ​ថា​តារា​ទាំង​២​​រូប​នេះ​ធ្លាប់​បាន​ឈ្លោះ​គ្នា​លើ​កញ្ចក់​ទូរទស្សន៍​ថែម​ទៀត​ផង។

៤. តារា​សម្តែង Channing Tatum និង Alex Pettyfer

ចរិត​រួស​រាយ​រាក់​ទាក់​ក៏​ពិត​មែន​ ប៉ុន្តែ​តារា​សម្ដែង Channing Tatum មិន​ចូល​ចិត្ត​ដៃ​គូ​រួម​ការងារ លោក​ Alex Pettyfer នោះ​ទេ។ ដូច្នេះ​ហើយ​បាន​ជា​តារា​សម្ដែង Alex មិន​មាន​វត្តមាន​​នៅ​ក្នុង​ផ្នែក​ទី​២​នៃ​រឿង “Magic Mike,”។

៥. តារា​សម្ដែង Bill Murray និង Lucy Liu

មាន​ពាក្យ​ចចាម​អារ៉ាម​ថា​តារា​សម្ដែង Lucy Liuមាន​ជម្លោះ​ជាមួយ​តារា​សម្ដែង Bill Murray នៅ​ក្នុង​រឿង  “Charlie’s Angels” ក្រោយ​ពី​លោក Bill បាន​រិះ​គន់​នាង​ថា​មិន​ចេះ​សម្ដែង។ ក្រោយ​មក នៅ​ក្នុង​ភាគ​ថ្មី​​រឿង “Charlie’s Angels: Full Throttle” តារា​សម្ដែង Lucy Liuនៅ​បន្ត​ការ​សម្ដែង​របស់​នាង ខណៈ​លោកBill ត្រូវ​បាន​ផ្លាស់​ប្ដូរ​ដោយ​តារា​សម្តែង Bernie Mac វិញ។

៦. តារា​សម្តែង Lea Michele និង Naya Rivera

ក្នុង​រឿង  “Glee” តារា​សម្ដែង​ទាំង​២​នេះ​ជា​មិត្ត​ល្អ​នឹង​គ្នា។ ប៉ុន្តែ​ដោយ​សារ​តែ​តារា​សម្ដែង Naya មាន​ភាព​លេច​ធ្លោ​ជាង តារា​សម្ដែង Lea ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​ប្រកួត​ប្រជែង។ តារា​សម្ដែង Naya បាន​និយាយ​ថា​ Lea មាន​ការ​ធុញ​ទ្រាន់​នឹង​ការ​រិះ​គន់​របស់​នាង ហើយ​ពួក​គេ​ក៏​មិន​បាន​និយាយ​រក​គ្នា​នោះ​ដែរ​អំឡុង​ពេល​ថត​រឿង​សម្រាប់​រដូវ​កាល​ទី​៦។

៧. តារា​សម្ដែង Jamie Dornan និង Dakota Johnson

នៅ​ក្នុង​រឿង “50 Shades” គូ​ស្នេហ៍​មួយ​គូ​នេះ​ពិត​ជា​ផ្អែម​ល្ហែម​ខ្លាំង ប៉ុន្តែ​ការ​ពិត​វិញ ពួក​គេ​ស្អប់​គ្នា​មិន​ស្ទើរ​នោះ​ទេ។ តាម​រយៈ​ស្ទូឌីយោ​បាន​ឲ្យ​ដឹង​ថា តារា​សម្ដែងDornan និង​មនុស្ស​ផ្សេង​ទៀត​បាន​និយាយ​ថា​តារា​សម្ដែង​ Johnson ធ្វើឫក​ខ្លួន​ឯង​ដូច​ជា​ទេវតា។ ក្រោយ​ពី​រឿង​បាន​បញ្ចប់ តារា​ទាំង​២​ដួង​នេះ​មិន​បាន​និយាយ​រក​គ្នា​នោះ​ទេ៕ប្រភព​សប្បាយ